សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ប្រកាសក្លាយខ្លួនទៅជាក្លិបអាជីព និងផ្ដាច់ខ្លួនចេញពី U-18 វិសាខា ជាផ្លូវការ

មាស សុផាណារ៉ុង October 7, 2020


 

ព្រៃវែង៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំនៃក្លិបវិសាខា ដែលធ្លាប់តែត្រូវបានគេស្គាល់ថាជាក្រុមតំណាងឲ្យខេត្តព្រៃវែង ប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២០ ពេលនេះអាចប្រែក្លាយខ្លួនទៅជា សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ជាផ្លូវការហើយ ហើយនឹងលែងជាក្រុមឧបសម្ព័ន្ធរបស់ក្លិបបាល់ទាត់វិសាខា តទៅទៀតផងដែរ។ នេះបើយោងតាមការប្រកាសនៅលើគេហទំព័រផ្លូវការរបស់ក្លិបផ្ទាល់។

យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប បានសរសេរបញ្ជាក់ថា៖

«សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង មានកិត្តិយសជម្រាបជូនបងប្អូនទាំងអស់ឲ្យបានជ្រាបថា ខេត្តព្រៃវែងយើង បានបង្កើតសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមានថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារបច្ចេកទេស និងធនធានកីឡាករគ្រប់គ្រាន់ ដោយឈរលើទិសដៅមួយដ៏ច្បាស់លាស់ក្នុងការប្រកួតប្រជែង និងការអភិវឌ្ឍយុវជន មានសមត្ថភាព និងទេពកោសល្យបានលេងបាល់ទាត់ ហើយក្លាយជាធនធានបន្ដវេននាពេលអនាគតប្រកបដោយសក្ដានុពល ជាពិសេស គឺដើម្បីត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមឆ្នាំ ២០២៣ ដែល ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងរបស់ខ្លួន។

បច្ចុប្បន្នសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែងរបស់យើង កំពុងធ្វើការងារជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយគោរពតាមនីតិវិធី និងច្បាប់របស់សហព័ន្ធ ដើម្បីទទួលបានអាជ្ញាប័ណ្ណក្លឹប។»

គួរដឹងដែរថា ការកែប្រែរចនាសម្ព័ន្ធខ្លួនបែបនេះ ត្រូវបានដឹងថា គឺដើម្បីធ្វើយ៉ាងណាឲ្យសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ទទួលបានឱកាសឡើងមកលេងនៅលីគកំពូលកម្ពុជា នារដូវកាលក្រោយ ប្រសិនបើក្រុមនេះអាចទទួលបានចំណាត់ថ្នាក់លេខ១ ឬក៏ករណីពិសេស (ចំណាត់ថ្នាក់លេខ២) ព្រោះបើយោងតាមលក្ខន្តិកៈប្រកួត ក្រុមដែលអាចឡើងមកលីគកំពូលបាន ដាច់ខាតគឺមិនមែនជាក្រុមឧបសម្ព័ន្ធរបស់ក្លិបដែលកំពុងប្រកបអាជីពនៅលីគកំពូលស្រាប (ឧទាហរណ៍ជាក់ស្ដែង ប្រសិនបើ U-18 វិសាខា មិនផ្ដាច់ខ្លួនពី ក្លិបបាល់ទាត់វិសាខា នោះទេ នោះគេនឹងមិនឡើងមកលេងនៅលីគកំពូលបានឡើយ ស្របពេលដែល ២ក្រុមទៀត ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និងក្រុមយុវជនកងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ ច្បាស់ការណ៍គឺមិនអាចឡើងមកលីគកំពូលបាននោះទេ)។

ដូច្នេះ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំនៃក្លិបវិសាខា ដែលបច្ចុប្បន្នកំពុងលេងតំណាងឲ្យខេត្តព្រៃវែងស្រាប់គឺត្រូវបំបែកខ្លួនចេញពីការគ្រប់គ្រងរបស់ក្លិបវិសាខា រួមទាំងត្រូវផ្ដាច់កិច្ចសន្យារវាងកីឡាករជាមួយក្លិបដូចគ្នាផងដែរ។

សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង បាននឹងកំពុងចូលរួមប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ ជាមួយក្រុមចំនួន ៩ផ្សេងទៀតរួមមាន ក្លិបបាល់ទាត់កោះកុងអែហ្វស៊ី, ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ, ក្លិបបាល់ទាត់សៀមរាប, ក្លិបបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ, ក្លិបបាល់ទាត់ខេត្តត្បូងឃ្មុំ, ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនកងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ។

ចំពោះ កាលបរិច្ឆេទនៃការប្រកួត ‘លីគលំដាប់ទី២ កម្ពុជា’ គឺបានចាប់ផ្ដើមធ្វើតាំងពីថ្ងៃទី០៣ ខែតុលា ហើយសប្ដាហ៍ដំបូងរបស់ក្រុមនេះ បានយកឈ្នះ ឬទ្ធីសែន ដល់ទៅ ១១ទល់២ ថែមទៀតផង និងកំពុងនាំមុខកំពូលតារាង៕

 

រូបភាព៖ Prey Veng Football Club

មតិយោបល់