ស.ប.ក បញ្ជាក់នូវជំហរក្នុងការបន្តនិរន្តរភាពលីគលំដាប់ទី២ កម្ពុជា ឲ្យបានយូរអង្វែង

មាស សុផាណារ៉ុង September 24, 2020


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់នូវជំហរក្នុងការបន្តនិរន្តរភាព ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ឬហៅដោយស្រួលថា ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) ឲ្យបានយូរអង្វែង។ នេះបើយោងតាមការលើកឡើងរបស់តំណាងសហព័ន្ធ លោកអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឡាយ សុធា។

ការលើកឡើងបែបនេះ បន្ទាប់ពីមានការចោទជាសំណួរពីអ្នកសារព័ត៌មាន ជុំវិញការអាក់ខានក្នុងការរៀបចំការប្រកួតលីគទី២ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ (លើកចុងក្រោយនៅឆ្នាំ២០១៨) ក៏ដូចជាការចោទសួរពីនិរន្តរភាពលីគទី២ អាចនឹងគង់វង់យូរអង្វែង មិនភាពអាក់ខានដូចកាលពីមុនដែរឬយ៉ាងណា។

ឆ្លើយតបទៅនឹងសំណួរខាងលើ ចំពោះមុខអ្នកសារព័ត៌មាន លោក ឡាយ សុធា បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាការពិតតម្លាភាពដែលយើងមើលឃើញជាក់ស្ដែងនៅក្នុងសម័យកាលកូវីដ វាជាការរំខានមួយសម្រាប់ការរៀបចំការប្រកួតបាល់ទាត់ មិនត្រឹមតែបាល់ទាត់ទេ គឺគ្រប់ផ្នែកដែលពាក់ព័ន្ធទាំងអស់ ជាពិសេសទាំងផ្នែកសេដ្ឋកិច្ចផ្សេងៗដែលគាត់មានបញ្ហា។ ជាការពិតអ្វីដែលយើងធ្វើទៅបាន ការប្រកួតទៅបានវាអាស្រ័យទៅលើហិរញ្ញវត្ថុ អ៊ីចឹងអ្វីដែលសហព័ន្ធមានគម្រោងផែនការដែលនៅឆ្នាំ២០២០ នេះ សហព័ន្ធមានគម្រោងផែនការ (Master Plan) ច្បាស់លាស់ត្រឹមត្រូវ ដើម្បីអនុវត្តរហូតទៅដល់ឆ្នាំ២០២៣ និងបន្តទៅទៀត ទៅតាមអ្វីដែលគណៈកម្មការរបស់សហព័ន្ធកីឡាបាល់ទាត់បានរៀបចំការប្រជុំពិភាក្សាយ៉ាងល្អិតល្អន់។»

«ក្នុងន័យនេះដែរ ខ្ញុំសូមជម្រាបជូនថា សហព័ន្ធកីឡាបាល់ទាត់នឹងបន្តរហូត រហូត មានន័យថាវាជាផែនការគោលដែលសហព័ន្ធកីឡាបាល់ទាត់មានហិរញ្ញវត្ថុ និងអាចទ្រទ្រង់កម្រិតរបស់ខ្លួនធ្វើ អាច ១ជុំ ឬ ២ជុំ ហើយយើងនឹងព្យាយាមយ៉ាងណាដើម្បីលើកតម្កើនតម្លៃបាល់ទាត់ប្រទេសកម្ពុជា ព្រមទាំងឲ្យអ្នកដែលពាក់ព័ន្ធ ដូចជាខាងម្ចាស់ឧបត្ថម្ភ ដើម្បីចូលរួមចំណែកជាមួយយើង ដើម្បីនឹងអភិវឌ្ឍន៍រហូតដល់យើងចូលដល់ទៅស៊ីហ្គេម។ វាមានការអាករអួល ដែលយើងបានបកស្រាយ ប៉ុន្មានឆ្នាំមក ប៉ុន្តែដោយសារយើងមានពេលវេលាទៅដើម្បីធ្វើហេដ្ឋារចនាសម្ព័ន្ធ អ៊ីចឹង ក្នុងឆ្នាំនេះទៅយើងនៅសល់តែ ៣ទីលានទៀតទេ ហើយយើងនឹងបន្តអនុវត្តវាបន្តទៅទៀត អ៊ីចឹងសង្ឃឹមថា អនុសាសន៍របស់ឯកឧត្តមប្រធាន គណៈកម្មការរៀបចំការប្រកួត ក៏ដូចជាគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកនឹងយកចិត្តទុកដាក់ដើម្បីបន្តនូវលីគទីពីរនេះ សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ដោយយើងបានមើលឃើញនូវទំហំហិរញ្ញវត្ថុរបស់យើង ដែលយើងនឹងរៀបចំសម្រាប់ឆ្នាំ២០២១ និង២០២២។» អគ្គលេខាធិការរង ដដែលរូបនេះបានបន្ថែម។

លោក ឡាយ សុធា ក៏បានបង្ហើបពីមូលហេតុដែលលីគលំដាប់ទីអាក់ខានក្នុងការរៀបចំផងដែរ ដោយលោកបានបញ្ជាក់ថាគឺដោយសារសហព័ន្ធមានផែនការអភិវឌ្ឍន៍ទីលានទាំង ២៥រាជធានី-ខេត្ត ជាមុនសិន។ លោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «សូមជម្រាបជូនផងដែរថា អ្វីដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំបង្កើតឡើងលីគទីពីរនេះ គឺនៅក្នុងគោលដៅអភិវឌ្ឍន៍ឲ្យដល់ក្នុងចំណុចនៃចក្ខុវិស័យទាំង១២ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយជាយាន្ត និងជាផ្លូវមួយដែលឆ្ពោះទៅការរៀបចំជាម្ចាស់ផ្ទះ ដែលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ មូលហេតុដែលមិនបានរៀបចំរយៈពេលកន្លងទៅនេះ គឺដោយសារសហព័ន្ធកីឡាបាល់ទាត់ មានផែនការអភិវឌ្ឍន៍ទីលានទាំង ២៥រាជធានី-ខេត្ត ដូច្នេះអ្វីដែលជាគោលដៅទាំង១២ របស់សហព័ន្ធ គឺសហព័ន្ធលើកយកនូវចំណុចអាទិភាពលើអាទិភាពនៃការអភិវឌ្ឍន៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីឆ្លុះបញ្ជាំងអំពីថាតើសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ ធ្វើទីលានទាំង ២៥រាជធានី-ខេត្ត ហើយ ឥលូវនេះយើងនៅសល់៣ ដូច្នេះយើងបន្តអភិវឌ្ឍន៍លីគទីពីរនេះ ជាបន្តទៅទៀត។»

គួររំឭកថា ‘លីគលំដាប់ទី២ កម្ពុជា’ បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ជើងឯកគឺបានទៅក្លិបគីរីវង់សុខសែនជ័យ ខណៈនៅរដូវកាលទី២ ឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត និងជើងឯកគឺបានទៅក្លិបវិសាខា ដោយឡែកនៅរដូវកាល២០១៨, ២០១៩​ ខកខានមិនអាចរៀបចំដំណើរការទៅបាន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់