លីគលំដាប់ទី២ កម្ពុជា កំណត់យកតែក្រុមលេខ១ ឬលេខ២ ប៉ុណ្ណោះដើម្បីឡើងមកលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង September 23, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ឬហៅដោយស្រួលថា ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ នេះ កាន់តែកៀកទៅចាប់ផ្ដើមហើយ បន្ទាប់បើកឲ្យមានការប្រកួតជាថ្មី។

លីគលំដាប់ទី២ កម្ពុជា រដូវកាល២០២០ នឹងមាន ១០ក្រុមចូលរួមប្រកួតរួមមាន ក្រុមបាល់ទាត់កោះកុងអែហ្វស៊ី, ក្រុមបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ, ក្រុមបាល់ទាត់ខេត្តព្រៃវែង, ក្រុមបាល់ទាត់សៀមរាបអែហ្វស៊ី, ក្រុមបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ, ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ, ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង យុវជនកងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ ខណៈរដូវកាលនេះ យកតែក្រុមលេខ១ ឬលេខ២ ប៉ុណ្ណោះឡើងមកលីគកំពូលកម្ពុជា។ នេះបើតាមការបញ្ជាក់ដោយ អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឡាយ សុធា។

ថ្លែងក្នុងសិក្ខាសិលា និងពិធីចាប់ឆ្នោត ការប្រកួតជម្រើសជើងឯកបាល់ទាត់លីគទី២ កម្ពុជា ចំពោះមុខអ្នកសារព័ត៌មាន លោក ឡាយ សុធា បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់ក្រុមដែលត្រូវឡើងគឺតែ ១ក្រុមទេ ហើយនៅក្នុងបទបញ្ជាប្រកួតនេះផងដែរ យើងបានចចែក និងពិភ្សាគ្នាផងដែរ គឺក្រុមដែលឈរចំណាត់ថ្នាក់លេខ១ គឺគាត់មានឱកាសទៅលេងលីគកំពូលនៅក្នុងឆ្នាំ២០២១ ប៉ុន្តែប្រសិនបើក្លិបដែលគាត់ប្រកួតនៅក្នុងក្របខណ្ឌទី២ ដែលជាឧបសម្ព័ន្ធរបស់ក្លិបនៃលីគកំពូល គឺគាត់មិនត្រូវបានឡើងមកលេងលីគកំពូលបានទេ ក៏ប៉ុន្តែយើងឲ្យអាទិភាពទៅក្រុមលេខ២ ដែលជាប់ចំណាត់ថ្នាក់ ប្រសិនបើទី២ ជាឧបសម្ព័ន្ធទៀត ហើយខ្វះលក្ខន្តិកៈអាជ្ញាប័ណ្ណជាតិរបស់ សបក ទេ គឺមានន័យថាយើងនឹងរក្សាក្រុមដែលកាត់ចេញមកលេងលីគទី២ ហើយ ហើយលីគទី២ គឺមិនអាចអនុញ្ញាតទៅលេងលីគទី១ បានទេ នេះគឺជាលក្ខន្តិកៈនៃការប្រកួត។»

លោកបានពន្យល់មូលហេតុយ៉ាងដូច្នេះថា៖ «អ្វីដែលទៅតាមបច្ចេកទេស និងការពិភាក្សាសម្រាប់សហព័ន្ធកីឡាបាល់ទាត់ គឺរៀបចំក្រុមធ្វើយ៉ាងណាឲ្យមានកម្រិតនៃការប្រកួតសម្រាប់លីគទី២ នេះធ្វើយ៉ាងណាឲ្យមានយុវជនអាយុក្រោម ១៩ឆ្នាំទទួលការប្រកួតឲ្យបានច្រើន មានន័យថាចូលប្រកួតឲ្យបានច្រើនដើម្បីជាផលទុនរបស់យើងសម្រាប់ក្នុងការជ្រើសរើសកីឡាករដែលមានសក្ដានុពលល្អ ហើយយើងយកទៅចូលនៅក្នុងជម្រើសជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។ ជាការពិត សហព័ន្ធកីឡាបាល់ទាត់សូមថ្លែងអំណរគុណដល់ក្រុមទាំងអស់ដែលប្រឹងប្រែង សហការ ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍន៍នេះ ហើយក៏ជាចំណែកមួយដែលសហព័ន្ធបានផ្ដល់ជូនទៅវិញផងដែរ ដូចជាសហព័ន្ធបានផ្ដល់ថវិកាជាកញ្ចប់ រៀបចំការធ្វើដំណើរ ការហូបចុក ដែលសហព័ន្ធបានរៀបចំជូន ហើយថាតើលក្ខខណ្ឌដែលគាត់មិនអាចបានទៅនោះបើសិនការប្រឹងប្រែងល្អមែន អ៊ីច្ចឹងយើងសង្ឃឹមថាក្រុមរបស់គាត់នឹងឈរបានលេខ១ ប៉ុន្តែបើសិនជាយើងនិយាយថាក្រុមគាត់បានប្រឹងប្រែង ប៉ុន្តែក្រុមគាត់ទៅនៅលេខ៨ លេខ៧ យើងឧទាហរណ៍ អ៊ីចឹងគឺយើងមិនអាច promote គាត់ឡើងទេដោយសារយើងចង់បានគុណភាពត្រឹមលេខ១ និងលេខ២ នេះគឺជាលក្ខខណ្ឌនៃបទបញ្ជាបច្ចេកទេស ដែលយើងបានពិភាក្សាគ្នារួចមកហើយ។»

«ជាការពិត យោងទៅតាមបច្ចេកទេស ដែលមាននៅក្នុងបទបញ្ជា គឺយើងអនុញ្ញាតត្រឹមតែលេខ១ និងលេខ២ ដែលមិនមែនជាក្រុមឧបសម្ព័ន្ធ ទី២ គឺក្រុមដែលត្រូវបំពេញធ្វើយ៉ាងម៉េចឲ្យគ្រប់លក្ខខណ្ឌអាជ្ញាប័ណ្ណជាតិរបស់ សបក ដើម្បីយើងពង្រឹងសមត្ថភាពរបស់យើងឲ្យឈានចូលដល់កម្រិតមួយនៅក្នុងអន្តរជាតិ ដែលខាងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC ដែលតម្រូវការធ្វើយ៉ាងណា ឲ្យទៅតាមលក្ខខណ្ឌរបស់គេ ឲ្យវាស្ដង់ដាប្រកួតប្រជែងក្នុងតំបន់អាស៊ាន។» អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដដែលរូបនេះបានសង្កត់ធ្ងន់។

កាលបរិច្ឆេទនៃការប្រកួត ‘លីគលំដាប់ទី២ កម្ពុជា’ គឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខណៈក៏មានការលេចឭដំណឹងថាអាចនឹងមានការកែសម្រួលកាលបរិច្ឆេទនៃកម្មវិធីប្រកួតថ្មីផងដែរ។

គួររំឭកថា ‘លីគលំដាប់ទី២ កម្ពុជា’ បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ជើងឯកគឺបានទៅក្លិបគីរីវង់សុខសែនជ័យ ខណៈនៅរដូវកាលទី២ ឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត និងជើងឯកគឺបានទៅក្លិបវិសាខា ដោយឡែកនៅរដូវកាល២០១៨, ២០១៩ ខកខានមិនអាចរៀបចំដំណើរការទៅបាន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់