គ្រូណាហ្គា ថាកីឡាករលោកចាស់តែរត់ដូចកូនក្មេង ខណៈអ្នកចាត់ការភ្នំពេញក្រោន រំពឹងកីឡាករ និងយុវជនបង្ហាញសមត្ថភាពបានល្អ

មាស សុផាណារ៉ុង October 21, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ នឹងត្រូវប្រកួតជាមួយ ក្លិបបាល់ទាត់ភ្នំពេញក្រោន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នាកីឡដ្ឋានជាតិ ខណៈមុនការប្រកួតមកដល់ គ្រូបង្វឹកនៃក្រុមទាំងពីរសុទ្ធតែបានលើកឡើងផ្សេងៗពីគ្នា ដោយគ្រូណាហ្គាវើលដ៍ ថាកីឡាករខ្លួនចាស់តែរត់ដូចកូនក្មេង ស្របពេលដែលអ្នកចាត់ការក្លិបភ្នំពេញក្រោន រំពឹងកីឡាករ និងយុវជនបង្ហាញសមត្ថភាពបានល្អ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លិបណាហ្គាវើលដ៍ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំរំពឹងថាក្រុមទាំងពីរនឹងធ្វើឲ្យហ្គេម (ការប្រកួត) មួយនេះល្អមើលសម្រាប់ទស្សនិកជន ដោយយើងលេងទាំង Fair Play យើងលេងទាំងបច្ចេកទេសបាល់ទាត់ យើងលេងពីរបៀបបច្ចេកទេសបាល់ទាត់សម័យទំនើប អ៊ីចឹងហើយ។»

លោក មាស ចាន់ណា មានយោបល់បន្ថែមទៀតថា៖ «ទាក់ទងនឹងបទពិសោធក្នុងស្ថានភាពខ្លះ កីឡាករដែលមានបទពិសោធគាត់អាចមើលឃើញល្អជាងកីឡាករយុវជន ហើយគេតែងតែពោលថាណាហ្គាសម្បូរកីឡាករចាស់ ក៏ប៉ុន្តែណាហ្គាកីឡាករចាស់រត់ដូចកូនក្មេងអ៊ីចឹង រត់ដូចគ្នា អ៊ីចឹងខ្ញុំអ្វីដែលជាការព្រួយបារម្ភរបស់ខ្ញុំគឺសឹងតែអត់មានសម្រាប់ពួកគាត់ទាក់ទងទៅនឹងកម្លាំង ទាក់ទងនឹងបច្ចេកទេសអីទេ គឺទាំងកម្លាំង ទាំងរបៀបលេង ទាំងអីយើងអាចថាដូចគ្នា ក៏ប៉ុន្តែអ្វីដែលពួកខ្ញុំអាចលើ ពួកខ្ញុំអាលើបទពិសោធ អ៊ីចឹងហើយយើងមិនមែនយកកីឡាករចាស់ហើយដើរលេងឯណា យើងយកកីឡាករចាស់ហើយដើម្បីរត់លេងក្នុងទីលាន អ៊ីចឹងខ្ញុំជឿថាទាក់ទងនឹងកម្លាំងមិនក្រោមកីឡាករយុវជនទេ ថ្វីត្បិតតែពួកគាត់អាយុច្រើនមែន។»

ដោយឡែក លោក កែវ សុខង៉ន អ្នកចាត់ការទូទៅ តំណាងឲ្យគ្រូបង្វឹក លោក ស៊ុំ វណ្ណា ដែលជាប់បម្រាមដោយការពិន័យនៅវគ្គ ៨ក្រុមចុងក្រោយ បានលើកឡើងផងដែរថា៖ «សម្រាប់ភ្នំពេញក្រោន ផ្ទាល់ យើងបានរៀបចំខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនាថ្ងៃស្អែក (ថ្ងៃនេះ)។ យើងនឹងរំពឹងថាកីឡាករ យុវជនរបស់យើងបង្ហាញសមត្ថភាពនៅថ្ងៃស្អែកបានល្អ។ ការរៀបចំរបស់យើង រយៈពេល ២សប្តាហ៍កន្លងមក គឺក្រុមទាំងមូលបានយល់ចិត្តគ្នាខ្លាំងមែនទែន និងធ្វើការរួមគ្នា សាមគ្គីគ្នាឲ្យបានល្អសម្រាប់ការប្រកួតនាថ្ងៃស្អែក។»

ភ្នំពេញក្រោន នឹងត្រូវលេងដោយអវត្តមានការដឹកនាំពីគ្រូបង្វឹក លោក ស៊ុំ វណ្ណា ដែលជាប់បម្រាមដោយការពិន័យ (ទទួលបានកាតក្រហម) នៅវគ្គ ៨ក្រុមចុងក្រោយ ខណៈអតីតវីរៈបុរសរបស់ក្រុមរហស្សនាមសឹង្ហក្រហមមួយនេះ បានសង្គត់ធ្ងន់ថា៖ «យើងមានការលំបាកដែលគ្រូបង្គោលជាប់ពិន័យក្នុងការឈរបញ្ជាកូនក្រុមនៅលើទីលាន ប៉ុន្តែរយៈពេលដែលគាត់ជាប់ពិន័យ យើងបានពិភាក្សាប្រជុំគ្នាធ្វើកិច្ចការមួយចំនួនឲ្យមានភាពរលូន និងការសហការដើម្បីឲ្យកីឡាករក្នុងទីលាន និងរៀបចំការប្រកួតឲ្យបានល្អ។ ជាការពិតណាស់ យើងសោកស្តាយដែលបាត់បង់គ្រូបង្គោល។ ខ្ញុំតំណាងផ្ទាល់ និងសួរនាំពិភាក្សាបន្ថែមទៀតដើម្បីយើងធ្វើម៉េចឲ្យមានភាពងាយស្រួលក្នុងការបញ្ជាកូនក្រុម។»

គួរបញ្ជាក់ថា ណាហ្គាវើលដ៍ និងភ្នំពេញក្រោន ត្រូវជួបគ្នា នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី២១ ខែតុលា នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ខណៈការប្រកួតនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់