លោក កែវ សុខង៉ន សុំទោសចំពោះប្រវត្តិសាស្ត្រច្រំដែល ខណៈលោក មាស ចាន់ណា ថាភ្នំពេញក្រោន ពិតជាក្រុមមួយដែលនាំមុខគេនៅក្នុងផ្នែកថ្នាលយុវជន

មាស សុផាណារ៉ុង October 22, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ទទួលបានកៅអីទៅវគ្គផ្ដាច់ព្រ័ត្រជាផ្លូវការ កាលពីល្ងាចថ្ងៃទី២១ ខែតុលា ម្សិលមិញ ក្រោយយកឈ្នះក្លិបបាល់ទាត់ភ្នំពេញក្រោន ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បន្ទាប់ពីស្មើគ្នា ០ទល់០ ក្នុងរយៈពេល ៩០នាទីពេញ។

នៅក្រោយចប់ការគ្រូបង្វឹក ក៏ដូចជាតំណាងគ្រូបង្វឹករបស់ក្លិបទាំងពីរបានលើកឡើងក្នុងសសន្និសីទសារព័ត៌មាន ដោយលោក កែវ សុខង៉ន បានសម្ដែងការសុំទោសចំពោះប្រវត្តិសាស្ត្រច្រំដែល ខណៈលោក មាស ចាន់ណា បានលើកសរសើរថាភ្នំពេញក្រោន ពិតជាក្រុមមួយដែលនាំមុខគេនៅក្នុងផ្នែកថ្នាលយុវជន។

លោក កែវ សុខង៉ន បានលើកឡើងថា សោកស្ដាយដែលធ្វើពុំបានល្អ ជាមួយនឹងឱកាសជាច្រើននៅវគ្គទី១ ខណៈវគ្គទី២ ក្រុមក៏បានខិតខំដូចគ្នា ប៉ុន្តែលោកថាណាហ្គាវើលដ៍ ក៏ធ្វើបានល្អដូចគ្នា។

«ជាការពិតណាស់ ប្រវត្តិសាស្ត្រច្រំដែល ២ឆ្នាំហើយដែលយើងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាញ់ប៉េណាល់ទីទាំង ២ដង ក៏សុំទោសអ្នកគាំទ្រទាំងអស់គ្នាដែរហើយក៏អរគុណអ្នកគាំទ្រទាំងអស់ដែលមកគាំទ្រដល់កីឡដ្ឋានផ្ទាល់ យើងនឹងរំពឹងថា រដូវកាលក្រោយៗទៀត យើងនឹងពង្រឹងសមត្ថភាពរបស់យើង និងពង្រឹងគំនិត បច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីឲ្យគាត់ឈានទៅដល់អ្វីដែលយើងសោកស្ដាយដូចថ្ងៃនេះ ឈានដល់វគ្គដែលល្អដែលឈ្នះជើងឯកបាន។» សម្ដីរបស់លោក កែវ សុខង៉ន។

ចំពោះលោក មាស ចាន់ណា វិញបានសម្ដែងនូវក្ដីសប្បាយរីករាយ ទាំងរូបលោក រួមទាំងក្រុមទាំងមូល ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងទុកការប្រកួតពិតជាការប្រកួតតឹងតែងខ្លាំង។

«ខ្ញុំជឿថាភ្នំពេញក្រោន ពិតជាក្រុមមួយដែលនាំមុខគេនៅក្នុងផ្នែកថ្នាលយុវជនពិតមែន គាត់រៀបចំបានល្អ យើងមានឱកាសដែរ គាត់ក៏មានឱកាសដូចគ្នា ក៏ប៉ុន្តែទាក់ទងនឹងការអត់មានសំណាងទាត់ចូលដូចគ្នា។ អរគុណដល់ក្លិបភ្នំពេញក្រោន ជាពិសេសយុវជនភ្នំពេញក្រោន ដែលគាត់មានទេពកោសល្យល្អៗសម្រាប់ជម្រើសជាតិយើង …។ ចុងក្រោយអរគុណជាពិសេសទស្សនិកជនទាំងអស់ ហើយជាពិសេសបំផុតនោះគឺអ្នកគាំទ្រណាហ្គាវើលដ៍ ដែលគាត់មកជួយជាកម្លាំងចិត្ត ដែលគាត់ជាកីឡាករទី១២។» សម្ដីរបស់ លោក មាស ចាន់ណា។

សូមបញ្ជាក់ថា ណាហ្គាវើលដ៍ ដោយត្រូវអង្គុយចាំក្រុមឈ្នះរវាង វិសាខា ឬព្រៃវែង ដែលនឹងប្រកួតនៅល្ងាចនេះ ដើម្បីប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់