ពានគ្រូបង្វឹកឆ្នើម ព្រមទាំងពានកីឡាករ និងអ្នកចាំទីល្អជាងគេ ទំនងគេចមិនផុតពីក្លឹបបឹងកេត

មាស សុផាណារ៉ុង October 26, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ បានបញ្ចប់ជាផ្លូវការហើយនៅត្រឹមយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដោយជើងឯកគឺបានទៅ ក្លិបបាល់ទាត់បឹងកេត បន្ទាប់ពីបានស្មើ ១ទល់១ ជាមួយ ក្លិបភ្នំពេញក្រោន នៅថ្ងៃប្រកួតចុងក្រោយ នាំឲ្យមានពិន្ទុស្មើគ្នាជាមួយ ព្រះខ័នរាជស្វាយរៀង ប៉ុន្តែឈ្នះលើរូបមន្តជំនួបជួបគ្នារវាងក្រុមទាំងពីរ (Head to Head) បឹងកេត មានប្រៀបជាង។

ជាមួយគ្នានេះ ពិធីប្រគល់ពាន ឬអាចនិយាយដោយស្រួលថា ពិធីលើកពាននឹងធ្វើឡើងនៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លើវាលស្មើនៃពហុកីឡដ្ឋានជាតិ ចាប់ពីវេលាម៉ោង ៧ល្ងាចតទៅ។

ក្នុងពីធីប្រគល់ពាននោះ ក៏មានពិធីប្រគល់ពានរង្វាន់ឯកត្តជនផងដែរ ដូចជា អាជ្ញាកណ្ដាលល្អជាងគេ, Fair Play, ពានស្រោមដៃមាស (អ្នកចាំទីល្អ), ពានគ្រូបង្វឹកល្អជាងគេ, ពានស្បែកជើងមាស (កីឡាករទាត់ចូលទីច្រើនជាងគេ), ពានរង្វាន់កីឡាករល្អជាងគេ (MVP) ជាដើម ខណៈក្នុងចំណោមនេះ ពានរង្វាន់មួយចំនួនធំអាចនឹងត្រូវក្រសោបបានពីគ្រូបង្វឹក ក៏ដូចជាកីឡាករមកពីក្លិបបឹងកេត។

យោងលើលទ្ធផលនៃការប្រឹងប្រែងរបស់ បឹងកេត ចាបតាំងពីដើមរដូវកាលមក អាចសន្និដ្ឋានបានថា ពានស្រោមដៃមាស (អ្នកចាំទីល្អ), ពានគ្រូបង្វឹកល្អជាងគេ, និង ពានរង្វាន់កីឡាករល្អជាងគេ (MVP) នឹងត្រូវក្រសោបដោយបឹងកេត ពោលគឺ ហ៊ុល គីមហ៊ុយ អាចឈ្នះពានស្រោមដៃមាស ដោយយោងលើការជួយក្រុមបានច្រើន ពីការរារាំងការទាត់របស់គូប្រកួត ហើយភាគច្រើនគឺបាននាំមកនូវលទ្ធផលឈ្នះ ឬយ៉ាងហោចណាស់ស្មើដល់ក្រុម។

ពានរង្វាន់កីឡាករល្អជាងគេ ភាគរយខ្ពស់ជាងគេគឺបានទៅ ម៉ាត់ នូរុណ ដោយសារកីឡាកររូបនេះបានរួមចំណែកធំបំផុត ក្នុងការរកគ្រាប់បាល់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី (assist) ដោយសរុបក្នុងចំណោម ១៦ប្រកួត គេអាចរកគ្រាប់បាល់បាន ១៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី បាន ៨ដង។

ពានគ្រូបង្វឹកល្អជាងគេ អាចនឹងបានទៅលោក គឹម ភក្ដី ដោយសារចាប់តាំងពីលោកចូលមកដឹកនាំបណ្ដោះអាសន្នជំនួស លោក Apisit Im-amphai គឺលោកពុំដែលដឹកនាំក្រុមប្រកួតចាញ់ម្ដងណាឡើយ ពោលគឺដឹកនាំ ១៣ប្រកួត ឈ្នះ ១០ដង និងស្មើ ៣ដង។

ចំពោះពានស្បែកជើងមាស (កីឡាករទាត់ចូលទីច្រើនជាងគេ) នឹងបានទៅកីឡាករ Mbarga Privat បន្ទាប់ពីរកបាន ១៦គ្រាប់ ដាច់ ម៉ាត់ នូរុណ លេខ២ រកបាន ១៥គ្រាប់។

សូមរំឭកថា ពីធីប្រគល់ពានលីគ នឹងធ្វើនៅថ្ងៃទី២៦ ខែឆ្នាំដដែល នៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៧ល្ងាច ថែមទាំងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ ក្លិបបឹងកេត – Boeung Ket Football Club

មតិយោបល់