ប្រធានក្លិបបាល់ទាត់ខេត្តព្រៃវែង បង្ហើបពីប្រភពចំណូលដ៏ធំ ក្រោយផ្លាស់ប្ដូររចនាសម្ព័ន្ធទៅជាក្លិបអាជីព

មាស សុផាណារ៉ុង October 8, 2020


 

ព្រៃវែង៖ ប្រធានសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង និងជាអភិបាលរងខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន បានបង្ហើបពីប្រភពចំណូលដ៏ធំដើម្បីទ្រទ្រង់ក្លិប បន្ទាប់ពីបានផ្លាស់ប្ដូររចនាសម្ព័ន្ធទៅជាក្លិបអាជីព ជាផ្លូវការកាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ។

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ឯកឧត្តមដែលជាប្រធានក្លិបត្រូវបានអ្នកសារព័ត៌មានចោទសួរអំពីប្រភពចំណូល ថានឹងប្រើប្រាស់ថវិការដ្ឋ ឬក៏យ៉ាងណា? ឆ្លើយតបទៅនឹងសំណួរនេះ ឯកឧត្តម សួន សុម៉ាលីន បានបញ្ជាក់ថាគឺទទួលបានមកពីក្រុមហ៊ុនឯកជនឧបត្ថម្ភ រួមទាំងសប្បុរសជននានា ទាំងក្នុង និងក្រៅខេត្ត។

ឯកឧត្តម សួន សុម៉ាលីន មានប្រសាសន៍យ៉ាងដូច្នេះ៖ «ក្លិបកីឡាបាល់ទាត់ខេត្តព្រៃវែង គឺជាក្លិបមួយរបស់រដ្ឋបាលខេត្តព្រៃវែង សួរថាតើធនធានថវិកាដែលយកមកទ្រទ្រង់ក្លិបបានមកពីណា ប្រើប្រាស់ថវិការដ្ឋ ឬក៏បានមកពីគេហៅថាសប្បុរសជន? ខ្ញុំបាទ សូមបញ្ជាក់ថា ក្រោមការជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្ត យើងប្រឹងប្រែងស្វះស្វែងរកថវិកាពីគេហៅថាទី១ គឺ sponsor ដោយមិនប្រើប្រាស់ថវិការបស់រដ្ឋទេ ថវិការបស់គឺសម្រាប់កញ្ចប់ថវិកា គេហៅថាកម្មវិធីដែលមាននៅក្នុងផែនការឆ្នាំ អ៊ីចឹងសម្រាប់ក្លិបកីឡានេះយើងប្រើប្រាស់ថវិកា sponsor ទី១, ទី២ គឺស្វះស្វែងរកការគាំទ្រពីសប្បុរសជន អាហ្នឹងយើងដឹង យើងដើរសុំគេ ពាក្យថាសុំគេមិនខុសទេ កុំឲ្យតែយើងគិតថាទៅធ្វើអ្វីមួយដែលវាខុសនីតិវិធី។»

«បច្ចុប្បន្នភាពនេះ ក្លិបរបស់យើងបានទទួលនូវក្រុមហ៊ុនមួយដែលជា main sponsor (ម្ចាស់ឧបត្ថម្ភធំ) គឺក្រុមហ៊ុនជីបម៉ុងគ្រុប របស់ឧកញ្ញា លាង ឃុន អ៊ីចឹងគាត់គឺជា main sponsor ហើយខ្ញុំបាទកំពុងស្វះស្វែងដើម្បីរក គេហៅថា sponsor បន្ទាប់បន្សំទៀត ដែលយើងថាហៅ Co-Sponsor នេះ ហើយបច្ចុប្បន្ននេះខ្ញុំបាទព្យាយាមស្វែងរកសប្បុរសជន ដើម្បីជួយគាំទ្របន្ថែម ជាពិសេសយើងដឹងហើយមានតែអ្នករកស៊ីក្នុងខេត្តយើងដែលគាំទ្រ ប៉ុន្តែបើសិនជាមានសប្បុរសជនមកពីក្រៅគាំទ្រទៀត យើងនឹងស្វាគមន៍។» ឯកឧត្តម បានបង្ហើបឲ្យដឹងនូវម្ចាស់ឧបត្ថម្ភធំរបស់ក្លិប។

គួរបញ្ជាក់ថា សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង បានបង្កើតឲ្យទៅជាក្លិបអាជីពបែបនេះ ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមានថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារបច្ចេកទេស និងធនធានកីឡាករគ្រប់គ្រាន់ ដោយឈរលើទិសដៅមួយដ៏ច្បាស់លាស់ក្នុងការប្រកួតប្រជែង និងការអភិវឌ្ឍយុវជន មានសមត្ថភាព និងទេពកោសល្យបានលេងបាល់ទាត់ ហើយក្លាយជាធនធានបន្ដវេននាពេលអនាគតប្រកបដោយសក្ដានុពល ជាពិសេស គឺដើម្បីត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមឆ្នាំ ២០២៣ ដែល ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងរបស់ខ្លួន។

ក្លិបនេះ ក៏ត្រូវបានគេរំពឹងថា អាចជាបេក្ខភាពមួយប្រជែងកៅអីឡើងមកលីគកំពូលកម្ពុជា នារដូវកាលក្រោយ (២០២១) ផងដែរ ដោយបច្ចុប្បន្នកំពុងប្រកួតក្នុងពានរង្វាន់លីគលំដាប់ទី២ កម្ពុជា ដែលបានដំណើរការបាន ១សប្ដាហ៍រួចមកហើយ ហើយបាននឹងកំពុងនាំមុខតារាងចំណាត់ថ្នាក់លីគ ដែលមាន ១០ក្រុមចូលរួមមួយនេះផងដែរ៕

 

ប្រភពព័ត៌មាន៖ BTV News

រូបភាព៖ Prey Veng Football Club

មតិយោបល់