ស.ប.ក ទទួលយកការរិះគន់ប្រាក់រង្វាន់បាល់ទាត់នារី កាលពីឆ្នាំទៅ និងត្រៀមតំឡើងទ្វេរដងនៅឆ្នាំនេះ

មាស សុផាណារ៉ុង September 22, 2020


 

ភ្នំពេញ៖ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក កែវ សារ៉េត បានបង្ហើបឲ្យដឹងថាសហព័ន្ធទទួលយកការរិះគន់ពីមហាជនលើប្រាក់រង្វាន់បាល់ទាត់នារី កាលពីឆ្នាំទៅ និងត្រៀមតំឡើងទ្វេរដង សម្រាប់ឆ្នាំ២០២០ នេះ។

ការលើកឡើងបែបនេះ គឺនៅក្នុងសិក្ខាសិលា និងពិធីចាប់ឆ្នោត ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ម្សិលមិញ និងឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលចោទសួរជុំវិញបញ្ហាប្រាក់រង្វាន់ ដែលធ្លាប់ជាការរិះគន់ពីសំណាកមហាជន កាលពីឆ្នាំកន្លងៗទៅ។

ឆ្លើយតបទៅនឹងសំណួរនេះ លោក កែវ សារ៉េត បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងទទួលយកការតិះទានគឺត្រឹមត្រូវ ទៅតាមពេលវេលាមួយដែលយើងគួរតែខំប្រឹងទៅលើបាល់ទាត់នារី ពីព្រោះបើមើលទៅតាមកម្រិតបច្ចេកទេសនៅក្នុងតំបន់អាស៊ានរបស់យើង មិនទាន់ជាចុងក្រោយគេពេកទេ គឺយើងហាក់ដូចជាឈ្នះព្រុយណេ ឈ្នះឡាវ ប្រដំប្រសង ហើយជាមួយហ្វីលីពីន អីយើងអាចលេងបាន ម្ដងម្កាលឈ្នះ ដូច្នេះយើងនៅមានគោលដៅរបស់យើងជម្រុញបាល់ទាត់នារីឲ្យបានខ្ពស់បាន យើងអាចដណ្ដើមយកគេហៅពាក់កណ្ដាលទៅលើអីបានក្នុងចំណោម ១១, ១២ប្រទេសនេះ អ៊ីចឹងទេ ទីម័រ អីក៏ពិបាកលេងជាមួយយើងដែរ យើងតែងតែឈ្នះបាល់ទាត់នារី ដូច្នេះនេះជាការសង្ឃឹមទៅលើការធ្វើយ៉ាងម៉េចឲ្យបានល្អជាងពីមុន អ៊ីចឹងបញ្ហារង្វាន់លើកទឹកចិត្តនេះគឺជាបញ្ហាទាក់ទាញខ្លាំង បើយើងប្រៀបធៀបជាមួយនឹងបាល់ទាត់ខាងប្រុសៗ ឥលូវទីផ្សារខ្ពស់ យើងឃើញទាំងអស់គ្នាហើយ ប្រាក់ខែកីឡាករខ្ពស់ៗ ទាំងគ្រូ។»

«បើចង់ធ្វើបាល់ទាត់នារីឲ្យខ្លាំងដែរ ក៏យើងត្រូវយកចិត្តទុកដាក់បង្កើននូវកម្រិតការឧបត្ថម្ភហ្នឹងដែរ ដូច្នេះពីមុនមកសហព័ន្ធទទួលយក គឺមិនបដិសេធ ក៏ប៉ុន្តែយើងមានហេតុផលរបស់យើងដែរ ដោយសារកន្លងមកការរៀបចំការប្រកួតដែលមិនគ្រប់ទៅតាមស្ដង់ដារបស់ FIFA ទេ គេអត់មានឧបត្ថម្ភទេ យើងរកចំណូលខ្លួនឯង ដោះស្រាយខ្លួនឯង អាហ្នឹងហើយដែលបានតិច តែបើសិនជាទៅតាមលក្ខខណ្ឌរបស់គេគ្រប់គ្រាន់ អាហ្នឹងគេទម្លាក់ថវិកា មកច្រើនសម្រាប់យើងរៀបចំ ហើយឧទាហរណ៍នៅឆ្នាំនេះគឺយើងមានថវិការបស់ FIFA គេជួយ ដើម្បីឲ្យយើងរៀបចំបានទោះបីមានកូវីដ ក៏ដោយ ក៏គេអាចជួយ អ៊ីចឹងយើងជាសំណាងមួយដែរ ដែលយើងគិតថាត្រូវពេលវេលាដែលយើងជម្រុញបាល់ទាត់នារីឲ្យទៅមុខ ប្រទេសផ្សេងៗក៏គេបានទទួល គេហៅជំនួយពិសេសនៅក្នុងរយៈពេលកូវីដនេះដែរ មិនមែនតែកម្ពុជា យើងទេ គឺសមាជិករបស់ FIFA ទាំងអស់ ជាង ១០០ប្រទេសហ្នឹងគឺត្រូវតែមានដូចគ្នា ក៏ប៉ុន្តែនៅក្នុងនោះគេមានចែងជាពិសេសគឺគេជួយទៅលើបាល់ទាត់ស្រីដែរ អ៊ីចឹងទេយើងអាចបង្កើនកម្រិតការឧបត្ថម្ភនេះបានល្អជាងមុន។» អគ្គលេខាធិការដដែលរូបនេះបានសង្គត់ធ្ងន់។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០ នៃការប្រកួតបាល់ទាត់នារី ជាលក្ខណៈលីគលើកដំបូងនេះ មានប្រាក់រង្វាន់ច្រើនជាងឆ្នាំ២០១៩ ពោលក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ ១២លានរៀល, ក្រុមលេខ២ បាន ៦លានរៀល និងក្រុមលេខ៣ បាន ៤លានរៀល ខណៈបើប្រៀបធៀបទៅកាលឆ្នាំ២០១៩ ក្រុមជើងឯកទទួលបានត្រឹម ៥លានរៀល, ជើងឯករង ៣លានរៀល និងក្រុមលេខ៣ បានចំនួន ២លានរៀល។

សូមរំឭកជាថ្មីថា ការប្រកួតពានរង្វាន់លីគបាល់ទាត់នារី (Cambodia Women’s League) រដូវកាល២០២០ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ដោយប្រើប្រាស់រូបមន្តប្រកួត ជាលក្ខណៈលីគវិលជុំ តែមួយជើងប៉ុណ្ណោះ ដោយមានក្រុមខ្លះអាចនឹងធ្វើម្ចាស់ផ្ទះ ៤ដង ឬ ៥ដង តាមការចាប់ឆ្នោតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់