U-18 វិសាខា អាចប្រែក្លាយខ្លួនទៅជា សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង និងលែងជាក្រុមឧបសម្ព័ន្ធរបស់ក្លិបវិសាខា

មាស សុផាណារ៉ុង September 29, 2020


 

ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំនៃក្លិបវិសាខា ដែលគេស្គាល់ថាជាក្រុមតំណាងឲ្យខេត្តព្រៃវែង ប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២០ ពេលនេះអាចប្រែក្លាយខ្លួនទៅជា សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែងវិញហើយនឹងលែងជាក្រុមឧបសម្ព័ន្ធរបស់ក្លិបបាល់ទាត់វិសាខា តទៅទៀតហើយ។ នេះបើយោងតាមប្រភពដ៏ជិតស្និទ្ធមួយបានបង្ហើបឱ្យដឹង។

ការកែប្រែរចនាសម្ព័ន្ធខ្លួនបែបនេះ ត្រូវបានដឹងថា គឺដើម្បីធ្វើយ៉ាងណាឲ្យសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ទទួលបានឱកាសឡើងមកលេងនៅលីគកំពូលកម្ពុជា នារដូវកាលក្រោយ ប្រសិនបើក្រុមនេះអាចទទួលបានចំណាត់ថ្នាក់លេខ១ ឬក៏ករណីពិសេស (ចំណាត់ថ្នាក់លេខ២) ព្រោះបើយោងតាមលក្ខន្តិកៈប្រកួត ក្រុមដែលអាចឡើងមកលីគកំពូលបាន ដាច់ខាតគឺមិនមែនជាក្រុមឧបសម្ព័ន្ធរបស់ក្លិបដែលកំពុងប្រកបអាជីពនៅលីគកំពូលស្រាប (ឧទាហរណ៍ជាក់ស្ដែង ប្រសិនបើ U-18 វិសាខា មិនផ្ដាច់ខ្លួនពី ក្លិបបាល់ទាត់វិសាខា នោះទេ នោះគេនឹងមិនឡើងមកលេងនៅលីគកំពូលបានឡើយ ស្របពេលដែល ២ក្រុមទៀត ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និងក្រុមយុវជនកងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ ច្បាស់ការណ៍គឺមិនអាចឡើងមកលីគកំពូលបាននោះទេ)។

ដូច្នេះជម្រើសតែមួយគត់សម្រាប់ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំនៃក្លិបវិសាខា ដែលបច្ចុប្បន្នកំពុងលេងតំណាងឲ្យខេត្តព្រៃវែងស្រាប់គឺត្រូវបំបែកខ្លួនចេញពីការគ្រប់គ្រងរបស់ក្លិបវិសាខា រួមទាំងត្រូវផ្ដាច់កិច្ចសន្យារវាងកីឡាករជាមួយក្លិបដូចគ្នា។

យ៉ាងណាក៏ដោយ វាពុំមែនជារឿងស្មុគស្មាញសម្រាប់ការបំបែកខ្លួននេះឡើយ ព្រោះថាស្ថាបនិកក្លិបវិសាខា ឯកឧត្តម ស សុខា គឺជាតំណាងរាស្ត្រនៃមណ្ឌលព្រៃវែងស្រាប់ ហើយអភិបាលខេត្ត ឯកឧត្តម ជា សុមេធី គឺត្រូវបានដឹងថាជាបងប្អូនជីដូនមួយនឹងគ្នាផងដែរ ខណៈគោលដៅសុទ្ធតែជារឿងល្អគឺដើម្បីលើកមុខមាត់វិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ក្នុងខេត្តឲ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង នឹងត្រៀមចូលរួមប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ ជាមួយក្រុមចំនួន ៩ផ្សេងទៀតរួមមាន ក្រុមបាល់ទាត់កោះកុងអែហ្វស៊ី, ក្រុមបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ, ក្លិបបាល់ទាត់សៀមរាប, ក្រុមបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ, ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ, ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនកងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ។

ចំពោះ កាលបរិច្ឆេទនៃការប្រកួត ‘លីគលំដាប់ទី២ កម្ពុជា’ គឺគ្រោងនឹងចាប់ផ្ដើមធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់