អាយអេសអាយ ដង្កោសែនជ័យ ធ្លាប់ទទួលបានឱកាសឲ្យមកលេងលីគកំពូល តែថ្នាក់ដឹកនាំក្លិបសម្រេចមិនចូលរួម ព្រោះចង់ចាប់ផ្ដើមជាជំហានៗ

មាស សុផាណារ៉ុង September 24, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ (ISI Dangkor Senchey FC) ដែលត្រូវបានគេចាត់ទុកថាជាក្រុមមួយដ៏ជោគជ័យនៅក្នុងក្របខណ្ឌបាល់ទាត់កម្រិតពាក់កណ្ដាលអាជីព បាននឹងកំពុងត្រៀមខ្លួនចូលរួមប្រកួតក្របខណ្ឌអាជីពជាលើកដំបូង ចាប់តាំងពីបង្កើតក្លិប តាមរយៈការចូលរួមប្រកួត ពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ឬហៅដោយស្រួលថា ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) នៅឆ្នាំនេះ។

យ៉ាងណាមិញ មុនត្រៀមខ្លួនចូលរួមប្រកួតក្របខណ្ឌអាជីពជាលើកដំបូង ជាមួយលីគលំដាប់ទី២ នេះ ក្រុមដែលមានមូលដ្ឋាននៅខណ្ឌដង្កោ មួយនេះក៏ធ្លាប់ទទួលបានឱកាសឲ្យចូលរួមលេងនៅលីគកំពូលកម្ពុជា នៅដើមរដូវកាល២០២០ នេះផងដែរជំនួសខេត្តកំពង់ចាម ដែលត្រូវបានកាត់ចេញ ប៉ុន្តែថ្នាក់ដឹកនាំក្លិបបានសម្រេចមិនចូល ព្រោះចង់ចាប់ផ្ដើមជាជំហ៊ានៗ។ នេះបើតាមការបញ្ជាក់ដោយ លោក សៀក សុវណ្ណ អ្នកចាត់ការទូទៅក្លិបអាយអេសអាយ ដង្កោសែនជ័យ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយសិក្ខាសិលា និងពិធីចាប់ឆ្នោត ការប្រកួតជម្រើសជើងឯកបាល់ទាត់លីគទី២ កម្ពុជា កាលពីថ្ងៃទី២៣ កញ្ញា ម្សិលមិញ លោក សៀក សុវណ្ណ បាននិយាយយ៉ាងដូច្នេះ៖ «ជាក់ស្ដែង អាយអេសអាយ មានបទពិសោធច្រើនក្នុងការចូលរួមពានពាក់កណ្ដាលអាជីព ហើយយើងក៏បានទទួលពានរង្វាន់ច្រើនដែរ អាចជា ៣,៤ ដែរ ហើយក្មេងៗទៀតប្រហែលជា ៥,៦ ហើយ ហើយយើងធ្វើគឺយើងមានគម្រោងផែនការយូរហើយ តាំងពីយើងចាប់ផ្ដើមដំបូង យើងឈានដល់លីគទីពីរនេះគឺយើងបានរៀបចំយុវជនតាំងពីអាយុ ១៤ឆ្នាំ គឺយើងធ្វើប្រហែលជាខ្ទង់ ៣ឆ្នាំ ៤ឆ្នាំហើយ បន្ទាប់ពីយើងបង្កើតក្លិបប្រហែលជា ៤,៥ឆ្នាំ គឺយើងចាប់ផ្ដើម ហើយឥលូវវាដល់ពេលមួយដែលក្មេងៗរបស់យើងគាត់អាចលេងបាន ហើយណាមួយរចនាសម្ព័ន្ធក្រុមយើងក៏ប្រសើរ ទាំងហិរញ្ញវត្ថុ ទាំងការរៀបចំ ទាំងធនធានកីឡាករ អ៊ីចឹងបានសម្រេចចិត្តថានឹងចូលរួមពានអាជីពលំដាប់ទី២។»

