គំរូ Master Plan ថ្មី នៃកីឡដ្ឋានកំពង់ស្ពឺ ត្រូវបានបង្ហាញ ហើយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២២

មាស សុផាណារ៉ុង October 2, 2020


 

កំពង់ស្ពឺ៖ កីឡដ្ឋានកំពង់ស្ពឺ ដែលត្រូវបានស្គាល់ថានឹងក្លាយទៅជាទឹកដីរបស់ក្លិបបាល់ទាត់សមាជិកនៃលីគកំពូលកម្ពុជា ណាហ្គាវើលដ៍ បានលេចចេញគំរូ Master Plan ថ្មី មួយទៀតហើយ ហើយដែលចាត់ទុកថាផ្លូវការផងដែរ។ នេះបើយោងតាមការបង្ហោះដោយទំព័រផ្លូវការនៃ កីឡដ្ឋានកំពង់ស្ពឺ-Kampong Speu Stadium។

រូបភាព កាលពីចុងឆ្នាំ២០១៩

កីឡដ្ឋាននេះគ្រោងនឹងសាងសង់ឡើងនៅលើផ្ទៃដីជាង ៤ហិចតា ជាមួយនឹងទំហំទឹកប្រាក់ចាប់ផ្តើមដំបូងប្រមាណ ២លានដុល្លារអាម៉េរិក ដែលជាថវិកាមូលនិធិរបស់សណ្ឋាគារ​ណាហ្គាវើលដ៍ (បេះដូងសប្បុរស) ប៉ុន្តែនឹងមានការចូលរួមបន្ថែមទៀតពីសប្បុរសជន និងស្ថាប័នឯកជននានា ដើម្បីបង្កើនទំហំចំណាយដែលមានផ្ដោតទៅលើការសាងសង់កីឡដ្ឋានបាល់ទាត់ទំនើបស្ដង់ដាអន្តរជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត សរុបមកទល់ពេលនេះគឺមានតម្លៃ ៣លានដុល្លារអាម៉េរិក។

ធ្លាប់មានប្រសាសន៍ក្រោយពិធីក្រុងពាលី (កាលពី ខែធ្នូ ឆ្នាំ២០១៩) ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងចំពោះរយៈពេលនៃការសាងសង់ថា ពេលវេលាគឺជាកត្តាមួយដែល លោកមិនចង់ឲ្យរត់លឿនពេកនោះទេ លោកចង់ឲ្យមានភាពច្បាស់លាស់ សិក្សាឲ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ មានប្រឹក្សាយោបល់ចេញពីអ្នកជំនាញ ដូច្នេះគុណភាព ប្រសិទ្ធភាព សុវត្ថិភាព គឺពិតជាមានសារៈសំខាន់ ខណៈមកទល់ពេលនេះ កំពុងពិភាក្សាជាមួយក្រុមហ៊ុនមៅការសង់សង់ចំនួន ៣ ដើម្បីថ្លឹងថ្លែង និងបន្ទាប់ពីនោះការសាងសង់នឹងចាប់ផ្ដើមជាផ្លូវការ ដែលនេះជាមូលហេតុនាំឲ្យកីឡដ្ឋានមួយនេះប្រើប្រាស់រយៈពេលយូរនៅក្នុងការសាងសង់។

ចុចអាន៖ កីឡដ្ឋានខេត្តកំពង់ស្ពឺ សាងសង់លើផ្ទៃដីជាង ៤ហិចតា ធ្វើពិធីក្រុងពាលីត្រៀមសាងសង់ជាផ្លូវការ

យ៉ាងណាមិញគិតមកទល់ពេលនេះ កីឡដ្ឋានកំពង់ស្ពឺ បានដំណើរការសាងសង់ជាផ្លូវការហើយ កាលពីឧសភាកន្លងទៅ (ចាប់ផ្ដើមពីខ្លោងទ្វារធំៗ) ដោយគ្រោងចំណាយថវិកាសរុបទាំងអស់ជាង ៣លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២២ ដែលអាចផ្ទុកអ្នកទស្សនាបាន ៦ពាន់នាក់ ប៉ុន្តែបែងចែកចេញ ២ដំណាក់កាល ដំណាក់កាលទី១ ៣ពាន់នាក់ និងដំណាក់កាលទី២ ៣ពាន់នាក់បន្ថែមទៀត។

គំរូ Master Plan ចុងក្រោយបង្អស់៖

គួររំឭកផងដែរថា កីឡដ្ឋាននេះ បានធ្វើពិធីក្រុងពាលី បញ្ចុះខណ្ឌសីមា បើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងតំណាងសណ្ឋាគារណាហ្គាវើលដ៍។ តាមគម្រោងកីឡដ្ឋាន នឹងមានការសាង់សង់ដូចជា ទីលានបាល់ទាត់ដែលមានលក្ខណៈស្ដង់ដាអន្តរជាតិ, មានបំពាក់ទីតាំងសម្រាប់អង្គុយទស្សនា, ទីលានរត់ប្រណាំង, ភ្លើងបំភ្លឺសម្រាប់ការប្រកួតពេលរាត្រី និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតជុំវិញកីឡដ្ឋាន។

សូមបញ្ជាក់ថា បន្ទាប់ពីកីឡដ្ឋាននេះសាងសង់រួច ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ នឹងត្រៀមប្រើប្រាស់កីឡដ្ឋាននេះជាទឹកដីរបស់ខ្លួនផងដែរ សម្រាប់ធ្វើម្ចាស់ផ្ទះនៃប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជាក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន៕

 

រូបភាព៖ កីឡដ្ឋានកំពង់ស្ពឺ-Kampong Speu Stadium 

មតិយោបល់