ត្បូងឃ្មុំ ស្គាល់ជ័យជម្នះលើកដំបូងក្នុងលីគទី២ ខណៈឬទ្ធីសែន ជាមួយ កំពង់ស្ពឺ បន្តរងគ្រោះ

មាស សុផាណារ៉ុង October 19, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៣ ត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ខណៈ ត្បូងឃ្មុំ ស្គាល់ជ័យជម្នះលើកដំបូងក្នុងលីគទី២ ស្របពេលដែល ឬទ្ធីសែន ជាមួយ កំពង់ស្ពឺ បន្តរងគ្រោះ បរាជ័យ ៣ប្រកួតជាប់ៗគ្នា។

ការប្រកួតដ៏ជក់ចិត្តចំនួន ៥គូ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ ទាំងសងខាង ជាពិសេសមានគ្រាប់បាល់ ២៦គ្រាប់ កើតឡើង ដូចខាងក្រោម៖

ក្រុមដែលទទួលការចាប់អារម្មណ៍ ក៏ដូចជាចាត់ទុកថាជាបេក្ខភាពមានភាគរយប្រជែងកៅអីឡើងមកលីគកំពូលដូចជា ខេត្តព្រៃវែង ពុំទាន់ទទួលរងបរាជ័យនៅឡើយទេ បូករួមជាមួយក្រុមដែលមិនអាចឡើងមកលីគកំពូលកម្ពុជា រដូវកាលក្រោយ កងយោធពលខេមរភូមិន្ទ U-21 ក៏ធ្វើបានល្អដោយមិនទាន់ចាញ់ដូចគ្នាផងដែរ ខណៈ អាយអេសអាយ ដង្កោរសែនជ័យ បែរជាភ្លាត់ចាញ់ជាលើកដំបូង ក្រោមថ្វីជើង ត្បូងឃ្មុំ ហើយជួយឲ្យ ត្បូងឃ្មុំ ស្គាល់ជ័យជម្នះលើកដំបូងថែមទៀតផង។

ដោយឡែកក្រុមដែលត្រលប់មករកជ័យជម្នះបានវិញនៅសប្ដាហ៍នេះគឺ ភ្នំពេញក្រោន U-21 ជាមួយ កោះកុង អែហ្វស៊ី បន្ទាប់ពីសប្ដាហ៍ទី២ រងបរាជ័យដូចគ្នា ក្រោយធ្វើបានល្អរៀងៗខ្លួននៅសប្ដាហ៍ដំបូង។

ចំពោះក្រុមដែលមិនទាន់រកពិន្ទុបាននៅឡើយ គឺ ខេត្តកំពង់ស្ពឺ ជាមួយ ឬទ្ធីសែន ពោលគឺនៅតែបន្តទទួលរងបរាជ័យ ៣សប្ដាហ៍ជាប់ៗគ្នា។

រឿងដែលគួរឲ្យកត់ចំណាំឆ្លងកាត់ការប្រកួត ៣សប្ដាហ៍មកនេះ គេសង្គេតឃើញថាពុំទាន់មានក្រុមណា ប្រកួតស្មើនៅឡើយទេ ដោយតែងតែបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ រៀងៗខ្លួន។

តារាងចំណាត់ថ្នាក់សរុបសប្ដាហ៍ទី៣៖

សូមបញ្ជាក់ជាថ្មីថា ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទីទី០៣ ខែតុលា ហើយប្រកួតតែមួយជើងប៉ុណ្ណោះ ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។

ក្រុមតែមួយប៉ុណ្ណោះដែលឈ្នះជើងឯកក្នុងវគ្គប្រជែងជើងឯក នឹងទទួលបានកៅអីឡើងមកលីគកំពូលកម្ពុជា នារដូវកាល២០២១ ខណៈ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ មិនអាចឡើងមកលីគកំពូលបានឡើយ ទោះជាឈ្នះជើងឯក ឬបានលេខ២ ព្រោះពួកគេជាក្រុមឧបសម្ព័ន្ធរបស់ក្លិបភ្នំពេញក្រោន និង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងលេងនៅលីគកំពូលស្រាប់៕

 

រូបភាព៖ Cambodian League 2

មតិយោបល់