សប្ដាហ៍ទី២ នៃលីគលំដាប់ទី២ កម្ពុជា ៣ក្រុមមិនទាន់ស្គាល់ពាក្យថាចាញ់ និង ៣ក្រុមមិនទាន់ស្គាល់ពាក្យថាឈ្នះ

មាស សុផាណារ៉ុង October 12, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី២ ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ខណៈ មាន ៣ក្រុមបន្តធ្វើបានយ៉ាងល្អដោយមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ។

ការប្រកួតដ៏ជក់ចិត្តចំនួន ៥គូ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ ទាំងសងខាង ជាពិសេសមានគ្រាប់បាល់ ២០គ្រាប់ កើតឡើង ដូចខាងក្រោម៖

ជ័យជម្នះដែលត្រូវបានចាត់ទុកថាធំធេងជាងគេ គឺក្នុងការប្រកួតរវាង ខេត្តស្វាយរៀង ជាមួយ ខេត្តកំពង់ស្ពឺ ពោលគឺមានដល់ទៅ ៧គ្រាប់ គ្រាដែលការប្រកួតរវាង ព្រៃវែង ជាមួយ កោះកុងអែហ្វស៊ី ក៏បានបន្សល់ទុកគ្រាប់បាល់ច្រើនគ្រាប់ផងដែរ។

ក្រុមដែលទទួលការចាប់អារម្មណ៍ ក៏ដូចជាចាត់ទុកថាជាបេក្ខភាពមានភាគរយប្រជែងកៅអីឡើងមកលីគកំពូលដូចជា ខេត្តព្រៃវែង ជាមួយ អាយអេសអាយ ដង្កោរសែនជ័យ ពុំទាន់ទទួលរងបរាជ័យនៅឡើយទេ បូករួមជាមួយក្រុមដែលដាច់ខាតមិនអាចឡើងមកលីគកំពូលកម្ពុជា រដូវកាលក្រោយ កងយោធពលខេមរភូមិន្ទ U-21 ក៏ធ្វើបានល្អដោយមិនទាន់ចាញ់ដូចគ្នាផងដែរ។

ដោយឡែក ស្វាយរៀង និង សៀមរាប នៅសប្ដាហ៍នេះអាចរកបាន ៣ពិន្ទុជាលើកដំបូង ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួន គ្រាដែល U-21 ភ្នំពេញក្រោន ខាតបង់ ៣ពិន្ទុជាលើកដំបូង ខណៈ កំពង់ស្ពឺ, ត្បូងឃ្មុំ និងឬទ្ធីសែន នៅតែបន្តទទួលរងបរាជ័យ ២សប្ដាហ៍ជាប់ៗគ្នា

តារាងចំណាត់ថ្នាក់សរុបសប្ដាហ៍ទី២៖

សូមបញ្ជាក់ជាថ្មីថា ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទីទី០៣ ខែតុលា ហើយប្រកួតតែមួយជើងប៉ុណ្ណោះ ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។

ក្រុមតែមួយប៉ុណ្ណោះដែលឈ្នះជើងឯកក្នុងវគ្គប្រជែងជើងឯក នឹងទទួលបានកៅអីឡើងមកលីគកំពូលកម្ពុជា នារដូវកាល២០២១ ខណៈ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ មិនអាចឡើងមកលីគកំពូលបានឡើយ ទោះជាឈ្នះជើងឯក ឬបានលេខ២ ព្រោះពួកគេជាក្រុមឧបសម្ព័ន្ធរបស់ក្លិបភ្នំពេញក្រោន និង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងលេងនៅលីគកំពូលស្រាប់៕

 

រូបភាព៖ Cambodian League 2

មតិយោបល់