អគ្គលេខាធិការក្លិបភ្នំពេញក្រោន រំពឹងជ្រើសបានកីឡាករយុវជនល្អៗ ពេលបង្ហាញខ្លួននៅលីគ២ ដើម្បីតំឡើងមកក្រុមធំ

មាស សុផាណារ៉ុង September 25, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ នឹងមាន ១០ក្រុមចូលរួមប្រកួតរួមមាន ក្រុមបាល់ទាត់កោះកុងអែហ្វស៊ី, ក្រុមបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ, ក្រុមបាល់ទាត់ខេត្តព្រៃវែង, ក្រុមបាល់ទាត់សៀមរាបអែហ្វស៊ី, ក្រុមបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ, ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ, ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង យុវជនកងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ។

ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលបានបញ្ចូនយុវជនអាយុក្រោម ២១ឆ្នាំរបស់ខ្លួន ចូលរួមប្រកួតផងដែរនោះរំពឹងជ្រើសរើសបានកីឡាករយុវជនល្អៗ ពេលបង្ហាញខ្លួននៅលីគ២ នេះ ដើម្បីតំឡើងមកក្រុមធំនារដូវកាលក្រោយ។ នេះបើតាមការបញ្ជាក់ដោយ លោក លី ហៀង អគ្គលេខាធិការក្លិប នៅលើគេហទំព័រ ppcfc.com។

លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញពីគោលបំណងនៃការចូលរួមរបស់ក្រុមយុវជននេះថា៖ «វាគឺជារឿងសំខាន់មួយជុំវិញនឹងការអភិវឌ្ឍន៍យុវជន ក៏ដូចជាការផ្តល់ឱកាសដល់ពួកគេដើម្បីធ្វើការប្រកួតជាមួយក្រុមល្អៗក្នុងលីគ២ នោះ។ នេះវាស្របទៅតាមគោលការណ៍ការអភិវឌ្ឍន៍យុវជនរបស់ក្លិប ហើយវាគឺជាឱកាសក្នុងការភ្ជាប់ពួកគាត់ជាមួយក្នុងការប្រកួតដែលល្អ ដើម្បីជ្រើសរើសពួកគាត់មកកាន់ក្រុមធំផងដែរ។»

«អ្វីដែលយើងរំពឹងសម្រាប់ការប្រកួតប្រជែងនេះគឺពួកគាត់នឹងមានការប្រកួតប្រជែងដែលល្អ ជាបទពិសោធន៍មួយរបស់យុវជនយើងទាក់ទងនិងការប្រកួតក្នុងដីនិងក្រៅដី ក៏ដូចជាការរៀបចំខ្លួនក្នុងការប្រកួតធំៗផងដែរ ។ មួយវិញទៀតទាក់ទងជាមួយនឹងលទ្ធផលគឺយើងតែងតែចង់បាន ប៉ុន្តែសម្រាប់ការអភិវឌ្ឍន៍យុវជនគឺយើងនិយាយអំពីឱកាសក្នុងការប្រកួត ឱកាសនៃការដកពិសោធន៍ និងឱកាសនៃការអភិវឌ្ឍន៍ ហើយទាំងនេះហើយជាគោលការណ៍ចម្បងរបស់យើង។» លោក លី ហៀង បានសង្កត់ធ្ងន់។

កាលបរិច្ឆេទនៃការប្រកួត ‘លីគលំដាប់ទី២ កម្ពុជា’ គឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខណៈក៏មានការលេចឭដំណឹងថាអាចនឹងមានការកែសម្រួលកាលបរិច្ឆេទនៃកម្មវិធីប្រកួតថ្មីផងដែរ។

គួររំឭកថា ‘លីគលំដាប់ទី២ កម្ពុជា’ បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ជើងឯកគឺបានទៅក្លិបគីរីវង់សុខសែនជ័យ ខណៈនៅរដូវកាលទី២ ឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត និងជើងឯកគឺបានទៅក្លិបវិសាខា ដោយឡែកនៅរដូវកាល២០១៨, ២០១៩ ខកខានមិនអាចរៀបចំដំណើរការទៅបាន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់