ថ្ងៃដំបូង នៃការធ្វើតេស្តដំណាក់កាលទី៣ ចូលជម្រើសជាតិ U-19 កម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃនេះ

មាស សុផាណារ៉ុង October 13, 2020


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងចាប់ផ្ដើមការធ្វើតេស្តដំណាក់កាលទី៣ ដើម្បីជ្រើសរើសចូលបញ្ជីចុងក្រោយត្រៀមការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នៅប្រទេសអ៊ូសបេគីស្ថាន នាដើមឆ្នាំក្រោយ។

តាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការធ្វើតេស្តហ្វឹកហាត់នឹងធ្វើឡើងនៅវេលាល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ នាពហុកីឡដ្ឋានជាតិ។

ដោយឡែកសមាសភាពកីឡាករវិញ គឺនៅតែបន្តរក្សាកីឡាករទាំង ៣២នាក់ដដែល ពីការធ្វើតសេ្តដំណាក់កាលទី២ ពោលគឺពុំមានប្រែប្រួល ឬផ្លាស់ប្ដូរសមាជិកណាម្នាក់ឡើយ ដោយកីឡាករទាំង ៣២នាក់នោះមានមកពី យុវជនសាលាបាល់ទាត់ជាតិបាទី (៩នាក់), បឹងកេត (៨នាក់), សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង (៧នាក់), ភ្នំពេញក្រោន (២នាក់), ណាហ្គាវើលដ៍ (២នាក់), នគរបាលជាតិ (១នាក់), អគ្គិសនីកម្ពុជា (១នាក់), វិសាខា (១នាក់) និងព្រះខ័នរាជស្វាយរៀង (១នាក់)។

សូមបញ្ជាក់ថា នេះគឺជាការកោះហៅចូលធ្វើតេស្តលើកទី៣ បន្ទាប់ពីលើកដំបូងបានធ្វើឡើងកាលពីពាក់កណ្ដាលខែកក្កដា ដោយមានកីឡាករក្នុងបញ្ជីដំបូង ៣៨នាក់ និងក្រោយមកបន្ថែមរហូតដល់កើនឡើងជាង ៤០នាក់បានចូលរួមធ្វើតេស្តចំនួន ៣សប្ដាហ៍ និងលើកទី២ នៅដើមខែកញ្ញា ធ្វើតេស្តចំនួន ៣សប្ដាហ៍ដូចគ្នា ជាមួយសមាសភាពកីឡាករ ៣២នាក់។

ចំពោះបេសកកម្មចូលរួមប្រកួតពានរង្វាន់ (2020 AFC U-19 Championship) U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ ហើយការប្រកួតគ្រោងនឹងធ្វើឡើងនៅដើមឆ្នាំក្រោយ បន្ទាប់ពីកម្មវិធីប្រកួតចាស់ដែលដើមឡើយគ្រោងធ្វើការប្រកួតនៅថ្ងៃទី១៤ តុលា ស្អែកនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីសម្រេចពន្យាដោយសារការរីករាលនៃជំងឺកូវីដ-១៩ នៅមិនទាន់មានភាពល្អប្រសើរ ជាពិសេសមិនអំណោយផលលើលក្ខខណ្ឌនៃការធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់