សំណើរសុំអនុញ្ញាតឲ្យទស្សនិកជនអាចចូលទស្សនាការប្រកួតកីឡាផ្ទាល់នៅកីឡដ្ឋាន កំពុងត្រូវបានដាក់ជូនសម្តេចតេជោ

មាស សុផាណារ៉ុង September 22, 2020


 

ភ្នំពេញ៖ យោងតាមការចេញផ្សាយនៅលើគេហទំព័ររបស់ស្ថានីយទូរទស្សន៍ព័ត៌មានកម្ពុជា CNC បានបញ្ជាក់ថា គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ជាប្រធាន នឹងលើកជាជម្រើស ដើម្បីដាក់សំណើសុំគោលការណ៍ អនុញ្ញាតឱ្យទស្សនិកជនចូលទស្សនាការប្រកួត ដោយកំណត់ចំនួនពាក់កណ្ដាលនៃចំនួនអង្គុយសរុបក្នុងកីឡដ្ឋាន នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ គោរពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា, ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា, លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល។

ក្រោយជំនួបប្រជុំនេះ លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា ការដាក់សំណើស្នើសុំនេះ បានធ្វើឡើងបន្ទាប់ពីបានបើកកិច្ចប្រជុំពិភាក្សា គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងសុខាភិបាល។

លោកជំទាវបន្តថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅតែឈរលើជំហរស្ដង់ដារមួយយ៉ាងច្បាស់លាស់ ដើម្បីដាក់ចេញនូវវិធានការសមស្របនឹងកាលៈទេសៈ ក្នុងការគ្រប់គ្រងឱ្យបាននូវ ការចម្លងជំងឺកូវីដ១៩ ជាពិសេស ក្នុងអង្គប្រជុំបានយកចិត្ដទុកដាក់ខ្ពស់ទៅកិច្ចការពារ ក៏ដូចជាពិភាក្សាយ៉ាងហ្មត់ចត់ជាទីបំផុត ទៅលើវិធានការនៃការទប់ស្កាត់ ដើម្បីកុំឱ្យមានការឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមទស្សនិកជនចូលរួមទស្សនាបាល់ទាត់។ លើសពីនេះទៅទៀត ក៏មានការកំណត់ចំនួនអ្នកចូលទស្សនា រួមទាំងអត្ដសញ្ញាណច្បាស់លាស់ និងនៅតែបន្ដគោរពឱ្យភ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យនៃការចម្លងជំងឺកូវីដ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់លីគកំពូលកម្ពុជា ត្រូវបានអនុញ្ញាត និងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ តែត្រូវតម្រូវឱ្យគោរពទៅតាមវិធានរបស់ក្រសួងសុខាភិបាល ក្នុងការរៀបចំការប្រកួតដល់ក្លិបបាល់ទាត់ និងមិនអនុញ្ញាតឱ្យមានអ្នកចូលទស្សនាដោយផ្ទាល់នោះទេ។

ប៉ុន្ដែដោយយោងតាមស្ថានភាពធូរស្បើយនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ឺងម៉ាត់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានសម្រេចស្នើសុំឱ្យការប្រកួតបាល់ទាត់ អាចផ្ដល់ឱកាសដល់ទស្សនិកជនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ បានចូលរួមទស្សនាការប្រកួតឡើងវិញ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃខាងមុខនេះ៕

 

ប្រភពព័ត៌មានទាំងស្រុង៖ ស្ថានីយទូរទស្សន៍ព័ត៌មានកម្ពុជា CNC

មតិយោបល់