ឯកឧត្តម ខៀវ សាម៉េត សង្ឃឹមថានឹងផ្តល់ជូនដល់អាស៊ាននូវការប្រកួតដ៏ល្អបំផុតនាឆ្នាំក្រោយ បន្ទាប់ពីការប្រកាសកាលបរិច្ឆេទថ្មីនៃ AFF Suzuki 2020

មាស សុផាណារ៉ុង September 26, 2020


 

អាស៊ីអាគ្នេយ៍៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានសម្រេចចិត្តពន្យាពេលប្រកួតពានរង្វាន់ជើងឯកប្រចាំតំបន់ (AFF Cup ឬនិយមហៅ ​AFF Suzuki Cup) ឆ្នាំនេះ ដោយសារហានិភ័យនៃជំងឺកូវីដ-១៩ នៅតែខ្ពស់ កាលពីខែសីហា កន្លងទៅ និងបានធ្វើការប្រកាសពីកាលបរិច្ឆេទថ្មី ពោលគឺគ្រោងធ្វើពីចន្លោះថ្ងៃទី១១ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។

ការសម្រេចចិត្តចុងក្រោយនេះត្រូវបានធ្វើឡើងដោយមានគោលបំណងយ៉ាងមុតមាំដើម្បីរៀបចំការប្រកួតជាទ្រង់ទ្រាយពេញលេញ ដោយលេងនៅក្នុងដី និងក្រៅដី នៃប្រទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តល់នូវលក្ខខណ្ឌទាក់ទងនឹងកូវីដ-១៩។ ដោយបានពិគ្រោះយោបល់ជាមួយសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់ និងអាជ្ញាធរពាក់ព័ន្ធដទៃទៀតគណៈកម្មាធិការរៀបចំការប្រកួត AFF Suzuki Cup បានកំណត់ថាកាលបរិច្ឆេទខាងលើធ្វើការបានល្អបំផុត ដើម្បីរក្សាចន្លោះកាលវិភាគបាល់ទាត់ក្នុងស្រុក ហើយនឹងបន្តតាមដានស្ថានការណ៍ឲ្យបានដិតដល់ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាព គ្រប់កីឡាករ គ្រូបង្វឹក ដៃគូ អ្នកគាំទ្រ និងសាធារណជន។

ជាមួយគ្នាផងដែរ ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរនោះ បានដាក់ក្ដីសង្ឃឹមថានឹងផ្តល់ជូនដល់អាស៊ាននូវការប្រកួតដ៏ល្អបំផុតនាឆ្នាំក្រោយ បន្ទាប់ពីការប្រកាសកាលបរិច្ឆេទថ្មីនៃ AFF Suzuki 2021 នេះ។

ឯក ខៀវ សាម៉េត បានបញ្ជាក់ដូច្នេះថា៖ “យើងពិតជារីករាយជាមួយនឹងការគាំទ្រជាវិជ្ជមានដែលយើងទទួលបានពីសមាជិករបស់យើង ហើយយើងអាចរកឃើញនូវពេលវេលាសមរម្យមួយនៅឆ្នាំក្រោយ ដើម្បីរៀបចំការប្រកួតដែលធំជាងគេបំផុតរបស់យើង។ ស្របពេលដែលយើងដឹងច្បាស់ថាការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតមិនទាន់ចប់នៅឡើយ យើងមានសុទិដ្ឋិនិយមប្រយ័ត្នប្រយែងដើម្បីឲ្យព្រឹត្តិការណ៍ AFF Suzuki Cup ២០២០ ប្រព្រឹត្តទៅតាមទ្រង់ទ្រាយពេញលេញរបស់ខ្លួន ព្រោះយើងសង្ឃឹមថានឹងផ្តល់ជូនដល់អាស៊ាននូវការប្រកួតដ៏ល្អបំផុតនាឆ្នាំក្រោយ។”

“AFF ក៏សង្ឃឹមថាការប្រកាសកាលបរិច្ឆេទនៃការប្រកួតឆ្នាំ២០២១ នឹងផ្តល់នូវភាពច្បាស់លាស់ខ្លះៗក្នុងការរៀបចំផែនការសម្រាប់ដៃគូពាណិជ្ជកម្មរបស់យើង រួមទាំងអ្នកឧបត្ថម្ភ និងប្រព័ន្ធផ្សព្វផ្សាយ នៅអំឡុងពេលវេលាដែលមានភាពមិនច្បាស់លាស់។ AFF និងប្រទេសជាសមាជិករបស់យើងសូមថ្លែងអំណរគុណដល់អ្នកគាំទ្រ កីឡាករ គ្រូបង្វឹក មន្ត្រី បណ្ដាប្រព័ន្ធផ្សព្វផ្សាយ និងដៃគូដទៃទៀត ចំពោះការគាំទ្រ និងការប្តេជ្ញាចិត្តរបស់ពួកគេ បើទោះបីជាមានការលំបាកទាំងនេះក៏ដោយ ហើយទន្ទឹងរង់ចាំព្រឹត្តិការណ៍ AFF Suzuki Cup បង្រួបបង្រួមតំបន់ភាគអាគ្នេយ៍ទាំងមូល នៅពេលដែលយើងអាចបន្តជាមួយគ្នាម្តងទៀត។” បុរសកម្ពុជាដំបូងគេដែលក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍រូបនេះបានបន្ថែម។

ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup គឺជាការប្រកួតកីឡាបាល់ទាត់ធំជាងគេ និងមានកិត្យានុភាពបំផុតនៅអាស៊ីអាគ្នេយ៍ ហើយគម្រោងដើមសម្រាប់ការប្រកួតនៅឆ្នាំ២០២០​ គឺគ្រោងធ្វើនៅចន្លោះពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមរូបបមន្តប្រកួត ២ដងក្រៅដី និង ២ដងក្នុងដី៕

 

ប្រភព៖ aseanfootball.org

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់