អគ្គិសនីកម្ពុជា និង U-18 បាទី បេក្ខភាពចុងក្រោយដែលត្រូវប្រជែងគ្នាពីការកាត់ចេញទៅលីគទី២

មាស សុផាណារ៉ុង October 13, 2020


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានឈានទៅបញ្ចប់ការប្រកួតសប្ដាហ៍ទី១៧ ត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ ជាមួយនឹងការប្រកួតរវាងក្រុមដើម្បីប្រជែងពីការកាត់ចេញទៅលីគទី២ នៅរដូវកាលក្រោយ ពីលេខ ៧ដល់លេខ១៣ ក៏ដូចជាក្រុមកំពូលទាំង៦ ដែលជាក្រុមប្រកួតដណ្ដើមជើងឯក។

ដើមឡើយការប្រកួតសប្ដាហ៍ទី១៧ គឺគ្រោងនឹងបញ្ចប់ទាំងស្រុងនៅត្រឹមថ្ងៃទី១១ ខែតុលា ប៉ុន្តែដោយសារការប្រកួតមួយគូរវាង អាស៊ីអឺរ៉ុបយូណាយធីត ជាមួយ សូលទីឡូអង្គរ ត្រូវបានលើកការប្រកួតក្រោយមានភ្លៀងធ្លាក់ខ្លាំងរំខានដល់ទីលានមិនអាចដំណើរការប្រកួត ទើបគណៈកម្មការរៀបចំការប្រកួតសម្រេចលើកមកប្រកួតនៅថ្ងៃទី១២ ម្សិលមិញ ដោយបញ្ចប់ទៅយ៉ាងរលូន។

រំឭកពីលទ្ធផលពីការប្រកួតចំនួន ៦គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ ទាំង៦គូ ដោយមិនមានលទ្ធផលស្មើឡើយ ជាមួយលទ្ធផលទាំងស្រុងដូចខាងក្រោម៖

តំបន់ប្រជែងជើងឯក៖

និយាយចំពោះតំបន់ប្រជែងជើងឯក បឹងកេត ដែលបានបន្តកំណត់ត្រាមិនដែលចាញ់ នៅតែមិនទាន់ភាពកក់ក្ដៅនៅឡើយក្នុងឈ្នះជើងឯក ដ្បិតកំពុងនាំមុខ ២ពិន្ទុដដែល ទៅលើ ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីប្រកួតនៅសប្ដាហ៍ទី១៧ នេះបានបន្តទទួលជ័យជម្នះ។ ការប្រកួតបិទរដូវកាល បឹងកេត ត្រូវការត្រឹមតែស្មើប៉ុណ្ណោះ ក៏អាចលើកពានបានដែរ ដោយយោងលើរូបមន្ត (Head to Head) ជំនួបជួបគ្នារវាងក្រុមទាំងពីរ បឹងកេត ធ្លាប់បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ២ទល់៤ និងជើងទី២ ស្មើគ្នា ១ទល់១។

ភ្នំពេញក្រោន, ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ និងវិសាខា ដែលឱកាសដណ្ដើមជើងឯក ក៏កំពុងប្រជែងចំណាត់ថ្នាក់ល្អរៀងៗខ្លួនផងដែរ ជាពិសេសដូចជាភ្នំពេញក្រោន បានធានាចំណាត់ថ្នាក់លេខ៣ ជាផ្លូវការនិងជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ បន្ទាប់ពីគិតចាប់តាំងពីឆ្នាំ២០១៦មក ភាគច្រើនបញ្ចប់ទៅដោយឈរនៅលេខ៥ ឬលេខ៦ ហើយពុំដែលបានចំណាត់ថ្នាក់លេខ៤ ចុះក្រោមឡើយ។

ណាហ្គាវើលដ៍, វិសាខា និងកងយោធពលខេមរភូមិន្ទ ទាំង ៣ក្រុមនេះនៅមានឱកាសប្រជែង Top 4 ពោលគឺត្រូវកំណត់នៅប្រកួតបិទរដូវកាលផ្ទាល់តែម្ដង។

តំបន់ប្រជែងពីការកាត់ចេញទៅលីគទី២៖

នៅតំបន់គ្រោះថ្នាក់វិញ គិតមកទល់ពេលនេះ មាន ៤ក្រុមបានកៅអីសុវត្ថិភាពហើយ ពោលគឺ អង្គរថាយហ្គឺរ, គីរីវង់សុខសែនជ័យ, នគរបាលជាតិ និងអាស៊ីអឺរ៉ុបយូណាយធីត បន្ទាប់ពីដាច់ពិន្ទុក្រោមបាតតារាង ដល់លើស ៦ពិន្ទុខណៈការប្រកួតនៅសល់តែ ២ប្រកួតទៀតនឹងបញ្ចប់។

សូលទីឡូអង្គរ ក៏សុវត្ថិភាពផងដែរ បន្ទាប់ពីប្រៀបធៀបពិន្ទុជាមួយក្រុមបាតតារាង យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ដាច់ ៦ពិន្ទុ ប៉ុន្តែសូលទីឡូអង្គរ មានប្រៀបលើរូបមន្តជំនួបជួបគ្នារវាងក្រុមទាំងពីរ (Head to Head) សូលទីឡូអង្គរ ឈ្នះ ១ទល់២ នៅជើងទី១ និងជើងទី២ ស្មើគ្នា ២ទល់២ ដូច្នេះទោះ សូលទីឡូអង្គរ ចាញ់ទាំង ២ប្រកួតចុងក្រោយ ហើយ U-18 បាទី ឈ្នះទាំង ២ប្រកួតចុងក្រោយ ក៏ U-18 បាទី មានអាចឈរលើ សូលទីឡូ បានដែរ។

ដូច្នេះក្រុមដែលត្រូវប្រជែងដើម្បីរួចផុតពីការកាត់ចេញ គឺនៅសល់តែអគ្គិសនីកម្ពុជា ជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ដ្បិតបច្ចុប្បន្ន អគ្គិសនីកម្ពុជា នាំមុខ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ៤ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅសល់ ២ប្រកួតទៀតទើបបញ្ចប់ ក្នុងនោះមាន ១ប្រកួតក្រុមទាំង ២ត្រូវតតាំងគ្នាផងដែរ៕

 

រូបភាព៖ Metfone Cambodian League

មតិយោបល់