លីគទី២កម្ពុជា ក្រុមឈ្នះ ប៉ះឈ្នះ និងក្រុមចាញ់ ប៉ះចាញ់ ជំនួបសប្ដាហ៍ទី២ រសៀលនេះ

មាស សុផាណារ៉ុង October 10, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ នឹងបន្តការប្រកួត សប្ដាហ៍ទី២ របស់ខ្លួន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ ដោយក្រុមឈ្នះ ប៉ះឈ្នះ និងក្រុមចាញ់ ប៉ះចាញ់។

សប្ដាហ៍ដ៏គួរឲ្យចាប់អារម្មណ៍ដទៃទៀតនេះ គឺក្រុមមិនទាន់ចាញ់ដូចជា ព្រៃវែង, ភ្នំពេញក្រោន, អាយអេសអាយដង្កោសែនជ័យ និងកោះកុងអែហ្វស៊ី ត្រូវប៉ះគ្នាទៅវិញទៅមក ដោយឡែក កងយោធពលខេមរភូមិន្ទ ដែលមិនទាន់ចាញ់ដូចគ្នាផងដែរនោះ នឹងត្រូវជួបក្រុមដែលរងបរាជ័យប្រកួតដំបូង ក្លិបបាល់ទាត់ត្បូងឃ្មុំ។

ក្រុមចំនួន ៤ផ្សេងទៀតដែលមិនទាន់ទទួលបានជ័យជម្នះ គឺរួមមាន ស្វាយរៀង, កំពង់ស្ពឺ, ក្លិបបាល់ទាត់សៀមរាប និងឬទ្ធីសែន ក៏នឹងត្រូវតតាំងគ្នាទៅវិញទៅមកដើម្បីស្វែងរកពិន្ទុជាលើកដំបូងរៀងៗខ្លួន។

កម្មវិធីប្រកួតមានការដូចខាងក្រោម៖

សូមបញ្ជាក់ថា ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺគ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទីទី០៣ ខែតុលា នេះតទៅ ប្រកួតតែមួយជើងប៉ុណ្ណោះ ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។

ក្រុមតែមួយប៉ុណ្ណោះដែលឈ្នះជើងឯកក្នុងវគ្គប្រជែងជើងឯក នឹងទទួលបានកៅអីឡើងមកលីគកំពូលកម្ពុជា នារដូវកាល២០២១ ខណៈ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ មិនអាចឡើងមកលីគកំពូលបានឡើយ ទោះជាឈ្នះជើងឯក ឬបានលេខ២ ព្រោះពួកគេជាក្រុមឧបសម្ព័ន្ធរបស់ក្លិបភ្នំពេញក្រោន និង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងលេងនៅលីគកំពូលស្រាប់៕

 

រូបភាព៖ Cambodian League 2

មតិយោបល់