និយាយពីការប្រកួតប្រជែងក្នុងលីគទី២ អ្នកចាត់ការទូទៅដដែលរូបនេះ បានលើកឡើងថា៖ «ចំពោះការចូលរួមនេះ យើងឃើញថាក្រុមមួយចំនួនដែលជាក្រុមថ្មីថ្មោង ហើយយើងដឹងដែរពេលដែលយើងរៀបចំក្រុមត្រៀមសម្រាប់លេងលីគ យើងដឹងថាថ្ងៃណាមួយលីគ២ នឹងត្រលប់មកវិញ ដ្បិតតែគាត់ផ្អាកប្រហែល ២,៣ឆ្នាំក៏ដោយ តែថ្ងៃណាមួយគាត់នឹងលេង អ៊ីចឹងយើងត្រៀមខ្លួនបានល្អហើយ ហើយយើងឃើញថាក្រុមមួយចំនួនក៏គាត់ត្រៀមបានល្អដែរ ដោយសារគាត់ជាក្រុមអាជីពស្រាប់ អ៊ីចឹងគាត់មានធនធានទាំងរចនាសម្ព័ន្ធ ក៏ដូចជាថ្នាលយុវជន អ៊ីចឹងខ្ញុំគិតថាមានក្រុមដែលខ្លាំង ហើយក៏មានក្រុមដែលទើបតែនឹងមកប្រឡូកនៅក្នុងលីគពីរនេះដែរ ខ្ញុំគិតថាវាមានពាក់កណ្ដាលៗ។ ចំពោះការត្រៀមវិញ ខ្ញុំគិតថា រឿងកីឡាយើងមិនអាចមើលឃើញទេ តែយើងគិតថាធនធានយើងប្រដំប្រសងជាមួយក្រុមល្អៗមួយចំនួន ដោយសារយើងធ្លាប់លេងពានពាក់កណ្ដាលអាជីពច្រើន។»

«អាយអេសអាយ មានគោលដៅវែងឆ្ងាយដែរ មិនត្រឹមតែថាចូលលេងលីគ២ លីគ១ ទេ យើងមានមហិច្ឆតាចង់ចូលរួមយូរហើយ តាមត្រូវយើងអាចនឹងចូលលេងតាំងពីមួយឆ្នាំមុន ដោយសារខាងសហព័ន្ធដែលគាត់កាត់កំពង់ចាមចេញមកហ្នឹង គាត់បានអញ្ជើញយើងដែរ ក៏ប៉ុន្តែជាគោលដៅថ្នាក់ដឹកនាំគាត់ចង់ចេញពីមួយជំហាន ទៅមួយជំហាន គាត់អត់ចង់ផ្លោះ បាទ អ៊ីចឹងបានន័យថាយើងក៏មានគម្រោងឡើងទៅលីគអាជីពកម្រិត១ ដែរ ប៉ុន្តែយើងចង់សិក្សាថាតើពេលដែលយើងចូលលីគទី២ នឹងយើងធ្វើបានប៉ុន្មាន យើងស្ទាបស្ទង់សមត្ថភាពយើង ទាំងសមាជិក កីឡាករ គ្រូ និងថ្នាក់ដឹកនាំផ្សេងៗ ហើយនិយាយទៅសិក្សាពីមួយជំហាន ទៅមួយជំហាន យើងអត់ចឹងផ្លោះ។» លោក សៀក សុវណ្ណ ជុំវិញគោលដៅរបស់ក្លិប។

សូមបញ្ជាក់ថា កាលបរិច្ឆេទនៃការប្រកួត ‘លីគលំដាប់ទី២ កម្ពុជា’ គឺគ្រោងនឹងធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ដោយមានក្រុមចំនួន១០ រួមមាន ក្រុមបាល់ទាត់កោះកុងអែហ្វស៊ី, ក្រុមបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ, ក្រុមបាល់ទាត់ខេត្តព្រៃវែង, ក្រុមបាល់ទាត់សៀមរាបអែហ្វស៊ី, ក្រុមបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ, ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ, យុវជនភ្នំពេញក្រោន អាយុក្រោម ២១ឆ្នាំ និងយុវជនកងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ៕

 

រូបភាព៖ អាយអេសអាយ ដង្កោសែនជ័យ – ISI Dangkor Senchey FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់