ប្រសិនបើពុំទាន់អាចឡើងលីគកំពូល គ្រូក្លិបបាល់ទាត់សៀមរាប ថានឹងបន្តចូលរួមលីគទី២ រហូត
មាស សុផាណារ៉ុង October 1, 2020
សៀមរាប៖ លោក លី ធារ៉ា គ្រូបង្វឹកនៃក្លិបបាល់ទាត់សៀមរាប បានបង្ហើបឲ្យដឹងថា ក្លិបនឹងនៅតែបន្តចូលរួមប្រកួតនៅលីគទី២ រហូតប្រសិនបើពុំទាន់អាចទទួលបានឱកាសឡើងលីគកំពូលកម្ពុជា រដូវកាលនេះ។
ថ្លែងក្នុងសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមុនលីគចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ លោក លី ធារ៉ា បានលើកឡើងដូច្នេះថា៖ «ទោះបីជាលទ្ធផលឆ្នាំនេះ យើងធ្វើអត់បានល្អ ឆ្នាំបន្តបន្ទាប់ទៀតយើងនៅតែចូលរួមលីគ២ រហូត បើសិនជាសហព័ន្ធនៅតែបង្កើតលីគ២ គឺយើងនៅតែចូលរួម។»
យ៉ាងណាមិញពីការតាំងចិត្តវិញ លោក លី ធារ៉ា គ្រូបង្វឹកក្រុមមូលដ្ឋាននៅខេត្តដ៏មានសក្ដានុពលទេសចរនេះបានបញ្ជាក់ថា ចំពោះគោលដៅចូលរួមប្រកួតលីគទី២ នេះ ក្រុមខ្លួនចង់បានកៅអី Top-4 តែបើមានឱកាសក្លិបបាល់ទាត់សៀមរាបនឹងប្រជែងជើងឯក និងកៅអីឡើងមកលីគកំពូលកម្ពុជា ផងដែរ។
ក្លិបបាល់ទាត់សៀមរាប នឹងត្រៀមចូលរួមប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ ជាមួយក្រុមចំនួន ៩ផ្សេងទៀតរួមមាន ក្រុមបាល់ទាត់កោះកុងអែហ្វស៊ី, ក្រុមបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ, ក្រុមបាល់ទាត់ខេត្តព្រៃវែង, ក្រុមបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ, ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ, ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនកងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ។
កាលបរិច្ឆេទនៃការប្រកួត ‘លីគលំដាប់ទី២ កម្ពុជា’ គឺគ្រោងនឹងចាប់ផ្ដើមធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ៕
រូបភាព៖ Siem Reap FC