ទំព័រកំណត់ត្រាថ្មី នៃលីគលំដាប់ទី២ កម្ពុជា ចាប់ផ្ដើមពីថ្ងៃនេះតទៅ

មាស សុផាណារ៉ុង October 3, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ នឹងដំណើរការប្រកួតរដូវកាលថ្មី ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នេះតទៅហើយ ជាមួយនឹងសមាសភាពក្រុមចំនួន ១០ធ្វើការប្រកួតប្រជែងដណ្ដើមជើងឯក។

ព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថា ជាទំព័រកំណត់ត្រាថ្មី នៃលីគលំដាប់ទី២ កម្ពុជា បន្ទាប់ពីអាក់ខានដំណើរប្រកួត ២រដូវកាលកន្លងមកនេះ ពោលគឺបន្ទាប់ពីបានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត និងនៅរដូវកាលទី២ ឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត រដូវកាលបន្ទាប់ (២០១៨ និង ២០១៩)​ គឺខកខានមិនអាចរៀបចំដំណើរការទៅបានឡើយ។

ដោយឡែកនៅរដូវកាល ២០២០ នេះ ក្រុមចំនួន១០ នឹងចូលរួមប្រកួត រួមមាន ក្លិបបាល់ទាត់កោះកុងអែហ្វស៊ី, សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង, ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ, ក្លិបបាល់ទាត់សៀមរាប, ក្លិបបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ និងក្លិបបាល់ទាត់ខេត្តត្បូងឃ្មុំ, ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ។

សម្រាប់សប្ដាហ៍ដំបូងមានការដូចខាងក្រោម៖

សូមបញ្ជាក់ថា ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺគ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទីទី០៣ ខែតុលា នេះតទៅ ប្រកួតតែមួយជើងប៉ុណ្ណោះ ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។

ក្រុមតែមួយប៉ុណ្ណោះដែលឈ្នះជើងឯកក្នុងវគ្គប្រជែងជើងឯក នឹងទទួលបានកៅអីឡើងមកលីគកំពូលកម្ពុជា នារដូវកាល២០២១ ខណៈ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ មិនអាចឡើងមកលីគកំពូលបានឡើយ ទោះជាឈ្នះជើងឯក ឬបានលេខ២ ព្រោះពួកគេជាក្រុមឧបសម្ព័ន្ធរបស់ក្លិបភ្នំពេញក្រោន និង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងលេងនៅលីគកំពូលស្រាប់៕

 

រូបភាព៖ Cambodian League 2

មតិយោបល់