AFF Suzuki Cup ចេញកម្មវិធីប្រកួតថ្មីនៅចន្លោះខែមេសា ដល់ខែឧសភា ឆ្នាំ២០២១

មាស សុផាណារ៉ុង September 25, 2020


 

អាស៊ីអាគ្នេយ៍៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានសម្រេចចិត្តពន្យាពេលប្រកួតពានរង្វាន់ជើងឯកប្រចាំតំបន់ (AFF Cup ឬនិយមហៅ ​AFF Suzuki Cup) ឆ្នាំនេះ ដោយសារហានិភ័យនៃជំងឺកូវីដ-១៩ នៅតែខ្ពស់ កាលពីខែសីហា កន្លងទៅ។

ខណៈនេះសហព័ន្ធដែលមានសមាជិក ១២ប្រទេសមួយនេះ បានធ្វើការប្រកាសពីកាលបរិច្ឆេទថ្មី ពោលគឺគ្រោងធ្វើពីចន្លោះថ្ងៃទី១១ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។

ការសម្រេចចិត្តចុងក្រោយនេះត្រូវបានធ្វើឡើងដោយមានគោលបំណងយ៉ាងមុតមាំដើម្បីរៀបចំការប្រកួតជាទ្រង់ទ្រាយពេញលេញ ដោយលេងនៅក្នុងដី និងក្រៅដី នៃប្រទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តល់នូវលក្ខខណ្ឌទាក់ទងនឹងកូវីដ-១៩។ ដោយបានពិគ្រោះយោបល់ជាមួយសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់ និងអាជ្ញាធរពាក់ព័ន្ធដទៃទៀតគណៈកម្មាធិការរៀបចំការប្រកួត AFF Suzuki Cup បានកំណត់ថាកាលបរិច្ឆេទខាងលើធ្វើការបានល្អបំផុត ដើម្បីរក្សាចន្លោះកាលវិភាគបាល់ទាត់ក្នុងស្រុក ហើយនឹងបន្តតាមដានស្ថានការណ៍ឲ្យបានដិតដល់ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាព គ្រប់កីឡាករ គ្រូបង្វឹក ដៃគូ អ្នកគាំទ្រ និងសាធារណជន។

គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup គឺជាការប្រកួតកីឡាបាល់ទាត់ធំជាងគេ និងមានកិត្យានុភាពបំផុតនៅអាស៊ីអាគ្នេយ៍ ហើយគម្រោងដើមសម្រាប់ការប្រកួតនៅឆ្នាំ២០២០​ គឺគ្រោងធ្វើនៅចន្លោះពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមរូបបមន្តប្រកួត ២ដងក្រៅដី និង ២ដងក្នុងដី៕

 

ប្រភព៖ aseanfootball.org

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់