គ្រូវិសាខា ដាក់ចម្ងល់ហេតុអ្វីការប្រកួតពានសម្តេចតេជោ អត់មានម៉ោងបន្ថែម ១៥នាទី ពីរដង

មាស សុផាណារ៉ុង October 23, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់វិសាខា ទទួលបានកៅអីទៅវគ្គផ្ដាច់ព្រ័ត្រជាផ្លូវការ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ម្សិលមិញ ក្រោយយកឈ្នះក្លិបបាល់ទាត់ខេត្តព្រៃវែង ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បន្ទាប់ពីស្មើគ្នា ១ទល់១ ក្នុងរយៈពេល ៩០នាទីពេញ។

បែបនេះក្ដី លោក Colum Courtis បានដាក់ចម្ងល់ថាហេតុអ្វីបានជាការប្រកួតពានសម្តេចតេជោ ហ៊ុន សែន ជាពិសេសវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របែបនេះ អត់មានម៉ោងបន្ថែម ១៥នាទី ពីរដង។

ថ្លែងនៅក្រោយចប់ការប្រកួតការប្រកួតគ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានលើកឡើងយ៉ាងដូច្នេះ៖ «ខ្ញុំមិនគិតថាក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របែបនេះគួរតែបញ្ចប់ហើយ ទាត់បាល់ប៉េណាល់ទីដូច្នេះឡើយ គឺវាគួរតែមានម៉ោងបន្ថែម (១៥នាទីពីរដង) ខ្ញុំមិនដឹងមកពីមូលហេតុអ្វីដែរ យើងពន្លឺភ្លើងបំភ្លឺពេលយប់ ហើយយើងមានពេលវេលាជាច្រើនសម្រាប់កម្មវិធីប្រកួតរបស់បាល់ទាត់កម្ពុជា យើងគិតថាយើងអាចលេងបាន ២ដងហើយដែលយើងស្មើ ដូច្នេះខ្ញុំមិនប្រាកដចំពោះការសម្រេចចិត្តបែបនេះ ប៉ុន្តែខ្ញុំគិតថាចប់ភ្លាម ទាត់បាល់ប៉េណាល់ទីយកតែម្ដង គឺជាការសម្រេចចិត្តមិនត្រឹមត្រូវឡើយ។»

នៅពេលដែលចោទសួរថា ថាប្រសិនបើមាន ១៥នាទីពីរដង តើលោកគិតថាវិសាខា នឹងអាចយកឈ្នះក្នុងថេរវេលានេះបានដែរឬទេ? លោក Colum បានឆ្លើយតបថា៖ «ខ្ញុំមិនប្រាកដដែរ របៀបដែល តារា (អ្នកចាំទី) គាត់លេង វាអាចនឹងអត់ ប្រហែលជាយើងមិនអាចរកគ្រាប់បាល់ទាត់បញ្ជូលទី ប៉ុន្តែខ្ញុំគិតថាកីឡាកររបស់ខ្ញុំមានកម្លាំងជាង ហើយខ្ញុំនៅតែគិតថាយើងគួរតែមាន ១៥នាទីពីរដង ដើម្បីឲ្យកម្ពុជា ឈានឆ្ពោះទៅកាន់កម្រិតអន្តរជាតិ ប្រសិនបើក្រុមជម្រើសជាតិទៅប្រកួតនៅពានរង្វាន់អន្តរជាតិ ពួកគេនឹងត្រូវលេងក្នុងម៉ោងបន្ថែម ដូច្នេះហេតុអ្វីយើងមិនមានម៉ោងបន្ថែមសម្រាប់ពានរង្វាន់ក្នុងស្រុក។»

សូមបញ្ជាក់ថា វិសាខា នឹងត្រូវជួប ណាហ្គាវើលដ៍ នៅវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់