លីគកំពូលកម្ពុជា ប្រកួតថ្ងៃសៅរ៍ ពុំទាន់រួចរាល់ក្នុងការបើកឲ្យទស្សនិកជនចូលទស្សនា ខណៈថ្ងៃអាទិត្យ បានត្រៀមរួចរាល់

មាស សុផាណារ៉ុង September 26, 2020


 

ភ្នំពេញ៖ ការប្រកួតលីគកំពូលកម្ពុជា (Metfone Cambodian League) បានត្រលប់មកវិញនៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ បន្ទាប់ពីបានសម្រាកមួយសប្ដាហ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ហើយអ្វីដែលកាន់តែពិសេសនោះ ការត្រលប់មកវិញនេះគឺនឹងមានការបើកឲ្យទស្សនិកជនចូលទស្សនាឡើងវិញជាលើកដំបូង ចំនួន ១០ភាគរយនៃទំហំផ្ទុកទស្សនិកជនតាមកីឡដ្ឋាននីមួយៗ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ដូចរៀងរាល់សប្ដាហ៍ ការប្រកួតនឹងមានចំនួន ៦គូ ក្នុងនោះ ៣គូធ្វើឡើងនៅថ្ងៃសៅរ៍ ខណៈ ៣គូផ្សេងទៀតធ្វើឡើងនៅថ្ងៃអាទិត្យ ស្របពេលជាមួយគ្នានេះ គ្រាដែលការប្រកួតត្រូវបានបើកឲ្យទស្សនិកជនចូលទស្សនា ចំនួន ១០ភាគរយនៃទំហំផ្ទុកទស្សនិកជនតាមកីឡដ្ឋាននីមួយៗ គេសង្គេតឃើញថា ៣កីឡដ្ឋានដែលនឹងត្រូវប្រកួតនៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា នេះ ពុំទាន់មានការប្រកាសពីការបើកឲ្យទស្សនិកជនចូលទស្សនាបាននៅឡើយ ដែលរួមមាន ទីលានសាលាបាល់ទាត់ជាតិបាទី, កីឡដ្ឋាន អេ អ៊ី យូ ស្បតផាក និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

កម្មវិធីប្រកួតមានដូចខាងក្រោម៖

ដោយឡែកចំពោះការប្រកួតថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដែលមាន ៣គូដូចគ្នាផងដែរនោះ ក្លិបដែលត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ បានប្រកាសពីការបើកឲ្យចូលទស្សនា ជាមួយនឹងការដាក់លក់សំបុត្ររួចរាល់ ទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាក់ស្ដែងគិតមកទល់ពេលនេះ កីឡដ្ឋានខេមបូឌា អ៊ែវ៉េ របស់ក្លិបបឹងកេត ដែលត្រៀមស្វាគមន៍ជំនួបធំជាងគេប្រចាំសប្ដាហ៍ទល់នឹង ព្រះខ័នរាជស្វាយរៀង បានប្រកាសលក់សំបុត្រអស់ជាផ្លូវការ ខណៈកីឡដ្ឋានព្រីនស៍ របស់ក្លិបវិសាខា ដែលត្រូវទទួល ណាហ្គាវើលដ៍ បានត្រៀមសំបុត្រចំនួន ៤០០សន្លឹក ផងដែរ ស្របពេលដែលកីឡដ្ឋានគីរីវង់ របស់ក្លិបគីរីវង់សុខសែនជ័យ ដែលទទួលក្រុមភ្ញៀវ សូលទីឡូអង្គរ ក៏បានត្រៀមបើកទស្សនិកជនចូលទស្សនា ១០ភាករយដូចគ្នា ហើយរឹតតែពិសេសគឺក្លិបផ្តល់ជូនសំបុត្រចូលទស្សនាដោយឥតគិតថ្លៃ និងអាទិភាព សម្រាប់អ្នកគាំទ្រដែលពាក់អាវក្លិប ថែមទៀតផង។

បញ្ជាក់ថា សំបុត្រ នឹងលក់ជូនអ្នកគាំទ្រដែលអនុវត្តតាមគោលការណ៍ដូចខាងក្រោម៖

  • ត្រូវភ្ជាប់មកជាមួយនូវ កាតសម្គាល់ខ្លួនដូចជា អត្តសញ្ញាណបណ្ណ / លិខិតឆ្លងដែន ឬ កាតសិស្ស
  • ត្រូវប្រកាន់ខ្ជាប់វិធានការណ៍អនាម័យ ដោយ ពាក់ម៉ាស់ និងរក្សាគម្លាត ពេលមកទិញសំបុត្រ និងមកទស្សនាការប្រកួត
  • មិនអនុញ្ញាតិសម្រាប់អ្នកដែលមានអការៈផ្តាសសាយ ក្តៅខ្លួន

ការប្រកួតបាល់ទាត់នៃពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់លីគកំពូលកម្ពុជា ត្រូវបានអនុញ្ញាត និងចាប់ផ្តើមឡើងវិញ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ តែត្រូវតម្រូវឱ្យគោរពទៅតាមវិធានរបស់ក្រសួងសុខាភិបាល ក្នុងការរៀបចំការប្រកួតដល់ក្លិបបាល់ទាត់នីមួយៗដោយមិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនាដោយផ្ទាល់នោះទេ ប៉ុន្ដែដោយយោងតាមស្ថានភាពធូរស្បើយនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល បានយ៉ាងម៉ឺងម៉ាត់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានសម្រេចស្នើសុំឲ្យការប្រកួតបាល់ទាត់ អាចផ្ដល់ឱកាសដល់ទស្សនិកជនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ បានចូលរួមទស្សនាការប្រកួតឡើងវិញ រហូតទទួលបានការអនុញ្ញាតឱ្យទស្សនិកជនចូលទស្សនាការប្រកួតកីឡាបាល់ទាត់ ជាមួយចំនួនទស្សនិកជន ១០ភាគរយ នៃចំនួនកៅអីសរុបរបស់កីឡដ្ឋាននីមួយៗ៕

 

រូបភាព៖ Metfone Cambodian League | ក្លិបបឹងកេត – Boeungket Football Club

មតិយោបល់