លោក Lee Tae-hoon ត្រូវបានក្លិប Hoang Anh Gia Lai ផ្លាស់ប្ដូរតួនាទីពីគ្រូបង្វឹក ទៅជានាយកបច្ចេកទេស ជាលើកទី២

មាស សុផាណារ៉ុង September 28, 2020


 

វៀតណាម៖ ក្លិបបាល់ទាត់ (Hoang Anh Gia Lai – HAGL) នៃលីគកំពូលវៀតណាម បានធ្វើការផ្លាស់ប្ដូរតួនាទីអតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae-hoon ពីគ្រូបង្វឹក ទៅជានាយកបច្ចេកទេសក្លិប វិញជាលើកទី២ បន្ទាប់ពីដឹកនាំក្រុមពុំសូវជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Zing.vn។

ក្លិបជើងឯកលីគកំពូលវៀតណាម ២សម័យកាលមួយនេះ បានតែងតាំងជំនួយការ Nguyen Van Dan និង Duong Minh Ninh ក្នុងនាមជាគ្រូបង្វឹកមុនពេលការប្រកួតជាមួយក្លិប Ho Chi Minh City សប្ដាហ៍ទី១៣ នៃលីគ ឆ្នាំ២០២០។

សារព័ត៌មានដដែលបានសរសេរថា គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង នឹងប្តូរទៅជានាយកបច្ចេកទេស ជាតួនាទីដើមរបស់លោក ដែលគេនិយាយថាជាតំណែងមិនមានន័យច្រើន។ ពេលលោក Lee Tae-hoon ដឹកនាំ HAGL បានលេខ៧ ក្រោយប្រកួត ១២ដង ឈ្នះ៤ ស្មើ៥ និងចាញ់៣។

គួររំលឹកថា លោក Lee Tae Hoon បានក្លាយជានាយកបច្ចេកទេស របស់ក្លឹប Hoang Anh Gia Lai (HAGL) នៃលីគកំពូលវៀតណាម កាលពីខែធ្នូ ឆ្នាំ២០១៨ បន្ទាប់មកនៅខែមេសា ឆ្នាំ២០១៩ HAGL  ក៏ប្រកាសតែងតាំងលោកឲ្យធ្វើជាគ្រូបង្គោលវិញ និងដឹកនាំជួយឲ្យ HAGL បញ្ចប់ទៅដោយឈរនៅលេខ៨ នៃលីគកាលពីឆ្នាំទៅ។

សូមបញ្ជាក់ថា លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមឈុតធំជម្រើសជាតិកម្ពុជា បានប្រកាសផុតកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រោយរួមរស់ និងធ្វើការឲ្យសហព័ន្ធអស់រយៈពេល ៧ឆ្នាំ និង ៣ខែ កាលពីឆ្នាំ២០១៨។

លោកបានចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីចុងឆ្នាំ២០១០ តែរាល់ពេលក្រុមជម្រើសជាតិ ត្រូវបានផ្លាស់ប្ដូរគ្រូបង្វឹកថ្មី លោកមិនត្រូវបានផ្ដាច់ការងារពីសហព័ន្ធនោះទេ ជាក់ស្ដែងនៅដើមឆ្នាំ២០១៧ ក្រោយលោក Leonardo Vitorino ចូលមកដឹកនាំក្រុមគោព្រៃ សហព័ន្ធបានចាត់តាំងលោក Lee ឲ្យដឹកនាំក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៥ឆ្នាំ ផងដែរ៕

 

អានផងដែរ៖ លោក ​Lee Tae Hoon ទទួលបានតំណែងជានាយកបច្ចេកទេស ក្លឹបមួយនៅលីគវៀតណាម

អានផងដែរ៖ លោក Lee Tae Hoon យល់ព្រមដឹកនាំក្លឹប Hoang Anh Gia Lai ក្រោយធ្វើនាយកបច្ចេកទេសបាន ៤ខែ

 

ប្រភព៖ zingnews.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់