U-21 ភ្នំពេញក្រោន និង U-21 ទ័ព យកកីឡាករឈុតធំដែលពុំសូវមានឱកាសបង្ហាញខ្លួននៅលីគកំពូល មកលេងនៅលីគទី២

មាស សុផាណារ៉ុង September 29, 2020


 

ភ្នំពេញ៖ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ បានយកកីឡាករពីក្រុមឈុតធំដែលពុំសូវមានឱកាសបង្ហាញខ្លួននៅលីគកំពូលកម្ពុជា មកលេងនៅលីគទី២ កម្ពុជា ដើម្បីទទួលបាននាទីលេងឲ្យបានច្រើនជាងមុន។

ក្រុមឧបសម្ព័ន្ធរបស់ក្លិបនៃលីគកំពូលកម្ពុជា ទាំងពីរនេះ នឹងត្រៀមចូលរួមប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ ជាមួយក្រុមចំនួន ៨ផ្សេងទៀតរួមមាន ក្រុមបាល់ទាត់កោះកុងអែហ្វស៊ី, សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង, ក្រុមបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ, ក្លិបបាល់ទាត់សៀមរាប, ក្រុមបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ និងក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ។

តាមការឲ្យដឹងពីអ្នកចាត់ការទូទៅ សមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) លោក ថោង ឧត្តម បានឲ្យដឹងថា U-21 ទ័ព នឹងយកកីឡាករពីឈុតធំចំនួន ៣នាក់ រួមមានកីឡាករ ជឿន ណាចា, កីឡាករ ឈឿន ឧត្តម និងកីឡាករ ស៊ឹម មេសា ដែលកីឡាករទាំង ៣នាក់នេះមានឈ្មោះលេងក្នុងលីគកំពូលកម្ពុជា ប៉ុន្តែលេងបានតិចជាង ១៨០នាទី (ស្មើនឹង ២ប្រកួត) ខណៈកីឡាករ ២រូបទៀតរួមមានកីឡាករ ជា ណាវីន និងកីឡាករ សៀ ភារម្យ ដែលមានឈ្មោះលេងក្នុងពានសម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានបញ្ជូលផងដែរ។

ដោយឡែក ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន ក៏បានប្រកាសផងដែរពីការយកកីឡាករដែលមាននាទីលេងតិចតួចបំផុត ជាមួយក្រុមធំ ចំនួន ៤រូប មកលេងឲ្យ U-21 ភ្នំពេញក្រោន រួមមានកីឡាករ  ឃុន សុខម៉េង វ័យ១៩ឆ្នាំ, អ៉ីម សំអូន វ័យ២០ឆ្នាំ និងណុប សុផានុ វ័យ ១៩ឆ្នាំ និងកីឡាករ សំណាង រិទ្ធី វ័យ ១៩ឆ្នាំ។

ក្រៅពីនេះ ក៏មានការបង្ហើបឲ្យដឹងថា ក្រុម U-21 ភ្នំពេញក្រោន ក៏ត្រៀមនឹងបង្ហាញមុខកីឡាករថ្មី ២រូបទៀតផងដែរ ដែលមានវ័យក្រោម ២១ឆ្នាំ ម្នាក់លេងក្នុងតួនាទីជាខ្សែការពារ និងម្នាក់ទៀតលេងក្នុងតួនាទីជាអ្នកចាំទី ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ដដែលនេះ។

យោងតាមលក្ខខណ្ឌ ក្រុមដែលមានក្រុមឧបសម្ព័ន្ធនៅលីគកំពូលកម្ពុជា អាចអនុញ្ញាតឲ្យកីឡាករដែលមានឈ្មោះនៅក្រុមធំ មកលេងឲ្យក្រុមដែលត្រៀមចូលរួមប្រកួតនៅលីគទី២ បានចំពោះកីឡាករដែលលេងបាន តិចជាង១៨០នាទី ឬស្មើនឹង ២ប្រកួត ដោយមិនគិតពីអាយុ។

បញ្ជាក់ថា ក្រុមទាំងពីរនេះ ទោះបីជាធ្វើបានលទ្ធផលល្អ (ឈ្នះជើងឯក ឬចំណាត់ថ្នាក់លេខ២) ក៏ដោយ ក៏ពួកគេមិនអាចឡើងមកលេងនៅលីគកំពូលកម្ពុជា នៅរដូវកាល២០២១ បានឡើយ ពីព្រោះទាំងពីរក្រុមគឺជាក្រុមឧបសម្ព័ន្ធរបស់ក្លិបនៅលីគកំពូលកម្ពុជា ដែលនឹងនៅតែបន្តមានឈ្មោះលេងនារដូវកាលក្រោយ ភ្នំពេញក្រោន ជាមួយ សមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព)។

សូមរំឭកជាថ្មីថា កាលបរិច្ឆេទនៃការប្រកួត ‘លីគលំដាប់ទី២ កម្ពុជា’ គឺគ្រោងនឹងចាប់ផ្ដើមធ្វើពីថ្ងៃទី០៣ ខែតុលា ចុងសប្ដាហ៍តទៅ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ៕

 

រូបភាព៖ TIFFY ARMY FC U21 | Phnom Penh Crown Academy

មតិយោបល់