គ្រូនារីភ្នំពេញក្រោន បានឲ្យដឹងថាប៉ះស្វាយរៀង និងបាត់ដំបង គឺពិបាកក្នុងតតាំងដូចគ្នា ក្រោយប្រមូលបាន ៤ពិន្ទុពីក្រុមទាំងពីរ

មាស សុផាណារ៉ុង October 5, 2020


 

ភ្នំពេញ៖ ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានរកបាន ៣ពិន្ទុជាលើកដំបូងក្នុងពានរង្វាន់លីគបាល់ទាត់នារី (Cambodian Women’s League) រដូវកាល២០២០ ក្រោយបានយកឈ្នះ ក្រុមបាល់ទាត់នារីខេត្តបាត់ដំបង ៤ទល់២ និងបន្ទាប់បានត្រឹមស្មើជាមួយ ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង កាលពីសប្ដាហ៍មុន។

ជ័យជម្នះ ៤ទល់២ លើក្រុមដែលគេទទួលស្គាល់ថាជាក្រុមខ្លាំងខាងផ្នែកបាល់ទាត់នារីមួយនេះផងដែរនោះ ត្រូវបានអ្នកគ្រូបង្វឹករបស់ក្រុមនារីភ្នំពេញក្រោន ម៉ៅ សាវីន សម្ដែងក្ដីរីករាយ ជាពិសេសបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់កូនក្រុមពិតប្រាកដ។

ថ្លែងនៅក្រោយចប់ការប្រកួត អ្នកគ្រូបង្វឹក ម៉ៅ សាវីន បានរៀបរាប់យ៉ាដូច្នេះ៖ «សម្រាប់ខ្ញុំ ពិតជាសប្បាយចិត្តមែនទែន ហើយខ្ញុំសូមអរគុណដល់កីឡាការិនី ហើយនឹងក្រុមការងារខ្ញុំទាំងអស់ ដែលបានខំប្រឹង ជាពិសេសកីឡាការិនីរបស់យើងខំប្រឹងខ្លាំងមែនទែន។ ការប្រកួតថ្ងៃនេះ យើងឈ្នះ គឺចេញមកពីប្រឹងប្រែងខ្លាំងមែនទែន ទាំងការហ្វឹកហាត់ និងការរៀបចំក្រុមរបស់យើង ជាពិសេសកីឡាការិនីគឺគាត់ ១០០ភាគរយនៅលើទីលាន។»

យ៉ាងណាមិញ នេះគឺជាជ័យជម្នះលើកដំបូងបន្ទាប់សប្ដាហ៍ទី១ បានត្រឹមស្មើជាមួយ ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង ប៉ុន្តែអ្នកគ្រូបង្វឹកដែលកាន់សញ្ញាបត្រគ្រូបង្វឹក កម្រិត “A License’ រូបនេះទទួលស្គាល់ថាការប្រកួតជាមួយក្រុមទាំងពីរគឺពិបាកដូចគ្នា ប៉ុន្តែការសម្រេចលទ្ធផលគឺមកពីកត្តាអាកាសធាតុរួមផ្សំ។ «សម្រាប់ខ្ញុំ ក្រុមទាំងពីរគឺពិបាកលេងដូចគ្នា ប៉ុន្តែជាក់ស្ដែងនៅស្វាយរៀង ដោយសារវាមានភ្លៀងធ្លាក់ចឹងយើងមិនអាចលេងបាល់ដោយបច្ចេកទេសបាន តែប៉ះបាត់ដំបង អត់មានភ្លៀងធ្លាក់ យើងអាចលេងបាល់បច្ចេកទេស ហើយក្រុមទាំងពីរគឺខ្លាំងទាំងពីរ។» សម្ដីរបស់អ្នកគ្រូ ម៉ៅ សាវីន។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បច្ចុប្បន្នកំពុងឈរនៅលេខ៣ នៃតារាងចំណាត់ថ្នាក់ដែលមាន ១០ក្រុម ក្រោយប្រកួត ២ដង ឈ្នះ១ និងស្មើ១ ពុំទាន់ចាញ់ មាន ៤ពិន្ទុក្នុងដៃ និងតាមពីក្រោយក្រុមកំពូលតារាង កំពង់ស្ពឺណាហ្គាវើលដ៍ និងខេត្តសៀមរាប ២ពិន្ទុ ខណៈសប្ដាហ៍បន្ទាប់គឺត្រូវប៉ះ ខេត្តសៀមរាប នៅទឹកដីនៃខេត្តសៀមរាប ផ្ទាល់តែម្ដងផងដែរ។

សូមរំឭកថាពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺគ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២៧ ខែកញ្ញា ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០៕

 

រូបភាព៖ Phnom Penh Crown Women’s Team

មតិយោបល់