មានក្លិបល្អៗដល់ទៅ៤ ក្នុងទឹកដីអង្គរ គឺជារឿងល្អសម្រាប់យុវជនខេត្តសៀមរាប

មាស សុផាណារ៉ុង October 6, 2020


 

សៀមរាប៖ ខេត្តសៀមរាបគឺត្រូវបានដឹងថាជាខេត្តដែលកំពុងមានក្លិបបាល់ទាត់ដល់ទៅ៤ ក្នុងនោះ ២ក្លិបគឺជាក្លិបអាជីព និង ២ក្លិបទៀតកំពុងវិវឌ្ឍន៍ខ្លួនឲ្យក្លាយជាក្លិបអាជីពពិតប្រាកដជាបណ្ដើរៗហើយ ខណៈការដែលមានក្លិបល្អៗដល់ទៅ៤ ក្នុងទឹកដីអង្គរ គឺជារឿងល្អសម្រាប់យុវជនខេត្តសៀមរាប នេះបើតាមការលើកឡើងដោយ លោក លី ធារ៉ា គ្រូបង្វឹកនៃក្លិបបាល់ទាត់សៀមរាប។

ក្លិបបាល់ទាត់ដែលកំពុងមានសកម្មភាពអាជីពយ៉ាងផុសផុលទាំង ៤ក្លិបនោះរួមមាន ក្លិបបាល់ទាត់សូលទីឡូអង្គរ, ក្លិបបាល់ទាត់អង្គរថាយហ្គឺរ, ក្លិបបាល់ទាត់សៀមរាប និងក្លិបបាល់ទាត់សៀមរាបយូណាយធីត។

ដោយសម្លឹងឃើញនូវសក្ដានុពលរបស់ក្លិបនីមួយៗបែបនេះ លោក លី ធារ៉ា គ្រូបង្វឹកនៃក្លិបបាល់ទាត់សៀមរាប បានចាត់ទុកថាជារឿងល្អសម្រាប់យុវជនខេត្តសៀមរាប ជាពិសេសងាយស្រួលក្នុងការជ្រើសរើសកីឡាករល្អៗជាដើមផងដែរ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលកន្លងមក លោក លី ធារ៉ា បានលើកឡើងដូច្នេះថា៖ «សម្រាប់ការយល់ឃើញរបស់ខ្ញុំ គឺល្អសម្រាប់យុវជន ដែលគាត់ងាកពីការធ្វើអ្វីផ្សេងពេលទំនេរមកលេងបាល់ទាត់អ៊ីចឹង គឺល្អមែនទែនសម្រាប់ខេត្តសៀមរាប ហើយខេត្តសៀមរាប មានក្លិបដល់ទៅ២ ដែលជាក្លិបអាជីពប្រកបអាជីពនៅលីគកំពូលយើង បច្ចុប្បន្នគឺមាន សូលទីឡូអង្គរ ហើយនិង ថាយហ្គឺរ ហើយបន្ទាប់មកក៏មានក្លិបជាច្រើនទៀតដូចជា សៀមរាបអែហ្វស៊ី ខ្ញុំនេះផ្ទាល់ ក៏ដូចជា សៀមរាបយូណាយធីត ដែលគេទើបតែនឹងបង្កើត ហើយគាត់មានទីលានផ្ទាល់ខ្លួន ហើយនឹងមានក្លិបតូចៗ ក្រុមយុវជន ជាច្រើនទៀតនៅសៀមរាប គឺមានច្រើន។»

លោក លី ធារ៉ា បានសង្កត់ធ្ងន់ថា៖ «សម្រាប់មានក្លិបច្រើន គឺទាក់ទាញយុវជនច្រើន ហើយយើងក៏ងាយស្រួលក្នុងការជ្រើសរើសកីឡាករល្អៗមកចូលរួមជាមួយក្រុមផងដែរ។»

គួរដឹងដែរថា នៅលើទឹកដីខេត្តដ៏មានសក្ដានុពលទេសចរមួយនេះ និយាយចំពោះតែក្លិបដែលកំពុងផុសផុល និងទាក់ទាញការចាប់អារម្មណ៍ គេដឹងថាក្លិបបាល់ទាត់សៀមរាប បង្កើតមុនគេតាំងពីឆ្នាំ២០០៧ បន្ទាប់មកក៏មានការបំបែកខ្លួនទៅជា សូលទីឡូអង្គរ នៅពេលដែល លោក Keisuke Honda ចូលខ្លួនមកធ្វើជាម្ចាស់ភាគហ៊ុនពាក់កណ្ដាល ខណៈអង្គរថាយហ្គឺរ ដែលដើមឡើយមានមូលដ្ឋាននៅភ្នំពេញ បានសម្រេចផ្លាស់ទៅតាំងមូលដ្ឋាននៅខេត្តសៀមរាប នៅឆ្នាំ២០១៧ ដោយឡែកក្លិបចុងក្រោយគេដែលកំពុងកសាងឲ្យក្លាយទៅជាក្លិបអាជីព សៀមរាបយូណាយធីត បានបង្កើតនៅឆ្នាំ២០១៩ ជាការបំបែកខ្លួនពីក្លិបគីរីដងរែក ផងដែរ និងក៏ជាក្លិបដែលពិសេសជាងគេដោយមានកីឡដ្ឋានផ្ទាល់ខ្លួន ហើយបាននឹងកំពុងរៀបចំក្រុមថ្នាលយុវជន ជាមួយនឹងការសម្លឹងគោលដៅចូលលេងលីគអាជីពផងដែរ៕

 

រូបភាព៖ CNCC

មតិយោបល់