ក្លិបអាយអេសអាយ ដង្កោសែនជ័យ៖ «ក្នុង Master Plan ក្លិបមានគម្រោងកែលំអទីលាន ហើយអាចវិវឌ្ឍន៍ខ្លួនឲ្យក្លាយទៅជាកីឡដ្ឋាន»

មាស សុផាណារ៉ុង September 30, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ (ISI Dangkor Senchey FC) ដែលជាក្រុមមួយជោគជ័យនៅក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌពាក់កណ្ដាលអាជីព ហើយបច្ចុប្បន្នបាននឹងកំពុងត្រៀមខ្លួនចូលរួមប្រកួតក្របខណ្ឌអាជីពជាលើកដំបូង ចាប់តាំងពីបង្កើតក្លិប តាមរយៈការចូលរួមប្រកួត ពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ នៅឆ្នាំនេះ បានបង្ហើបឲ្យដឹងពីគម្រោងនៃការកែលំអទីលានផងដែរ ដើម្បីឲ្យកាន់តែត្រូវតាមស្ដង់ដា។

តាមការបញ្ជាក់ឲ្យដឹងដោយ លោក សៀក សុវណ្ណ អ្នកចាត់ការទូទៅក្លិបអាយអេសអាយ ដង្កោសែនជ័យ កាលពីពេលថ្មីៗនេះ បានបង្ហើបថា នៅក្នុងផែនការ (Master Plan) ក្លិបមានគម្រោងកែលំអទីលានឡើងវិញ ដែលកំពុងប្រើប្រាស់ស្រាប់ គឺទីលាន KMH ក្នុងខណ្ឌដង្កោផ្ទាល់ ហើយនិងកែប្រែឲ្យក្លាយទៅជាកីឡដ្ឋាន។

អានផងដែរ៖ អាយអេសអាយ ដង្កោសែនជ័យ ធ្លាប់ទទួលបានឱកាសឲ្យមកលេងលីគកំពូល តែថ្នាក់ដឹកនាំក្លិបសម្រេចមិនចូលរួម ព្រោះចង់ចាប់ផ្ដើមជាជំហានៗ

លោក សៀក សុវណ្ណ បាននិយាយយ៉ាងដូច្នេះថា៖ «ទីលាន គឺយើងនៅប្រើទីលាន KMH ដដែល ទីលាននេះ បើនិយាយទៅ ៩០គុណ៦០ វារាងតូចបន្តិច ប៉ុន្តែសហព័ន្ធគាត់អនុញ្ញាតឲ្យចូលរួម ដោយគាត់គិតថាវាចូលស្ដង់ដាមួយដែរ វាមិនមែនថាខុសស្ដង់ដាខ្លាំងនោះទេ។»

«យើងក៏មានគម្រោងក្នុងការអភិវឌ្ឍន៍ ផ្លាស់ប្ដូរទីលានហ្នឹងឲ្យវាត្រូវទំហំស្ដង់ដាផងដែរ ប៉ុន្តែឥលូវនេះយើងធ្វើអត់ទាន់កើតដោយសារហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញទីលានហ្នឹង មានផ្សារ អីជាដើមគេធ្វើអត់ទាន់ធ្វើហើយ អ៊ីចឹងនៅពេលហេដ្ឋារចនាសម្ព័ន្ធជុំវិញរួចរាល់អស់ យើងក៏មានគម្រោងបែរទីលាន ព្រោះយើងអត់អាចពង្រីកបានដោយសារទើសនឹងផ្លូវសាធារណៈ អ៊ីចឹងមានតែបែរទីលាន នេះគឺជាគម្រោង Master plan របស់ក្រុមទៅថ្ងៃអនាគត ដោយអាចវិវឌ្ឍន៍ខ្លួនក្លាយទៅជាកីឡដ្ឋាន។» លោក សៀក សុវណ្ណ បានបន្ថែម។

គួរដឹងដែរថា ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ បានបង្កើតមករយៈពេល ៤ឆ្នាំមកហើយ ដោយតែងតែប្រើប្រាស់ទីលាន KMH នេះផ្ទាល់ជាទឹកដីរបស់ខ្លួន ដែលជាទីលានស្មៅសិប្បន្មិមិត ហើយកសាងឡើងដោយ លោក កាំង សេង ​ម្ចាស់​ក្រុមហ៊ុន ​FUXIN ​​ជា​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ISI Group។

សូមបញ្ជាក់ថា កាលបរិច្ឆេទនៃការប្រកួត ‘លីគលំដាប់ទី២ កម្ពុជា’ គឺគ្រោងនឹងធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ នឹងចូលរួមប្រកួតជាមួយក្រុមចំនួន៩ ផ្សេងទៀត រួមមាន ក្លិបបាល់ទាត់កោះកុងអែហ្វស៊ី, សមគមកីឡាបាល់ទាត់ខេត្តព្រៃវែង, ក្លិបបាល់ទាត់សៀមរាប, ក្លិបបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ, ក្លិបបាល់ទាត់ខេត្តត្បូងឃ្មុំ, យុវជនភ្នំពេញក្រោន អាយុក្រោម ២១ឆ្នាំ និងយុវជនកងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ៕

 

រូបភាព៖ អាយអេសអាយ ដង្កោសែនជ័យ – ISI Dangkor Senchey FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់