សៀមរាបអែហ្វស៊ី ផ្លាស់ប្ដូរឈ្មោះថ្មី ក្រោយមានការភ័ន្តច្រឡំជាមួយ សៀមរាបយូណាយធីត

មាស សុផាណារ៉ុង September 28, 2020


 

សៀមរាប៖ សមាជិកក្លិបដែលត្រៀមខ្លួនចូលរួមប្រកួតនៅក្របខណ្ឌជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ ក្លិបសៀមរាបអែហ្វស៊ី បានធ្វើការស្នើសុំផ្លាស់ប្ដូរឈ្មោះថ្មីទៅកាន់គណៈកម្មការរៀបចំការប្រកួតលីគទី២ បន្ទាប់ពីមានការភ័ន្តច្រឡំជាមួយ ក្លិបសៀមរាបយូណាយធីត ដែលជាក្លិបរួមខេត្តជាមួយគ្នា។

Logo ក្លិបបាល់ទាត់សៀមរាប

យោងតាមលិខិតស្នើសុំ ក្លិបដែលមានមូលដ្ឋាននៅក្នុងតំបន់សក្ដានុពលទេសចរមួយនេះ បានស្នើសុំផ្លាស់ប្ដូរឈ្មោះពី សៀមរាបអែហ្វស៊ី (ដែលជាឈ្មោះគេនិយមហៅកាត់) ទៅជា ក្លិបបាល់ទាត់សៀមរាប ឈ្មោះជាអក្សរឡាតាំង (SIEM REAP FOOTBALL CLUB) និងជាអក្សរកាត់ឡាតាំង (Siem Reap FC) ដដែល។

ចំណុចដែលផ្លាស់ប្ដូរនោះគឺនៅត្រង់ភាសាខ្មែរ ដែលពីមុនមកគេនិយមហៅ សៀមរាបអែហ្វស៊ី ចាប់ពេលនេះនឹងត្រូវផ្លាស់ប្ដូរហៅថា ក្លិបបាល់ទាត់សៀមរាប វិញ ខណៈភាសាឡាតាំងអាចនឹងនៅមានភាពស្រដៀងគ្នាបន្តិចបន្តួចប៉ុណ្ណោះ។

សូមបញ្ជាក់ថា កន្លងមកមានការភ័ន្តច្រឡំរវាង ក្លិបបាល់ទាត់សៀមរាប (SIEM REAP FOOTBALL CLUB) និងក្លិបសៀមរាបយូណាយធីត (SIEM REAP UNITED) គឺជាក្រុមតែមួយដោយសារតែមានឈ្មោះជាភាសាខ្មែរស្រដៀងគ្នា ប៉ុន្តែធាតុពិតក្រុមទាំងពីរ គឺជាក្រុមពីរផ្សេងពីគ្នា ដោយ ក្លិបបាល់ទាត់សៀមរាប ត្រូវបានដឹងថាជាក្រុមបង្កើតឡើងតាំងពីឆ្នាំ២០០៧ ខណៈ ក្លិបសៀមរាបយូណាយធីត គឺទើបតែបង្កើតឡើងកាលពីឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

ខាងក្រោមនេះជា Logo ក្លិបសៀមរាបយូណាយធីត

ក្លិបបាល់ទាត់សៀមរាប នឹងត្រៀមចូលរួមប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ ជាមួយក្រុមចំនួន ៩ផ្សេងទៀតរួមមាន ក្រុមបាល់ទាត់កោះកុងអែហ្វស៊ី, ក្រុមបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ, ក្រុមបាល់ទាត់ខេត្តព្រៃវែង, ក្រុមបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ, ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ, ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនកងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ។

កាលបរិច្ឆេទនៃការប្រកួត ‘លីគលំដាប់ទី២ កម្ពុជា’ គឺគ្រោងនឹងចាប់ផ្ដើមធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ៕

 

រូបភាព៖ Siem Reap FC

មតិយោបល់