គ្រូព្រះខ័នរាជស្វាយរៀង ក្រោយស្មើជាមួយបឹងកេត៖ «ក្រុមទាំងពីរសមនឹងទទួលបានការសរសើរច្រើន…»

មាស សុផាណារ៉ុង September 28, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកួតស្មើជាមួយ ក្លិបបឹងកេត នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េរ ដោយលទ្ធផល ១ទល់១ ចែកគ្នាម្នាក់ ១ពិន្ទុ និងជំរុញឱ្យពួកគេឈានមួយជំហានទៀតដើម្បីឆ្ពោះទៅកាន់ការបន្តការប្រជែងជើងឯករវាងគ្នាជាបន្តទៀត សម្រាប់ ២ប្រកួតដែលនៅសេសសល់ នៃលីគកំពូលកម្ពុជា រដូវកាល២០២០។

នៅក្នុងការប្រកួតដ៏តានតឹងជាទីបំផុត គ្រាប់បាល់ម្នាក់ ១គ្រាប់នេះគឺកើតឡើងនៅក្នុងម៉ោងបន្ថែមដូចគ្នា ពោលគឺបឹងកេត បើកការនាំមុខមុននៅនាទៅ ៩០+១ ដោយការទាត់ចូលពីសំណាក់កីឡាករ Kenta រហូតដល់នាទី៩០+៦ ទើបព្រះខ័នរាជស្វាយរៀង តាមបានស្មើវិញដោយកីឡាករ Thiago និងរក្សាលទ្ធផលនេះដល់ចប់ការប្រកួត ដែលនាំឲ្យលោក Conor Nestor គ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង មានយោបល់ដូចខាងក្រោម។

ឆ្លើយឆ្លងជាមួយសារព័ត៌មាន camsports.org លោក Conor Nestor បានលើកឡើងដូច្នេះថា៖ «យើងមានការខកចិត្តដែលយើងមិនអាចទទួលបានជ័យជម្នះសម្រាប់អ្នកគាំទ្ររបស់យើងដែលបានធ្វើដំណើរពីស្វាយរៀងមក ប៉ុន្តែក្នុងនាមជាគ្រូបង្វឹក ខ្ញុំមានមោទកភាពចំពោះការខិតខំរបស់យើងក្នុងការលេងជាក្រុម។ នៅសល់ ២ប្រកួតទៀតយើងនៅតែមានឱកាសឈ្នះជើងឯកលីគកំពូលដដែល។ ក្រុមទាំងពីរមានការប្រកួតដ៏ស្វិតស្វាញនៅពេលខាងមុខ ដូច្នេះចាំមើលថាមានអ្វីកើតឡើង។»

«យើងបានគ្រប់គ្រងការប្រកួតបានយ៉ាងល្អ ខ្ញុំមានអារម្មណ៍បែបនេះ និងបានបង្កើតឱកាសល្អៗមួយចំនួន។ វាជាការខកចិត្តដែលបានមើលឃើញពីរបៀបដែលកីឡាកររបស់យើងខ្លះត្រូវបានគេធ្វើឲ្យគ្រោះថ្នាក់នៅក្នុងទីតាំងដែលគ្មានអាជ្ញាកណ្តាល មានអារម្មណ៍ថាវាគួរតែត្រូវការការប្រុងប្រយ័ត្ន។» លោក Conor បានបន្ថែម។

ជុំវិញគ្រាប់បាល់នៅចុងម៉ោងទាំងពីគ្រាប់ គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ បានបន្ថែមទៀតថា៖ «ខ្ញុំគិតថាក្រុមទាំងពីរសមនឹងទទួលបានការសរសើរច្រើន។ លេងក្នុងការប្រកួតដែលមានអាំងតង់ស៊ីតេខ្ពស់បែបនេះ ហើយក្រុមទាំងពីរប្រយុទ្ធរហូតដល់ទីបញ្ចប់។ អ្នកគាំទ្រក្រុមទាំងសងខាងក៏ច្រៀងលើសដល់អាជ្ញាកណ្ដាលផ្លុំកញ្ជែចុងក្រោយផងដែរ។ ខ្ញុំសង្ឃឹម នៅពេលដែលយើងឆ្លងកាត់ពេលវេលាដ៏លំបាកទាំងនេះ អ្នកគាំទ្របាល់ទាត់កម្ពុជា នឹងបំពេញកីឡដ្ឋានរបស់ក្លិប។ កីឡាករ និងម្ចាស់ក្លិបសមនឹងទទួលបាន ព្រោះការខិតខំរបស់ពួកគេ។ ប្រសិនបើអ្នកមានមោទកភាពជាខ្មែរម្នាក់ ហើយអ្នកចូលចិត្តកីឡាបាល់ទាត់ ហើយមកមកគាំទ្រក្រុមរបស់អ្នក នោះបាល់ទាត់នឹងបន្តរីកចម្រើននៅទីនេះ។»

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងឈរនៅលេខ២ ដោយមាន ៣៥ពិន្ទុក្នុងដៃ តាមពីក្រុមលេខ១ បឹងកេត ត្រឹម ២ពិន្ទុប៉ុណ្ណោះ ស្របពេលដែលការប្រកួតនៅសល់ ២ប្រកួតទៀត ហើយព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះទាំង ២ប្រកួតដែលនៅសេសសល់នេះជាដាច់ខាត ដោយមិនខ្វល់ពីលទ្ធផលរបស់បឹងកេត៕

 

រូបភាព៖ Metfone Cambodian League

មតិយោបល់