បេក្ខភាពនៅសល់ឱកាសប្រជែងស្បែកជើងមាស ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

មាស សុផាណារ៉ុង October 14, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីចំណាយពេលពេលប្រកួតជាច្រើនខែ ខណៈជាមួយគ្នានេះក៏មានក្រុមចំនួន ៤ ដែលមានកីឡាកររបស់ខ្លួនសល់ឱកាសស្បែកជើងមាស ប្រចាំឆ្នាំ ២០២០ នេះផងដែរ។

ក្រុមទាំង ៤ ដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២ ផ្ដាច់ព្រ័ត្រ) គឺរួមមាន ភ្នំពេញក្រោន, ណាហ្គាវើលដ៍, សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង និងវិសាខា ហើយក្នុងចំណោមក្លិបទាំង ៤នេះ មានកីឡាកររបស់គេរៀងៗខ្លួនកំពុងស្ថិតនៅទីតាំងមួយដែលអាចមានលទ្ធភាពប្រជែងស្បែកជើងមាស ពីកីឡាករ ៣រូបផ្សេងទៀតដែលបច្ចុប្បន្នក្លិបរបស់គេទាំង ៣រូបបានជ្រុះចេញពីកម្មវិធីរួចទៅហើយ។

កីឡាករទាំងនោះរួមមាន៖

  • ភ្នំពេញក្រោន: មាន ប្រាក់ ធីវ៉ា (៣គ្រាប់) និង លឹម ពិសុទ្ធ (៣គ្រាប់)
  • ណាហ្គាវើលដ៍: វ៉ា សុខថន (២គ្រាប់)
  • សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង: វុធ តុលា (៤គ្រាប់)
  • វិសាខា: ស៊ិន កក្កដា (៣គ្រាប់) និង ស៊ិន សុផាណាត (៣គ្រាប់) ប៊ុនធឿន ប៊ុនណារ៉ុង (៣គ្រាប់)

ដោយឡែកកីឡាករ ៣រូបដែលក្លិបរបស់គេរៀងៗខ្លួនបានធ្លាក់ចេញពីកម្មវិធីត្រឹម វគ្គ ៨ក្រុមចុងក្រោយនោះរួមមាន ជា ណាវីន (កងយោធពលខេមរភូមិន្ទ) ដែលកំពុងនាំមុខលើគេ ដោយរកបាន ៥គ្រាប់ ស្មើគ្នាជាមួយ សៀង ចន្ធា (បឹងកេត) ដែលរកបាន ៥គ្រាប់ដូចគ្នា និង ម៉ាត់ នូរុណ (បឹងកេត) រកបាន ៤គ្រាប់។ ករណីនេះ ប្រសិនបើកីឡាកររបស់ក្លិបទាំង៤ ដែលកំពុងកាន់គ្រាប់បាល់ក្នុងដៃរៀងៗខ្លួនដូចបានរៀបរាប់ខាងលើ មិនបន្តរកគ្រាប់បាល់បានទាំងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ដូចជានៅវគ្គផ្ដាច់ព្រ័ត្រនោះទេ កីឡាករ ជា ណាវីន របស់ក្រុមសមាគមកីឡាកងយោធពលខេមរភូមិន្ទ នឹងក្លាយជាម្ចាស់ស្បែកជើងមាស ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះតែម្ដង ហើយអាចឈានទៅបំបែកកំណត់ត្រាជាកីឡាករក្មេងជាងគេឈ្នះស្បែកជើងមាស ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថែមទៀតផង។

សូមបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នឹងធ្វើឡើងនៅថ្ងៃទី២១ ខែតុលា សម្រាប់ជំនួបរវាង ភ្នំពេញក្រោន ជាមួយ ណាហ្គាវើលដ៍ និងនៅថ្ងៃទី២២ ខែតុលា សម្រាប់ជំនួបរវាង ព្រៃវែង ជាមួយ វិសាខា លើទឹកដីកណ្ដាលពហុកីឡដ្ឋានជាតិ។

គួររំឭកផងដែរថា ម្ចាស់ស្បែកជើងមាស ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៩ គឺបានទៅកីឡាករ វ៉ា សុខថន (ខ្វីនទីន) ដែលពេលនោះគេលេងឲ្យភ្នំពេញក្រោន បន្ទាប់ពីរកគ្រាប់បាល់បាន ១១គ្រាប់៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់