គ្រូព្រះខ័នរាជស្វាយរៀង៖ មិន រតនៈ កំពុងស្ថិតនៅក្លិបមួយដ៏ត្រឹមត្រូវដើម្បីអភិវឌ្ឍខ្លួន ព្រោះមានរាមច្បងល្អៗជុំវិញខ្លួន

មាស សុផាណារ៉ុង October 1, 2020


 

ស្វាយរៀង៖ លោក Conor Nestor គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្ដែងក្ដីរីករាយជាមួយកីឡាករវ័យក្មេង មិន រតនៈ ក្រោយបង្ហាញទម្រង់លេងកាន់តែគួរឲ្យចាប់អារម្មណ៍ ថាកំពុងស្ថិតនៅក្លិបមួយដ៏ត្រឹមត្រូវ ដើម្បីអភិវឌ្ឍខ្លួន ដែលមានកីឡាកររាមច្បងល្អៗជុំវិញខ្លួនគេ។

មិន រតនៈ (វ័យ១៨ឆ្នាំ) ចាប់ផ្ដើមទទួលបានការទុកចិត្តកាន់តែខ្លាំងពីគ្រូបង្វឹក ដោយមានឱកាសបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ២ប្រកួតចុងក្រោយកន្លងមកនេះ ជាមួយក្រុមខ្លាំងៗ (ទ័ព និងបឹងកេត) ហើយសុទ្ធសឹងតែជាការប្រកួតសំខាន់ៗថែមទៀតផង ពីលើឱកាសដែលធ្លាប់បានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ៤ដង ផ្លាស់ប្ដូរចូលចំនួន ២ដង ទាំងលីគ និងខាប់។

ជាមួយនឹងទាក់ទាញចិត្តលោក រហូតដល់ផ្ដល់ឱកាសដល់សមាជិកនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដែលបានរួមចំណែកឲ្យបានឡើងទៅជុំផ្ដាច់ព្រ័ត្រ កាលពីឆ្នាំទៅ រូបនេះ បាននិយាយដូច្នេះថា៖ «រវាងលីគ និងខាប់ នេះជាការចាប់ផ្តើមជម្រើស ១១នាក់ដំបូងលើកទី៦ សម្រាប់យើង ដែលយើងជឿជាក់ថានៅពេលដែលកីឡាករវ័យក្មេងរបស់យើងប្រឹងប្រែង និងស្តាប់គ្រូបង្វឹករបស់ពួកគេពួកគេគួរតែទទួលបានឱកាស។ ចំពោះរតនៈ គាត់កំពុងតែទទួលបានឱកាសក្នុងក្រុម។ គាត់លេងប្រកបដោយគុណភាព បច្ចេកទេសច្រើន ប៉ុន្តែសំខាន់បំផុតគឺគាត់លេងឲ្យក្រុមជាមុនសិន។ ខ្ញុំពិតជារំភើបដែលបានមើលគាត់លេងឲ្យក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ AFC U-19។»

«វាងាយស្រួលជាមួយក្មេងៗរបស់យើង នៅក្នុងឈុតថ្នាលយុវជន ដើម្បីមើលថាតើអ្នកណាមានទេពកោសល្យ។ គន្លឹះគឺ គេត្រៀមរៀបចំខ្លួនរួចរាល់ដើម្បីធ្វើការ ហើយពួកគេតាំងចិត្តដើម្បីក្លាយទៅជាកីឡាកអាជីព។ មកទល់ពេលនេះ រតនៈធ្វើបានល្អណាស់។ ប៉ុន្តែគាត់នៅតែជាកីឡាករវ័យក្មេង ដែលនៅមានការខិតខំជាច្រើនទៀតនៅចំពោះមុខគាត់។ ខ្ញុំជឿជាក់ថាគាត់ស្ថិតនៅក្នុងក្លិបដ៏ត្រឹមត្រូវមួយ ដើម្បីអភិវឌ្ឍខ្លួន ជាមួយកីឡាកររាមច្បងល្អៗជាច្រើនដែលនៅជុំវិញគាត់។» លោក Conor Nestor បានសង្កត់ធ្ងន់។

គួររំឭកថា មិន រតនៈ បានចាប់ផ្ដើមឈានជើងចូលបាល់ទាត់កម្រិតអាជីព តាមរយៈការធ្វើតេស្តជាប់ជាមួយ ក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ នៃក្លិបព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០១៨ បន្ទាប់មកត្រូវតំឡើងមកកាន់ក្រុមធំនៅឆ្នាំ២០១៩។

ឆ្នាំ២០១៩ ក៏ជាឆ្នាំដែលគេចាប់ផ្ដើមជាប់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ចូលរួមប្រកួតពានជើងឯកយុវជនអាស៊ីអាគ្នេយ៍ (AFF U-18 Championship) បង្កើតប្រវត្តិសាស្ត្រជួយឲ្យក្រុមឈ្នះ U-19 ថៃ និង U-19 វៀតណាម និងពានជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ វគ្គជម្រុះ (AFC U-19 Championship Qualification) រួមចំណែកឲ្យបានឡើងទៅជុំផ្ដាច់ព្រ័ត្រ ជាលើកដំបូងក្នុងរយៈពេល ៤៦ឆ្នាំថែមទៀតផង៕

 

រូបភាព៖ Preah Khan Reach Svay Rieng FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់