យ៉ុន យ៉ើន កីឡាការិនីក្រុមកំពង់ស្ពឺណាហ្គាវើលដ៍ កំពុងទទួលការចាប់អារម្មណ៍ ក្រោយលេងបាន ២ប្រកួតរកបាន ១០គ្រាប់ ក្នុងលីគបាល់ទាត់នារី

មាស សុផាណារ៉ុង October 5, 2020


 

កំពង់ស្ពឺ៖ ការប្រកួតពានរង្វាន់លីគបាល់ទាត់នារី (Cambodian Women’s League) រដូវកាល២០២០ បានដំណើរការប្រកួតបាន ២សប្ដាហ៍រួចមកហើយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ចំនួនគ្រាប់បាល់ ដែលគិតមកទល់ពេលនេះ គឺមានដល់ទៅ ៦៦គ្រាប់ និងក៏មានកីឡាការិនី ដែលរកគ្រាប់បាល់បានច្រើនផងដែរ។

កីឡាការិនី យ៉ុន យ៉ើន ដែលជាខ្សែប្រយុទ្ធជួរមុខរបស់ក្រុមបាល់ទាត់កំពង់ស្ពឺណាហ្គាវើលដ៍ កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកតាមដានបាល់ទាត់ ជាពិសេសបាល់ទាត់នារី បន្ទាប់ពីរកបានដល់ទៅ ១០គ្រាប់ ក្នុងចំណោមការប្រកួត ២លើក ជាពិសេសជួយឲ្យ កំពង់ស្ពឺណាហ្គាវើលដ៍ ឈរកំពូលតារាងផងដែរ ជាពិសេសកាលពីចុងសប្ដាហ៍កន្លងទៅបានជួយឲ្យ កំពង់ស្ពឺណាហ្គាវើលដ៍ វាយបកយកឈ្នះលើ ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង។

កីឡាការិនីរូបនេះ បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃកីឡាការិនី រកគ្រាប់បាល់បានច្រើនជាងគេ បន្ទាប់ពីសប្ដាហ៍ដំបូង រកគ្រាប់បាល់បាន ៧គ្រាប់ ជួយឲ្យក្រុមឈ្នះ ក្រុមបាល់ទាត់នារីសមាគមកីឡាកងយោធពលខេមរភូមិន្ទ ០-១៩ និងសប្ដាហ៍នេះរកបាន ៣គ្រាប់ម្នាក់ឯងជួយឲ្យក្រុមឈ្នះ ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង ៥-៣។

ឆ្លងកាត់ការប្រកួត ២សប្ដាហ៍ គឺឃើញមាន ៣ក្រុមពុំទាន់ស្គាល់ពាក្យថាចាញ់នៅឡើយរួមមាន កំពង់ស្ពឺណាហ្គាវើលដ៍ (ឈ្នះទាំង ២ប្រកួត), ខេត្តសៀមរាប (ឈ្នះទាំង ២ប្រកួត) និងភ្នំពេញក្រោន (ឈ្នះ១ ស្មើ១) ខណៈមាន ២ក្រុមផងដែរ ដែលពុំតឲរកពិន្ទុបាននៅឡើយគឺក្រុមរបស់ក្លិបលីគកំពូលកម្ពុជា នារីបឹងកេត និងនារីកងយោធពលខេមរភូមិន្ទ បន្ទាប់ពីរងបរាជ័យ ២ប្រកួតជាប់ៗគ្នាដូចគ្នា។

តារាងចំណាត់ថ្នាក់សប្ដាហ៍ទី២ នៃលីគបាល់ទាត់នារី៖

បញ្ជាក់ថា ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺគ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២៧ ខែកញ្ញា ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០៕

 

រូបភាព៖ Cambodian Women’s League | Naga World FC

មតិយោបល់