កម្មវិធីប្រកួតទាំងស្រុងនៃ ពានរង្វាន់លីគលំដាប់ទី២ កម្ពុជា រដូវកាល២០២០

មាស សុផាណារ៉ុង September 30, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ នឹងដំណើរការប្រកួតរដូវកាលថ្មីនៅចុងសប្ដាហ៍នេះហើយ ជាមួយនឹងសមាសភាពក្រុមចំនួន ១០ធ្វើការប្រកួតប្រជែងដណ្ដើមជើងឯក។

ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺគ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទីទី០៣ ខែតុលា ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ខណៈកម្មវិធីប្រកួតក៏ត្រូវបានបង្ហាញទាំងស្រុងផងដែរ សម្រាប់ជាព័ត៌មានក្នុងការតាមដានជាប្រចាំសប្ដាហ៍។

ជាមួយនឹងសមាសភាពក្រុមចំនួន១០ រួមមាន ក្រុមបាល់ទាត់កោះកុងអែហ្វស៊ី, សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង, ក្រុមបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ, ក្លិបបាល់ទាត់សៀមរាប, ក្រុមបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ និងក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ, ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ កម្មវិធីប្រកួតទាំងស្រុងមានដូចខាងក្រោម។

គួររំឭកថា ‘លីគលំដាប់ទី២ កម្ពុជា’ បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ជើងឯកគឺបានទៅក្លិបគីរីវង់សុខសែនជ័យ ខណៈនៅរដូវកាលទី២ ឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត និងជើងឯកគឺបានទៅក្លិបវិសាខា ដោយឡែកនៅរដូវកាល២០១៨, ២០១៩​ ខកខានមិនអាចរៀបចំដំណើរការទៅបាន៕

 

រូបភាព៖ Cambodian League 2

អត្ថបទ៖ ណារ៉ុង

មតិយោបល់