គីរីវង់សុខសែនជ័យ ក្លាយជាក្រុមសុវត្ថិភាពដទៃទៀត ដែលនឹងបន្តរួមរស់នៅលីគកំពូលកម្ពុជា រដូវកាលក្រោយ

មាស សុផាណារ៉ុង October 5, 2020


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានឈានទៅបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ដទៃទៀត គឺសប្ដាហ៍ទី១៦ ត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ ជាមួយនឹងការប្រកួតរវាងក្រុមដើម្បីប្រជែងពីការកាត់ចេញទៅលីគទី២ នៅរដូវកាលក្រោយ ពីលេខ ៧ដល់លេខ១៣ ខណៈកំពុលទាំង៦ ដែលជាក្រុមប្រកួតដណ្ដើមជើងឯក គឺពុំមានការប្រកួតឡើយ។

រំឭកពីលទ្ធផលពីការប្រកួតចំនួន ៣គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ រៀងៗខ្លួន និងមិនមានលទ្ធផលស្មើឡើយ ពោលគឺមានឈ្នះចាញ់ទាំង ៣គូ ខណៈលទ្ធផលទាំងស្រុងដូចខាងក្រោម៖

យោងលើលទ្ធផល នៅក្នុងតំបន់នេះ គីរីវង់សុខសែនជ័យ បានក្លាយជាក្រុមទី២ តាមពីក្រោយ អង្គរថាយហ្គឺរ ដែលធានាកន្លែងសុវត្ថិភាព ពោលគឺគេចផុតពីការកាត់ចេញទៅលេងនៅលីគទី២ ហើយបន្ទាប់ពីមានពិន្ទុដាច់ក្រុមបាតតារាង យុវជនសាលាបាល់ទាត់បាទី ដល់ទៅ ១៤ពិន្ទុ  ខណៈដែលនៅសេសសល់ ២ប្រកួតទៀតទើបបញ្ចប់ (ប្រៀបធៀបក្រុមទាំងពីរ)។

ក្រុមបន្ទាប់ទៀតដែលសុវត្ថិភាពនោះគឺ នគរបាលជាតិ ដោយបានដាច់ពិន្ទុជាមួយ យុវជនសាលាបាល់ទាត់បាទី ៨ពិន្ទុ ខណៈក្រុមទាំងនេះនៅសល់តែ ២ប្រកួតដូចគ្នា និងចុងក្រោយគេត្រឹមសប្ដាហ៍នេះគឺ អាស៊ីអឺរ៉ុបយូណាយធីត ដែលនៅសល់ ៣ប្រកួតក្នុងដៃ ហើយដាច់ពិន្ទុ យុវជនសាលាបាល់ទាត់បាទី ចំនួន ៧ពិន្ទុ គ្រាដែល យុវជនបាទី នៅសល់តែ ២ប្រកួតប៉ុណ្ណោះ។

ដូច្នេះក្រុមដែលត្រូវប្រជែងដើម្បីរួចផុតពីការកាត់ចេញ គឺនៅសល់តែសូលទីឡូអង្គរ និងអគ្គិសនីកម្ពុជា សុទ្ធតែមិនទាន់សុវត្ថិភាពនៅឡើយ ស្របពេលដែល យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ក៏នៅតែមានឱកាសគេចផុតពីការកាត់ចេញទៅលីគទី២ ផងដែរ៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់