លីគទី២កម្ពុជា គូពិសេសសងសឹក ព្រៃវែង ជួប ភ្នំពេញក្រោន U-21 និងគូ ៤សំខាន់ៗផ្សេងទៀតរឹតតែគួរចាប់អារម្មណ៍

មាស សុផាណារ៉ុង October 24, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ នឹងបន្តការប្រកួត សប្ដាហ៍ទី៤ របស់ខ្លួន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នេះ។

សប្ដាហ៍ដ៏គួរឲ្យចាប់អារម្មណ៍ដទៃទៀតនេះ គឺគូពិសេសសងសឹករវាង សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ជួប ភ្នំពេញក្រោន U-21 ខណៈក្រុមទាំងពីរនេះធ្លាប់បានតតាំងគ្នាដ៏តានតឹងកាលពីចុងខែសីហា ឆ្នាំ២០២០ ក្នុងពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលពេលនោះមុនកែប្រែរចនាសម្ព័ន្ធក្រុមទាងស្រុង សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង នៅជាក្រុមតំណាងយុវជនវិសាខា អាយុក្រោម ១៨ឆ្នាំនៅឡើយ ខណៈភ្នំពេញក្រោន U-21 ភាគច្រើនជាយុវជនអាយុក្រោម ១៨ឆ្នាំ ដែលបានឈ្នះ U-18 វិសាខា នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៣ទល់២ នាទីលានវិទ្យាល័យកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ដោយឡែក ៤គូផ្សេងទៀត ជាពិសេសខេត្តកំពង់ស្ពឺ និង ឬទ្ធីសែន ដែលត្រូវតតាំងជាមួយគូប្រកួតដែលមានប្រៀបជាងខ្លួននោះ ក៏ចាត់ទុកថាសំខាន់ដូចគ្នា ដ្បិតទាំងពីរក្រុមនេះកំពុងស្វែងរកជ័យជម្នះជាលើកដំបូងរៀងៗខ្លួន ចាប់តាំងពីចាប់ផ្ដើមលីគ ៣សប្ដាហ៍កន្លងមក រងបរាជ័យទាំង ៣លើក។

កម្មវិធីប្រកួតមានការដូចខាងក្រោម៖

សូមបញ្ជាក់ថា ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺគ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទីទី០៣ ខែតុលា នេះតទៅ ប្រកួតតែមួយជើងប៉ុណ្ណោះ ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។

ក្រុមតែមួយប៉ុណ្ណោះដែលឈ្នះជើងឯកក្នុងវគ្គប្រជែងជើងឯក នឹងទទួលបានកៅអីឡើងមកលីគកំពូលកម្ពុជា នារដូវកាល២០២១ ខណៈ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ មិនអាចឡើងមកលីគកំពូលបានឡើយ ទោះជាឈ្នះជើងឯក ឬបានលេខ២ ព្រោះពួកគេជាក្រុមឧបសម្ព័ន្ធរបស់ក្លិបភ្នំពេញក្រោន និង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងលេងនៅលីគកំពូលស្រាប់៕

 

រូបភាព៖ Cambodian League 2

មតិយោបល់