គ្រូព្រៃវែង សមាជិកទាំងអស់នឹងលេង ១០០ភាគរយ ខណៈគ្រូវិសាខា មិនហ៊ានមើលស្រាលគូប្រកួត

មាស សុផាណារ៉ុង October 22, 2020


 

ភ្នំពេញ៖ សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង នឹងត្រូវប្រកួតជាមួយ ក្លិបបាល់ទាត់វិសាខា នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នាកីឡដ្ឋានជាតិ ដើម្បីឡើងទៅជួប ណាហ្គាវើលដ៍ នៅវគ្គផ្ដាច់ព្រ័ត្រអង្កុយរង់ចាំរួចជាស្រេច។

មុនការប្រកួតមកដល់ គ្រូបង្វឹកនៃក្រុមទាំងពីរសុទ្ធតែបានលើកឡើងផ្សេងៗពីគ្នា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗកន្លងទៅ។

លោក ឡុច ចន្ថា គ្រូបង្គោលក្រុមសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង បញ្ជាក់ថា ក្រុមរបស់លោកបានរៀបចំយ៉ាងល្អ និងសប្បាយចិត្តដែលបានក្លាយជាក្រុមដំបូងមកពីថ្នាក់ខេត្តឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លោកថា សមាជិកទាំងអស់នឹងលេង ១០០ភាគរយ។

លោក Colum Curtis គ្រូបង្គោលក្លិបវិសាខា លើកឡើងថា មិនមើលស្រាលក្រុមព្រៃវែងឡើយ តែសរសើរពួកគេលេងបានយ៉ាងល្អ។ ជាក់ស្ដែង ពួកគេបានទម្លាក់អង្គរថាយហ្គឺរ និងសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ។ យ៉ាងណា វិសាខាក៏ត្រៀមបានល្អទាំងកម្លាំងកាយ និងកម្លាំងចិត្ត។

គួរបញ្ជាក់ថា ព្រៃវែង និងវិសាខា ត្រូវជួបគ្នា នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី២២ ខែតុលា នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ខណៈការប្រកួតនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់