ត្រឹមសប្ដាហ៍ទី១៦ នៃលីគកំពូលកម្ពុជា ៦ក្រុមកំពុងព្យាយាមគេចពីតំបន់កាត់ចោល និង ២ក្រុមប្រជែងជើងឯក

មាស សុផាណារ៉ុង September 28, 2020


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានឈានទៅបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ដទៃទៀត គឺសប្ដាហ៍ទី១៦ ត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ ជាមួយនឹងការប្រកួតបែងចែកជាក្រុមផ្សេងគ្នា រវាង ៦ក្រុមប្រកួតដណ្ដើមជើងឯក និង ៧ក្រុមទៀតប្រកួតដើម្បីរំដោះខ្លួនពីការកាត់ចេញទៅលីគទី២ នៅរដូវកាលក្រោយ។

រំឭកពីលទ្ធផលពីការប្រកួតចំនួន ៦គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ ស្មើ រៀងៗខ្លួន ពោលគឺមានឈ្នះចាញ់ ៣គូ និងមានលទ្ធផលស្មើ ៣គូដូចគ្នា ខណៈលទ្ធផលទាំងស្រុងដូចខាងក្រោម៖

តំបន់ប្រជែងជើងឯក៖

និយាយចំពោះតំបន់ប្រជែងជើងឯក បឹងកេត ដែលបានបន្តកំណត់ត្រាមិនដែលចាញ់ នៅតែមិនទាន់ភាពកក់ក្ដៅនៅឡើយក្នុងឈ្នះជើងឯក ដ្បិតកំពុងនាំមុខ ២ពិន្ទុដដែល ទៅលើ ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីប្រកួតនៅសប្ដាហ៍ទី១៦ នេះបានត្រឹមស្មើគ្នា ១ទល់១។ ការប្រកួតចំនួន ២ប្រកួតដែលនៅសេសសល់ និងនៅតែជាការប្រកួតដែលក្រុមទាំងពីរមិនអាចធ្វេសប្រហែសបាន ប៉ុន្តែខុសត្រង់ថាបឹងកេត ហាក់មានប្រៀបជាងបន្តិច ប្រសិនបើគិតតែករណីទោះប្រកួតក្រោយក្រុមទាំងពីរ ឈ្នះ ចាញ់ ឬក៏ស្មើ ដូចគ្នា នោះប្រកួតបិទរដូវកាល បឹងកេត ត្រូវការត្រឹមតែស្មើប៉ុណ្ណោះ ក៏អាចលើកពានបានដែរ ដោយយោងលើរូបមន្ត (Head to Head) ជំនួបជួបគ្នារវាងក្រុមទាំងពីរ បឹងកេត ធ្លាប់បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ២ទល់៤។

ភ្នំពេញក្រោន, ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ និងវិសាខា ដែលឱកាសដណ្ដើមជើងឯក ក៏កំពុងប្រជែងចំណាត់ថ្នាក់ល្អរៀងៗខ្លួនផងដែរ ជាពិសេសដូចជាភ្នំពេញក្រោន កំពុងស្វែងរកតំណែងយ៉ាងហោចណាស់លេខ៣ បន្ទាប់ពី ៤រដូវកាលចុងក្រោយនេះភាគច្រើនបញ្ចប់ទៅដោយឈរនៅលេខ៥ ឬលេខ៦ ពុំដែលបានចំណាត់ថ្នាក់លេខ៤ ចុះក្រោមឡើយ ខណៈណាហ្គាវើលដ៍ ដែលតែងតែបាន Top 4 (តាំងពីឆ្នាំ២០១៣) ក៏ចង់បានតំណែងនេះដូចគ្នា គ្រាដែល វិសាខា ២រដូវកាលកន្លងមកនេះ ប្រកួតដោយចេញមិនឆ្ងាយពីលេខ៣ ក៏រំពឹងផងដែរ ស្របពេល កងយោធពលខេមរភូមិន្ទ ខកខានបាន Top 4 កាលពីឆ្នាំទៅ នឹងស្ថិតនៅជាបេក្ខភាពដូចគ្នា។

តំបន់ប្រជែងពីការកាត់ចេញទៅលីគទី២៖

នៅក្នុងតំបន់នេះ គឺមានតែ អង្គរថាយហ្គឺរ មួយប៉ុណ្ណោះដែលសុវត្ថិភាពជាងគេ ពោលគឺគេចផុតពីការកាត់ចេញទៅលេងនៅលីគទី២ ហើយបន្ទាប់ពីមានពិន្ទុដាច់ក្រុមបាតតារាង យុវជនសាលាបាល់ទាត់បាទី ដល់ទៅ ២១ពិន្ទុ ខណៈដែលនៅសេសសល់ ៤ប្រកួតទៀតទើបបញ្ចប់។

ចំពោះគីរីវង់សុខសែនជ័យ វិញ គឺត្រូវការស្មើតែ ១ប្រកួតទៀតប៉ុណ្ណោះ ដើម្បីរួចផុតពីការកាត់ចេញ ខណៈអាស៊ីអឺរ៉ុបយូណាយធីត, សូលទីឡូអង្គរ និងអគ្គិសនីកម្ពុជា, នគរបាលជាតិ សុទ្ធតែមិនទាន់សុវត្ថិភាពនៅឡើយ ស្របពេលដែល យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ក៏នៅតែមានឱកាសគេចផុតពីការកាត់ចេញទៅលីគទី២ ផងដែរ៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់