លោក មាស ចាន់ណា ថាជំនួបរវាងណាហ្គា ជាមួយ ស្វាយរៀង គឺមានតែ ៣០ភាគរយប៉ុណ្ណោះដែលអាចដល់វគ្គកាត់សេចក្ដី ១១ម៉ែត្រ

មាស សុផាណារ៉ុង October 7, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ ៨ក្រុមចុងក្រោយនឹងបន្តការប្រកួត ជើងទី២ ចំនួន ២គូ សម្រាប់ថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ នេះ រួមមាន គីរីវង់សុខសែនេជ័យ ទទួល ភ្នំពេញក្រោន និងណាហ្គាវើលដ៍ ឡើងទៅជួប ព្រះខ័នរាជស្វាយរៀង។

សម្រាប់ជំនួបរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ណាហ្គាវើលដ៍ ដាច់ខាតគឺត្រូវការឈ្នះទៅវិញទៅមក បើមិនដូច្នេះនឹងត្រូវឈានទៅដល់វគ្គកាត់សេចក្ដីដោយការទាត់បាល់ ១១ម៉ែត្រ ដ្បិតការប្រកួតកាលពីជើងទី១ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ២ទល់២ ប៉ុន្តែ លោក មាស ចាន់ណា ដែលជាគ្រូបង្វឹកណាហ្គាវើលដ៍ បានលើកឡើងថា គឺមានភាគរយតែ ៣០ភាគរយប៉ុណ្ណោះដែលការប្រកួតនេះអាចឈានដល់ការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី។

លើកឡើងនៅលើគេហទំព័រហ្វេសប៊ុកក្លិប NagaWorld FC លោក មាស ចាន់ណា បាននិយាយយ៉ាងដូច្នេះ៖ «ខ្ញុំគិតថាដល់វគ្គប៉េណាល់ទីគឺប្រហែលតែ ៣០ភាគរយអីទេ ប៉ុន្តែយើងនៅតែបង្ការរហូត បង្ការដល់គន្លែកប៉េណាល់ទីយើងត្រូវតែត្រៀមយ៉ាងម៉េច គន្លែកនៅចុងម៉ោងយើងត្រូវត្រៀមយ៉ាងម៉េច យើងត្រៀមហើយជាស្រេចហើយ ព្រោះបើយើងអត់ត្រៀមទេវាអាចនឹងកើតមាននៅពេលប្រកួតប្រហែលជាវាជាផលវិបាករបស់យើង។»

មានយោបល់ប្រៀបធៀបរវាងលីគ ជាមួយនឹងពានរង្វាន់សម្តេច និងជាពិសេសកាលពីជើងទី១ រវាងក្រុមទាំងពីរ គ្រូបង្វឹកវ័យ ៤០ឆ្នាំរូបនេះបានឲ្យដឹងទៀតថា៖ «បើប្រៀបធៀបទៅនឹងលីគ ហើយនឹងពានរង្វាន់សម្តេច និងប្រៀបធៀបជាមួយជើងទី១ គឺខ្ញុំជឿថាមិនលើសគ្នាទេ ទម្រង់នៃការលេង របៀបនៃការលេង មិនលើសគ្នាទេ ហើយជាពិសេសចំពោះពានរង្វាន់សម្តេចវិញមិនលើពីជើងទី១ទេ អ៊ីចឹងនៅត្រដំត្រសង នៅប្រហាក់ប្រហែលគ្នា ទី១ ខ្ញុំនិយាយថាប្រហាក់ប្រហែលគ្នាគឺដោយសារទាក់ទងនឹងកីឡាករ ទាក់ទង់នឹងការយល់ដឹងរបស់កីឡាករ និងរបៀបនៃគារលេង គឺខ្ញុំគិតថាការរៀបចំគឺប្រហាក់ប្រហែលគ្នា អ៊ីចឹងវាមិនទាន់ថាមាននរណាមួយនឹងថាដាច់នោះទេ។»

សូមបញ្ជាក់ថា ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ណាហ្គាវើលដ៍ នឹងធ្វើឡើងនៅវេលាម៉ោង ៦:០០នាទីល្ងាច នាកីឡដ្ឋានខេត្តស្វាយរៀង ខណៈការប្រកួតមានការបើកឲ្យទស្សនិកជន ១០ភាគរយចូលទស្សនា និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់