សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ថែមគ្រូចាំទីថ្មីមកពីជប៉ុន ដល់សាលាបាល់ទាត់បាទី និង U-19 កម្ពុជា

មាស សុផាណារ៉ុង September 23, 2020


 

ភ្នំពេញ៖ មជ្ឈមណ្ឌលសាលាកីឡាបាល់ទាត់ជាតិបាទី តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការបន្ថែមគ្រូបង្វឹកចាំទី មួយរូបមកពីប្រទេសជប៉ុន ដើម្បីជួយដឹកនាំបង្ហាត់ទាំងយុវជនសាលាបាល់ទាត់ជាតិបាទី ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់ដោយអគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីម្សិលមិញ។

Toshihiro Mitsumaru (អាវសខោស)

គ្រូបង្វឹកអ្នកចាំទីថ្មីរូបនេះមានឈ្មោះថា Toshihiro Mitsumaru មានវ័យ ២៧ឆ្នាំ ជាគ្រូដែលមានបទពិសោធជាមួយក្រុមយុវជន។

លោក Toshihiro Mitsumaru ធ្លាប់ធ្វើការជាមួយក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ នៅប្រទេសកំណើតរបស់ខ្លួន ឈ្មោះថា AMIGO Football club បន្ទាប់មកបានក្លាយជាគ្រូចាំទីនៃក្រុមជម្រើសជាតិនេប៉ាល់ រយៈពេល ២ឆ្នាំ និងបានរួមចំណែកជាមួយក្រុមប្រកួតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ផងដែរ មុននឹងលោកចូលមកកម្ពុជា កាលពីប៉ុន្មានសប្ដាហ៍មុន។

តាមការលើកឡើងដោយអគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សុខា រ៉ានាថ បានប្រកាសបង្ហើបនៅក្នុងវីដេអូផ្សាយផ្ទាល់សកម្មភាពនៃការហ្វឹកហាត់របស់ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ នៅពហុកីឡដ្ឋានជាតិ ថា គ្រូបង្វឹកជនជាតិជប៉ុន នេះត្រូវបានសហព័ន្ធនាំយកមកដើម្បីបង្កើនសមត្ថភាពរបស់យុវជនទាំងនៅសាលាបាល់ទាត់ជាតិបាទី ក៏ដូចជាក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា។

គួរដឹងដែរថា ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ក៏ដូចជាជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ មានគ្រូបង្វឹកចាំទីមួយរូបផងដែរ គឺលោក អ៊ុក ចំរ៉ុង ដែលធ្លាប់ជាគ្រូមានបទជាមួយក្លិបនៅលីគកំពូលកម្ពុជា ដូចជា វេស្ទើនភ្នំពេញ និងកងយោធពលខេមរភូមិន្ទ (ទ័ព) ជាដើម៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់