អ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន បកស្រាយចម្ងល់អ្នកគាំទ្រជុំវិញមូលហេតុនៃការអវត្តមានកីឡាករសំខាន់ៗ

មាស សុផាណារ៉ុង October 22, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានជ្រុះចេញពីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ បន្ទាប់ពីស្មើគ្នា ០ទល់០ ក្នុងរយៈពេល ៩០នាទីពេញ កាលពីល្ងាចថ្ងៃទី២១ ខែតុលា ម្សិលមិញ ជាមួយ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

យ៉ាងណាមិញក្នុងការប្រកួតនេះ ភ្នំពេញក្រោន ត្រូវអ្នកគាំទ្រចាប់អារម្មណ៍ចំពោះការបាត់វត្តមានកីឡាករសំខាន់ៗជាច្រើនរូប ដូចជា អ៊ុំ វិចិត្រ, អ៊ន ចាន់ប៉ូលីន, យើុ ម៉ូស្លីម និង លឹម ពិសុទ្ធ ជាដើម ខណៈ លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមបានបកស្រាយផងដែរជុំវិញករណីនេះ។

ថ្លែងក្នុងសសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត អតីតវីរៈបុរសរបស់ក្លិបរហស្សនាមសឹង្ហក្រហមមួយនេះ បានលើកឡើងដូច្នេះថា៖ «យើងអាចនិយាយបានថាអត់សំណាងក៏ថាបាន កីឡាករយើងរបួសច្រើនមែនទែន គេហៅថាកីឡាករក្នុងស្រុកដែលយើងមានឱកាសលេង ១១នាក់ដំបូង ដូចជា ប៉ូលីន, អ៊ុំ វិចិត្រ, ម៉ូស្លីម ហើយ លឹម ពិសុទ្ធ ដែលគាត់អវត្តមានដោយសារកាតលឿង (កាតលឿង ២ដង) អ៊ីចឹងទៅសោកស្ដាយមែនទែន ដែលអវត្តមានពួកគាត់ ៤ទៅ៥នាក់ អ៊ីចឹងធ្វើឲ្យយើងខ្វះខាតមែនទែន ដូច្នេះយើងជម្រុញកីឡាករដែលពុំសូវបានលេងដាក់ឲ្យគាត់លេង ប៉ុន្តែគាត់បង្ហាញសមត្ថភាពដ៏អស្ចារ្យនៅថ្ងៃនេះ។»

សូមបញ្ជាក់ថា កីឡាករដែលតែងតែមានមុខក្នុងជម្រើស ១១នាក់ដំបូងដូចជា អ៊ន ចាន់ប៉ូលីន ជាមួយ យើុ ម៉ូស្លីម គឺបានទទួលរងរបួសជង្គង់នៅថ្ងៃជាមួយគ្នាតាំងពីជំនួបក្នុងលីគដែល ភ្នំពេញក្រោន បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ១ទល់២ នាខេត្តស្វាយរៀង ស្របពេលដែលអ្នកចាំទី អ៊ុំ វិចិត្រ បានរងរបួសចង្គេះពេលហ្វឹកហាត់ គ្រាដែល លឹម ពិសុទ្ធ ជាប់បម្រាមដោយសារធ្លាប់ទទួលបានកាតលឿង ២ដង ក្នុងពានរង្វាន់ដដែលនេះ (កាតលឿងលើកទី១ ពេលប៉ះ អាស៊ីអឺរ៉ុបយូណាយធីត កាតលឿងលើកទី២ ពេលប៉ះ គីរីវង់សុខសែនជ័យ) ស្មើនឹងកាតក្រហមមិនអាចចូលរួមប្រកួតយប់មិញបាន៕

 

រូបភាព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន – Phnom Penh Crown FC

មតិយោបល់