គ្រូព្រះខ័នរាជស្វាយរៀង បន្ទាប់ពី AFC Cup 2020 ត្រូវលុបចោល៖ «ប្រត្តិកម្មរបស់យើង គឺយើងចង់លេង AFC នៅឆ្នាំ ២០២១…»

មាស សុផាណារ៉ុង September 11, 2020


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ខំចិត្តបញ្ឈប់ការប្រកួតពានក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup 2020) ដោយសារតែចំនួនករណីជំងឺកូវីដ-១៩ កើនឡើងនៅក្នុងបណ្តាប្រទេសម្ចាស់ផ្ទះរៀងៗខ្លួន។

ដោយមើលឃើញពីភ័ស្តុភារក្នុងការសម្របសម្រួល ការប្រកួតវគ្គជម្រុះក្នុងពូលប្រចាំតំបន់ទាំង៥ នៃពានរង្វាន់ AFC Cup និងការប្រកួតនៅវគ្គអន្តរតំបន់ (Inter Zone) គណៈកម្មាធិការ AFC ក៏បានយល់ស្របផងដែរថាជំងឺរាតត្បាតបានបង្កើតភាពស្មុគស្មាញដែលបង្កើតជាព្រឹត្តិការណ៍ដែលត្រូវទាំងបង្ខំ ហើយជាមួយនឹងភាពសោកសៅ បាននាំឲ្យមានការលុបចោលការប្រកួតប្រជែង សម្រាប់ឆ្នាំ២០២០។ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានបញ្ជាក់។

ជុំវិញការលុបចោលនេះផងដែរ ក្លិបបាល់ទាត់តំណាងឲ្យកម្ពុជា ព្រះខ័នរាជស្វាយរៀង ដែលទើបតែបង្ហាញខ្លួនលើកដំបូងហើយរងផលប៉ះពាល់ដូចគ្នា បានប្រត្តិកម្មចង់លេងពាននេះម្ដងទៀត នៅឆ្នាំ២០២១។ នេះបើតាមសម្ដីរបស់គ្រូបង្វឹក លោក Conor Nestor។

ឆ្លើយឆ្លងជាមួយសារព័ត៌មាន camsports.org លោក Conor Nestor បានលើកឡើងថា៖ «យើងចង់លេង ដូចដែលយើងបានខិតខំដើម្បីបានទៅដល់ទីនោះ ប៉ុន្តែខ្ញុំគិតថាបើនិយាយពីសុវត្ថិភាពរបស់កីឡាករយើង និងគ្រួសាររបស់ពួកគេ វាគឺជាការសម្រេចចិត្តដ៏ល្អមួយ។ វាក៏អនុញ្ញាតឲ្យយើងផ្តោតលើពានរង្វាន់ទាំង២ នៅកម្ពុជា ដែលយើងកំពុងប្រជែងដើម្បីឈ្នះផងដែរ។» 

«ប្រតិកម្មរបស់យើង គឺថាយើងចង់លេង AFC នៅឆ្នាំ២០២១ ហើយធ្វើដូច្នេះ យើងដឹងថាយើងត្រូវការបញ្ចប់រដូវកាល២០២០ ជាមួយនឹងភាពរឹងមាំ។» លោក Conor បានសង្គត់ធ្ងន់។

សូមបញ្ជាក់ថា មុនពានរង្វាន់នេះត្រូវបានលុបចោល ព្រះខ័នរាជស្វាយរៀង បានឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល G ក្រោយប្រកួត ៣ដង ឈ្នះ១ មិនដែលស្មើ និងចាញ់២ មាន ៣ពិន្ទុ ស្របពេលដែល Ceres-Negros (ហ្វីលីពីន) ឈរនៅកំពូលតារាង Thanh Quang Ninh (វៀតណាម) នៅលេខ២ និង Bali United (ឥណ្ឌូនេស៊ី) នៅបាតតារាង។

លទ្ធផលទាំង ៣ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង មានដូចខាងក្រោម៖

  • ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០: ចាញ់ Ceres Negros ៤-០
  • ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០: ឈ្នះ Bali United ២-១
  • ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០: ចាញ់ Thanh Quang Ninh ១-៤

សូមរំឭកថា ចាប់ពីឆ្នាំ២០២១ ក្លិបបាល់ទាត់កម្ពុជា ចំនួន២ នឹងមានសិទ្ធិពេញលេញដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់ AFC Cup ដោយ ១កៅអី ត្រូវចូលទៅកាន់វគ្គចែកពូលដោយស្វ័យប្រវត្តិ គឺនឹងបានទៅលើក្លិបណាមួយដែលបានឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ចំណែក ១កៅអីទៀតគឺសម្រាប់ក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ប៉ុន្តែត្រូវឆ្លងកាត់ការប្រកួតក្នុងវគ្គ Play-Off ជាមុនសិន ខណៈដែលកាលពីឆ្នាំកន្លងមក ក្រុមរបស់កម្ពុជា ទទួលបានសិទ្ធិត្រឹមកន្លះកៅអីប៉ុណ្ណោះ ពោលគឺត្រូវឆ្លងកាត់វគ្គ Play-Off ជាមុនសិន មុននឹងចូលដល់វគ្គចែកពូលសន្សំពិន្ទុនោះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់