លីគបាល់ទាត់នារី ធ្វើឡើងដើម្បីជ្រើសរើសកីឡាការិនីឆ្នើម ២៥នាក់ ទៅហាត់នៅប្រទេសចិន រយៈពេល ៣ឆ្នាំ

មាស សុផាណារ៉ុង September 21, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគបាល់ទាត់នារី (Cambodian Women’s League) រដូវកាល២០២០ ត្រៀមដំណើរការប្រកួតរបស់ខ្លួនក្នុងរូបភាពជាលីគ ជាលើកដំបូងហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ចុងសប្ដាហ៍នេះ បន្ទាប់ពីប៉ុន្មានឆ្នាំកន្លងមកមានការប្រកួតផងដែរ ប៉ុន្តែបានធ្វើជាលក្ខណៈ ‘ខាប់ – Cup’ ដោយមានបែងចែកពូល និងជម្រុះជាបន្តបន្ទាប់ដើម្បីរកជើងឯកនៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

ជាមួយនឹងការរៀបចំការប្រកួតលីគបាល់ទាត់នារី ជាលើដំបូងនេះ ក៏ជាគោលដៅដើម្បីសម្រិតសម្រាំងយកកីឡាការិនី ចំនួន ២៥រូប ចេញទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេល ៣ឆ្នាំ សម្រាប់ត្រៀមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games) ចាប់ពីឆ្នាំ២០២១ តទៅនិងជាពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់ដោយ លោកស្រី ពុធ ធីតា ប្រធានគណៈកម្មការអភិវឌ្ឍន៍បាល់ទាត់នារី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ថ្លែងក្នុងសិក្ខាសិលា និងពិធីចាប់ឆ្នោត ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ចំពោះមុខអ្នកសារព័ត៌មាន លោកស្រី ពុធ ធីតា បានលើកឡើងយ៉ាងដូច្នេះថា៖ «…យើងធ្វើឡើងដើម្បីអភិវឌ្ឍន៍បាល់ទាត់នារីក្នុងប្រទេស និងមួយទៀតយើងត្រៀមខ្លួនសម្រាប់ស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២១ និងមួយទៀតយើងមានត្រៀមទៅប្រទេសចិន ដែលយើងត្រូវត្រៀម camping (បោះជំរំ) ចំនួន ៣ឆ្នាំ ហើយដើម្បីឆ្ពោះទៅផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា យើង ១២ចំណុចផងដែរ ហើយដែលសំខាន់ជាងនេះទៅទៀតដែលយើងធ្វើលីគនេះឡើងដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២០៣ ដែលយើងធ្វើជាម្ចាស់ផ្ទះ។» 

«យើងមាន camping (បោះជំរំ) ទៅចិនហ្នឹង ៣ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ យើងធ្វើ ២លើក ម្ដងយើងធ្វើ camping ៩០ថ្ងៃ ហើយមូលហេតុដែលយើងធ្វើលីគគឺដើម្បីជម្រើសយក ២៥នាក់ហ្នឹង ដើម្បីទៅ ហើយនិងមន្ត្រីចំនួន ៤នាក់ អ៊ីចឹងសរុបទៅគឺ ២៩នាក់សម្រាប់ទៅចិន។ …គឺយើងហ្វឹកហាត់នៅប្រទេសចិន ហើយគេឧបត្ថម្ភទាំងអស់។» ប្រធានក្លិបបាល់ទាត់បឹងកេត ផងដែររូបនេះបានបន្ថែម។

ពាក់ព័ន្ធទៅនឹងការហ្វឹកហាត់នៅប្រទេសចិន នេះ លោក កែវ សារ៉េត អគ្គលេខាធិការនៃហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានមានប្រសាសន៍ផងដែរថា៖ «ខ្ញុំសុំចូលរួមឆ្លើយជាមួយសំណួរទី១ ផងដែរ ដោយសារតែងតែបានចូលរួមប្រជុំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាស្ថាប័នមួយទទួលខុសត្រូវលើបញ្ហារៀបចំក្រុមចូលរួមលេងស៊ីហ្គេម អ៊ីចឹងបាល់ទាត់យើង គេហៅថាប្រភេទកីឡាមួយដែលកំពុងតែទាញការចាប់អារម្មណ៍ពីសាធារណៈជនទាំងអស់ ដូច្នេះហើយ តែងតែមានឈ្មោះត្រូវត្រៀមលក្ខណៈនៅក្នុងបញ្ជីដែលមានអាទិភាពដំបូង អ៊ីចឹងទេយើងត្រៀមយូរណាស់ហើយ គ្រោងថានឹងទៅហាត់នៅចិន ប៉ុន្តែដោយសារបញ្ហាកូវីដ​ បានធ្វើការរារាំងផែនការ កាលវិភាគនៃការទៅហាត់នៅស្រុកចិន តាមការពិតទៅនៅសល់ ២,៣ ខែទៀតដែលយើងមានពេលរៀបចំលីគនារីនេះ ដើម្បីធ្វើការជ្រើសរើសយកក្រុមទៅហាត់នៅចិន យើងនៅមានពេលនៅឡើយ ប៉ុន្តែយើងហាក់ដូចជាសង្ឃឹមតិច ដោយសាបញ្ហាកូវីដនេះវានៅតែមានសម្ទុះនៅខាងក្រៅ ដូច្នេះបានថាយើងបានទៅ ឬមិនបានទៅ យើងចាំមើលទាំងអស់គ្នា។»

«ចំនុចសំខាន់មួយទៀតដែលខ្ញុំចង់បញ្ជាក់បន្ថែម យើងនឹងមានគ្រូអមទៅហាត់នៅចិនដែរ មានគ្រូខ្មែរយើងទៅជាមួយ អ៊ីចឹងនឹងទៅហាត់រៀនពីចិនមកដែរ ពីក្បាច់គុណពីប្រទេសចិនមកដែរ ហើយមកកាន់បាល់ទាត់នារីផ្ទាល់នៅពេលដែលយើងនាំក្រុមទៅលេងស៊ីហ្គេម គឺគ្រូខ្មែរយើងអ្នកចេញមុខ អ៊ីចឹងគេគ្រាន់ជាអ្នកជួយទេ យើងអ្នកដឹកនាំទៅដោយខ្លួនឯងទៅលេងស៊ីហ្គេម។» លោកអគ្គលេខាធិការបានសង្គត់ធ្ងន់។

សូមបញ្ជាក់ជាថ្មីថា ការប្រកួតពានរង្វាន់លីគបាល់ទាត់នារី (Cambodian Women’s League) រដូវកាល២០២០ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ដោយប្រើប្រាស់រូបមន្តប្រកួត ជាលក្ខណៈលីគវិលជុំ តែមួយជើងប៉ុណ្ណោះ ដោយមានក្រុមខ្លះអាចនឹងធ្វើម្ចាស់ផ្ទះ ៤ដង ឬ ៥ដង តាមការចាប់ឆ្នោតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់