ពីធីលើកពានលីគកំពូលកម្ពុជា ២០២០ នឹងធ្វើក្រោយការប្រកួតបិទរដូវកាល ១ថ្ងៃ នៅពហុកីឡដ្ឋានជាតិ

មាស សុផាណារ៉ុង October 20, 2020


 

ភ្នំពេញ៖ ការប្រកួតលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០២០ គ្រោងនឹងធ្វើពីធីលើកពានលីគ ក្រោយការប្រកួតបិទរដូវកាល ១ថ្ងៃ នៅពហុកីឡដ្ឋានជាតិ។ នេះបើតាមប្រកាសដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

ការប្រកួតបិទបញ្ចប់រដូវកាល២០២០ គឺនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ខណៈចំពោះពីធីប្រគល់ពានលីគ នឹងធ្វើនៅថ្ងៃទី២៦ ខែឆ្នាំដដែល នៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៧ល្ងាច ថែមទាំងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ។

ការដែលសម្រេចធ្វើបែបនេះ គឺដោយសារតែថ្ងៃប្រកួតចុងក្រោយនៃលីគកំពូលកម្ពុជា សម្រាប់ ២ក្រុមចុងក្រោយដែលត្រូវប្រជែងជើងឯកគ្នារវាង បឹងកេត ជាមួយ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតនៅទីតាំងផ្សេងឆ្ងាយពីគ្នា (បឹងកេត ប្រកួតជាមួយ ភ្នំពេញក្រោន នៅភ្នំពេញ និងព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ ណាហ្គាវើលដ៍ នៅខេត្តស្វាយរៀង) ខណៈការសម្រេចថាក្រុមណាជាជើងឯកស្ថិតក្នុងស្ថានភាពមួយដែលមិនអាចសន្និដ្ឋានបានមុន។

របៀបវារៈមានដូចខាងក្រោម៖

សូមបញ្ជាក់ថា បឹងកេត ជាមួយ ព្រះខ័នរាជស្វាយរៀង ដែលជាគូប្រជែងចុងក្រោយក្នុងការដណ្ដើមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ គឺនឹងធ្វើឡើងនៅថ្ងៃដំណាលគ្នា ពោលគឺ ព្រះខ័នរាជស្វាយរៀង ត្រូវទទួល ណាហ្គាវើលដ៍ លើទឹកដីរបស់ខ្លួនកីឡដ្ឋានខេត្តស្វាយរៀង ខណៈ បឹងកេត ឡើងមកប្រកួតនៅទឹកដីរបស់ភ្នំពេញក្រោន នាកីឡដ្ឋានស្មាតអរអេសអិន ម៉ោង ៦ល្ងាចដំណាលគ្នា៕

 

រូបភាព៖ Metfone Cambodian League

មតិយោបល់