លីគបាល់ទាត់នារី រដូវកាល២០២០-២១ មានក្រុមចំនួន ១០ចូលរួមប្រកួត

មាស សុផាណារ៉ុង September 15, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគបាល់ទាត់នារី (Cambodian Women’s League) រដូវកាល២០២០-២០២១ បានកំណត់ចំនួនក្រុមចូលរួមជាផ្លូវការហើយ ដោយនឹងមាន ១០ក្រុមចូលរួមប្រកួតពីគ្រប់សមាគម និងក្លិបបាល់ទាត់នានានៅកម្ពុជា។

យោងតាមការបង្ហើបឲ្យដឹង ក្រុមទាំងនោះរួមមាន ខេត្តកណ្ដាល, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពង់ស្ពឺ (ណាហ្គាវើលដ៍), ខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្តស្វាយរៀង (ព្រះខ័នរាជស្វាយរៀង), បឹងកេត, ភ្នំពេញក្រោន និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព)។

ចំពោះរូបមន្តប្រកួត ត្រូវបានឲ្យដឹងថាគ្រោងប្រកួតជាលក្ខណៈលីគវិលជុំ តែមួយជើងប៉ុណ្ណោះ ដោយមានក្រុមខ្លះអាចនឹងធ្វើម្ចាស់ផ្ទះ ៤ដង ឬ ៥ដង តាមការចាប់ឆ្នោតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ដោយឡែកអំពីកាលបរិច្ឆេទ ដែលដើមឡើយគ្រោងនឹងរៀបចំប្រកួតពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ គឺមានការកែប្រែវិញជាថ្មី ពោលគឺនឹងចាប់ផ្ដើមនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។

សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលកម្ពុជា មានការប្រកួតបាល់ទាត់ជាលក្ខណៈលីគប្រកួតវិលជុំ ខណៈប៉ុន្មានឆ្នាំកន្លងមកមានការប្រកួតផងដែរ ប៉ុន្តែបានធ្វើជាលក្ខណៈខាប់ (Cup) ដោយមានបែងចែកពូល និងជម្រុះជាបន្តបន្ទាប់ដើម្បីរកជើងឯកនៅការប្រកួយវគ្គផ្ដាច់ព្រ័ត្រ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់