ស្វែងយល់ គំនិតរចនា ពណ៌កៅអីខាងក្នុងនៃពហុកីឡដ្ឋានមរតកតេជោ

មាស សុផាណារ៉ុង September 25, 2020


 

ភ្នំពេញ៖ ថ្មីៗនេះមានការលេចចេញនូវគំរូពណ៌កៅអីខាងក្នុងកីឡដ្ឋានចំបង នៃពហុកីឡដ្ឋានជាតិមរតកតេជោ – Morodok Techo National Stadium ពោលគឺជាពណ៌ប្រដេញដែលរួមមានពណ៌ ខៀវ ស និងក្រហម។

ជាមួយនឹងពណ៌ទាំង៣ នេះផងដែរ ក៏មានសេចក្ដីបង្ហាញពីគំនិតរចនា (Design concept) ផងដែរ ដោយយោងតាមគម្រោងរបស់ក្រុមការងារសាសង់ បានបង្ហាញនូវរូបភាពភ្ជាប់ គឺ យកពណ៌ចម្បងនៃមហាសមុទ្រពណ៌ខៀវ និងស (អាចមើលឃើញបានចាប់ផ្ដើមពីផ្នែកខាងក្រោម បន្ទាប់មកប្រដេញពណ៌ស លាយឡំជាមួយពណ៌ខៀវ) និងពណ៌ក្រហមជាចំនុចៗ (dotted) តំណាងឲ្យការបោះជំហានដោយភាពរឹងមាំ, ជានិមិត្តរូបនៃទូកមិត្តភាពកម្ពុជា, ប្រទេសកំពុងប្រមូលផ្តុំកម្លាំងខ្លាំងក្លា និងអភិវឌ្ឍន៏ទៅមុខ។

ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនប្រទេសចិន China State Construction Engineering Corporation លើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ក្រោមថវិកាជំនួយឥតសំណងរបស់ចិន ១៦០លានដុល្លារ។

គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរកតតេជោ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ប៉ុន្តែពេលនេះមិនទាន់អាចបញ្ចប់ដូចការគ្រោងទុកឡើយ ពោលគឺនឹងពន្យារទៅដល់ខែមីនា ឬខែមេសា ឆ្នាំក្រោយ ដោយសារវិបត្តិកូវីដ-១៩ ដែលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសនៃអ្នកជំនាញចិន ក៏ដូចជាការដឹកជញ្ជូនសំភារៈមួយចំនួន។ នេះបើតាមការធ្លាប់បញ្ជាក់ឲ្យដឹងពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ បានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០១៧ ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលគឺដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ នៅឆ្នាំ២០២៣៕

 

ប្រភពគំនិតរចនា និងរូបភាព៖ ពហុកីឡដ្ឋានជាតិមរតកតេជោ Morodok Techo National Stadium

មតិយោបល់