ឯកឧត្តម ខៀវ សាម៉េត៖ «កូវីដ-១៩ មិនអាចរាំងស្ទះការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឡើយ»

មាស សុផាណារ៉ុង October 26, 2020


 

ភ្នំពេញ៖ «កូវីដ-១៩ មិនអាចរាំងស្ទះការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឡើយ» នេះជាការលើកឡើងរបស់ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីពេលថ្មីៗនេះ។

បានថ្លែងបែបនេះ នៅក្នុងពិធីចុះហេត្ថលេខាជាមួយនឹងក្រុមហ៊ុនឯកជន និងចាប់ឆ្នោតបែងចែកពូល ព្រឹត្តិការណ៍ប្រកួតជើងឯកក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២០ ដោយមាន២៥ក្រុមចូលរួមប្រកួតប្រជែងទឹកប្រាក់រហូតទៅដល់ ២០លានរៀល នៅមជ្ឈមណ្ឌល The Blue កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះ ។

ឯកឧត្តមបានថ្លែងបែបនេះថា៖ «នេះគឺជាឆ្នាំទី៤ ហើយ ដែលសហព័ន្ធត្រៀមបើកយុទ្ធនាការការប្រកួតបាល់ទាត់ក្នុងសាលប្រចាំឆ្នាំ២០២០ ទោះប្រឈមនឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ នៅតែមិនអាចរាំងស្ទះការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឡើយ ព្រោះនេះគឺជាផែនការយុទ្ធ សាស្រ្តអភិវឌ្ឍរបស់សហព័ន្ធ ដើម្បីចូលរួមដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។»

មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមក៏បានលើកទឹកចិត្ត និងអំពាវនាវដល់ក្រុម ពិសេសកីឡាករគ្រប់ក្រុមទាំងអស់ ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិនេះផង និងត្រៀមក្លាយជាក្រុមតំណាង ក៏ដូចជាកីឡាករតំណាងជាតិ ត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្ដរជាតិ ដែលរៀបចំដោយសហព័ន្ធអន្ដរជាតិ ជាក់ស្ដែងការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ជាដើម។

គួបញ្ជាក់ផងដែរថា ការប្រកួតផ្លូវការនៃព្រឹត្តិការណ៍ដដែលនេះនឹងចាប់ផ្ដើមពីថ្ងៃទី០៧ ខែវិច្ឆកា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ ដោយមានការបែងចែកជា ៥ពូល ក្នុងមួយពូលមាន ៥ក្រុម។ បន្ទាប់ពីធ្វើការប្រកួតវិលជុំ ក្រុមឈរលេខ១ នៃពូលទាំង៥ និងក្រុមលេខ២ ល្អជាងគេចំនួន ៣ក្រុម នឹងឡើងវគ្គ ៨ក្រុមចុងក្រោយ៕

សមាសភាពក្រុមទាំង២៥ សម្រាប់រដូវកាល២០២០៖

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់