ព្រៃវែង នាំមុខកំពូលតារាងនៃលីគលំដាប់ទី២ កម្ពុជា ក្នុងសប្ដាហ៍ដំបូងដែលមានការទាត់ចូលទីគ្នាដល់ទៅ ៣០គ្រាប់

មាស សុផាណារ៉ុង October 5, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ បានបញ្ចប់ការប្រកួតសប្ដាហ៍ដំបូងរបស់ខ្លួន កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ខណៈ សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ជាមួយ U-21 ភ្នំពេញក្រោន ធ្វើបានល្អជាងគេ ក្នុងសប្ដាហ៍ទី១ នេះ។

ការប្រកួតដ៏ជក់ចិត្តចំនួន ៥គូ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ ទាំងសងខាង ជាពិសេសមានគ្រាប់បាល់ដល់ទៅ ៣០គ្រាប់ កើតឡើង ដូចខាងក្រោម៖

ជ័យជម្នះដែលត្រូវបានចាត់ទុកថាធំធេងជាងគេ គឺក្នុងការប្រកួតរវាង សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ជាមួយ ក្លិបបាល់ទាត់ឬទ្ធីសែន ពោលគឺមានដល់ទៅ ១៣គ្រាប់ ដែលវាជាចំនួនស្ទើរពាក់កណ្ដាលនៃគ្រាប់បាល់ទាំង ៣០គ្រាប់នៅក្នុងសប្ដាហ៍ដំបូងនេះ គ្រាដែលការប្រកួតរវាង ខេត្តត្បូងឃ្មុំ ជាមួយ U-21 ភ្នំពេញក្រោន ក៏បានបន្សល់ទុកគ្រាប់បាល់ច្រើនគ្រាប់ផងដែរ។

ក្រុមដែលទទួលការចាប់អារម្មណ៍ ក៏ដូចជាចាត់ទុកថាជាបេក្ខភាពមានភាគរយប្រជែងកៅអីឡើងមកលីគកំពូល ជំនួបរវាង អាយអេសអាយ ដង្កោរសែនជ័យ ជាមួយ ក្លិបបាល់ទាត់សៀមរាប បានបញ្ចប់ទៅដោយតានតឹងបំផុត បន្ទាប់ពីមានគ្រាប់បាល់តែមួយគ្រាប់គត់ពីខាងក្រុមម្ចាស់ផ្ទះ។

តារាងចំណាត់ថ្នាក់សរុបសប្ដាហ៍ទី១៖

សូមបញ្ជាក់ជាថ្មីថា ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺគ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទីទី០៣ ខែតុលា នេះតទៅ ប្រកួតតែមួយជើងប៉ុណ្ណោះ ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។

ក្រុមតែមួយប៉ុណ្ណោះដែលឈ្នះជើងឯកក្នុងវគ្គប្រជែងជើងឯក នឹងទទួលបានកៅអីឡើងមកលីគកំពូលកម្ពុជា នារដូវកាល២០២១ ខណៈ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ មិនអាចឡើងមកលីគកំពូលបានឡើយ ទោះជាឈ្នះជើងឯក ឬបានលេខ២ ព្រោះពួកគេជាក្រុមឧបសម្ព័ន្ធរបស់ក្លិបភ្នំពេញក្រោន និង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងលេងនៅលីគកំពូលស្រាប់៕

 

រូបភាព៖ Cambodian League 2 | Prey Veng Football Club

មតិយោបល់