សមាសភាពក្រុមចូលរួមប្រកួតលីគទី២ កម្ពុជា ឆ្នាំ២០២០ (ពុំទាន់ផ្លូវការ)

មាស សុផាណារ៉ុង September 11, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ឬហៅដោយស្រួលថា ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ នេះ កាន់តែកៀកទៅចាប់ផ្ដើមហើយ បន្ទាប់បើកឲ្យមានការប្រកួតជាថ្មី។

កាលពីដើមខែកញ្ញា បើយោងតាមការបង្ហើបឲ្យដឹងពីប្រភពសុំមិនបញ្ចេញឈ្មោះមួយ បានបញ្ជាក់ថាអាចនឹងមានក្រុមចំនួន ៨ ឬ ៩ ចូលរួមប្រកួត ខណៈថ្មីៗនេះក៏មានការលេចធ្លាយសមាសភាពក្រុមទាំងនោះផងដែរ។

ប្រភពក្រៅផ្លូវការដដែលនោះបានបង្ហាញឈ្មោះក្រុមទាំងនោះរួមមាន ក្រុមបាល់ទាត់កោះកុងអែហ្វស៊ី, ក្រុមបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ, ក្រុមបាល់ទាត់ខេត្តព្រៃវែង (យុវជនអាយុក្រោម ១៨ឆ្នាំរបស់ក្លិបវិសាខា), ក្រុមបាល់ទាត់សៀមរាបអែហ្វស៊ី, ក្រុមបាល់ទាត់រិទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ, ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ និងក្រុមយុវជនអាយុក្រោម ១៨ឆ្នាំរបស់ក្លិបភ្នំពេញក្រោន។ យ៉ាងណាមិញនេះគឺគ្រាន់តែជាការបញ្ជាក់ក្រៅផ្លូវការប៉ុណ្ណោះ ចំពោះសមាសភាពក្រុមផ្លូវការដែលចូលរួមនៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយ ប៉ុន្តែអាចនឹងមានក្រុមក្នុងចំណោមដូចបានរៀបរាប់ខាងលើនេះ។

បញ្ជាក់ថា បើគ្មានអ្វីប្រែប្រួល កាលបរិច្ឆេទនៃការប្រកួត ‘លីគលំដាប់ទី២ កម្ពុជា’ គឺគេគ្រោងនឹងធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខណៈក៏មានការលេចឭដំណឹងថាអាចនឹងមានការកែសម្រួលកាលបរិច្ឆេទនៃកម្មវិធីប្រកួតថ្មីផងដែរ។

គួររំឭកថា ‘លីគលំដាប់ទី២ កម្ពុជា’ បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ជើងឯកគឺបានទៅក្លិបគីរីវង់សុខសែនជ័យ ខណៈនៅរដូវកាលទី២ ឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត និងជើងឯកគឺបានទៅក្លិបវិសាខា ដោយឡែកនៅរដូវកាល២០១៨, ២០១៩​ ខកខានមិនអាចរៀបចំដំណើរការទៅបាន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់